កាប់ប្រពន្ធឲ្យរបួសហើយ ពេលសមត្ថកិច្ចចូលទៅធ្វើអន្តរាគមន៍កាប់ឲ្យរបួសម្នាក់ទៀត

0
15

ខេត្តត្បូងឃ្មុំ:  កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារធ្វើការ បង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាពកាប់ប្រពន្ធរបស់ខ្លួនឯង ហើយបានកាប់មកលើសមត្ថកិច្ចនគរបាលក្នុងខណ: ចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែង នៅចំណុចភូមិមុខភ្នំ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយឃាត់ខ្លួនបាន កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃ អាទិត្យ ៨កើត ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩  បន្ទាប់ពីកើតហេតុជាងមួយម៉ោង។

មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុក ក្រូចឆ្មារបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆយ ឈឿន ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ។ នៅម៉ោង៤រសៀលថ្ងៃកើតហេតុជនសង្ស័យផឹកស៊ីស្រវឹងបានប្រើអំពើហិង្សាកាប់ប្រពន្ធឲ្យរបួសធ្ងន់ ហើយពេលលោកអនុសេនីយ៍ទោ ឆេ ឡាង នាយរងប៉ុស្តិ៍ ទួលស្នួលទៅធ្វើអន្តរាគមន៍ ក៏ត្រូវជននេះកាប់នឹងកាំបិតផ្គាក់ ត្រូវចំក្បាលដាច់លលាដ៍ក្បាលត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម ។ បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានសហការគ្នាចាប់ជនដៃដល់ទាល់តែបាន និងរឹបអូសវត្ថុតាង មានកាំបិតផ្គាក់២ដើម និងកណ្តៀវ១ដើម​។

ករណីនេះមណ្រ្តីនគរបាលជំនាញបាន បញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមច្បាប់ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here