នគរបាលសេដ្ឋកិច្ចបង្រ្កាបការផលិតគ្រឿងសម្អាងប្រើសារធាតុគីមីខុសច្បាប់១១ប្រភេទស្មើ២.៧០០គីឡូក្រាម

0
9

ភ្នំពេញ: កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្ត្រីក្រសួងសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រា្កបករណីផលិត វេចខ្ចប់គ្រឿងសំអាងគ្មានច្បាប់មួយកន្លែង ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង២និង២០នាទីរសៀលថ្ងៃ សុក្រ ៨ រោច ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ ១៤B ផ្លូវលំ ក្រុមទី៨ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឋមានជ័យ រាជធានីភ្នំពេញ ដោយយោងតាមអនុសាសន៌ដឹកនាំដ៌ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ និងផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតរបស់មន្ត្រីជំនាញផង។

មន្រី្តនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រោយពីបានត្រួតពិនិត្យសមត្ថកិច្ចចម្រុះ បានឆែកឆេរជាក់ស្តែងរកឃើញ ផលិតផល និងសារធាតុគីមីបម្រើឲ្យការ ផលិតគ្រឿងសម្អាងចំនួនប្រមាណ ១១ប្រភេទ(សម្ភារ:សំបកវេចខ្ចប់ ម៉ាស៊ីនកាត់ និងអ៊ុតមាត់ថង់ ម៉ាស៊ីនកូឡេ) ពុំមានច្បាប់អនុញ្ញាត ប្រមាណ ២.៧០០គីឡូក្រាម ។
ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង
ខាំ សុផារី បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ន និង បិទក្លុំបេ នៅទីតាំងខាងលើ និងបានយកវត្ថុតាងមួយចំនួនទៅធ្វើការពិសោធន៌រកសារធាតុហាមឃាត់ និងបាននាំខ្លួនម្ចាស់ទីតាំងមកសាកសួរបំភ្លឺនៅនាយកដ្ឋាន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕  អូន  ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here