អគ្គិភ័យឆាបឆេះតូចលក់ដូរនៅក្នុងផ្សារឃ្លាំងរំសេវអស់ជាង៤០តូប

0
20

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះតូបលក់ដូរក្នុងផ្សារឃ្លាំងរំសេវ អស់ជាច្រើនតូប បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១៖២០ នាទីយប់ថ្ងៃខែកញ្ញា ឆ្នាំ ២០១៩នៅត្រង់ចំណុចមុខ មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

តាមសម្ដីសន្តិសុខបានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់ឃើញមានឆ្លងចរន្តអគ្គិសនីឆេះខ្សែភ្លើងខាងក្រៅតូប បង្កឲ្យមានអណ្ដាតភ្លើងឆាបឆេះឆ្លងដល់ក្នុងតូបយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចសមត្ថកិច្ច ចុះមកអន្តរាគមន៍ នឹងទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យចុះមកបាញ់ពន្លត់ជាបន្តបន្ទាប់ ។

ខណៈពេលនោះដែរ សមត្ថកិច្ចយើងបានព្យាយាមជួយអន្តរាគមន៍ការពារទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ ហើយអំឡុងពេលកើតហេតុគេសង្កេតឃើញមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដោយអភិបាលខណ្ឌទួលគោក និងកងកម្លាំងក្នុងមូលដ្ឋានខណ្ឌ ព្រមទាំងមន្ត្រីរាជការ ជាច្រើននាក់ទៀតបានចុះមកជួយអន្តរាគមន៍នៅក្នុងហេតុការណ៍នេះផងដែរ ។

អគ្គីភ័យនេះបានរលត់ទៅវិញនៅវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ។

ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៣៦គ្រឿង ។ បើតាមប្រភពព័ត៌មានបឋមអគ្គិភ័យនេះបានធ្វើឲ្យខូចខាតតូបប្រមាណ៤០តូប ក្នុងនោះ ២៥តូបឆេះទាំងស្រុង និង១៥តូបខូចខាតទ្រព្យសម្បត្តិ ហើយករណីអគ្គីភ័យនេះ គឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ៕ នូសុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here