ជិះម៉ូតូឆ្វែលរកកាច់កម៉ូតូ ជួបសមត្ថកិច្ចកំពុងល្បាតក្របួចជាប់ពីរនាក់

0
10

ខេត្តសៀមរាប ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ចុះ​យាមល្បាត​តាម​ផ្លូវ​គ្រប់​ទីកន្លែង​នៅ​ម្តុំ​ផ្សារ​ចាស់​ដើម្បី​រង់ចាំ​ចាប់​ក្រុម​ចោរ​ជា​មុខសញ្ញា​លួច​កាច់​សោ​.​ក​ម៉ូតូ​ ខណៈនោះ​កម្លាំង​ជំនាញ​ក្រឡេក​ឃើញ​ជនសង្ស័យ​ពីរនាក់កំពុង​ជិះ​ម៉ូតូ​ឆ្វែល​បម្រុង​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​នៅ​ម្តុំ​រង្វង់​មូល​វត្ត​ដំណាក់​ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ ។

ហេតុ​ការ​ណ៍​នេះបាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​​ជាង​២​រំលង​អធ្រាត្រ​ឈានចូលថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ខាងត្បូង​រង្វង់​មូល​វត្ត​ដំណាក់ ក្នុងភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ។

ជនសង្ស័យ​ទាំង​២​នាក់​នេះ​មាន​ទី​១-​ឈ្មោះ អុល រ៉ាត់ ហៅ​ក្រៅ អា​ញ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិត មានស្រុក​កំណើត​ភូមិ​បឹង​ដូន​ប៉ា ឃុំ​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប បច្ចុប្បន្ន មាន​ទីលំនៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប និង​ទី​២-​ឈ្មោះ ហាច ហ៊ូ​ន ហៅ ហ៊ូ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​ភូមិ​រោង​គោ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ។

​លោក​វរសេនីយ៍ឯក ហង្ស សូ​ផាត​ភី​រម្យ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​ ថា​ជនសង្ស័យ​ដែល​ទើប​ចេញពី​គុក​ទាំង​២​នាក់​នោះ​ធ្លាប់​បាន​លួច​កាច់​សោ.​ក​ម៉ូតូ​ជា​ច្រើន​លើក​ក្នុង​ក្រុង​សៀមរាប ។ លុះមកដល់ថ្ងៃ​ប្រតិបត្តិការ​ធ្វើការ​ឆែកឆេរ​នោះ​កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុ​តាង​ដូច​ជា ម៉ូតូ​០១ គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ចាម 1W-3621, កាំភ្លើងខ្លី​ម៉ាក K54 ១​ដើម បង់​ចំនួន​១​មាន​គ្រាប់​ចំនួន​៥​គ្រាប់ រួម​ជាមួយនឹង​សោសម្រាប់​កាច់​.​ក​ម៉ូតូ និង​ឧបករណ៍​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

លោក​បាន​បញ្ជាក់​ទៀត​ថា ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ អុល រ៉ាត់ បាន​សារភាព​ថា ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​ពី​បទ​លួច​«​ម៉ូ​ទ័​រ​បូមទឹក​»​ហើយ​ចេញពី​ពន្ធនាគារ​ក្នុង​ឆ្នាំ​២០១៥ ។ ក្រោយមក​ខ្លួន​បាន​ស្គាល់ឈ្មោះ វ៉ា ភេទ​ប្រុស អាយុ អាយុ​ប្រហែល​៤០​ឆ្នាំ ហើយ​ឈ្មោះ វ៉ា បានឱ្យ​ខ្លួន​ដើរ​លួច​ម៉ូតូ​កាច់​សោ.​ក​ម៉ូតូ​យក​ទៅ​លក់​ឱ្យឈ្មោះ វ៉ា ហើយ​ឈ្មោះ វ៉ា ថែម​ទាំង​បានឱ្យ​សម្ភារ​មួយ​ចំនួន​សម្រាប់​ធ្វើ​សកម្មភាព​លួច​កាច់​សោ.​ក​ម៉ូតូទៀត ហើយ​ម៉ូតូ​ដែល​យក​ទៅ​លក់​នោះ​មាន​តាម​ស៊េរី​ដូច​ជា ស៊េរី​ឆ្នាំ​២០១៦ តម្លៃ​៥០០$, ម៉ូតូ​ស៊េរី​ឆ្នាំ​២០១៧ តម្លៃ​៦០០$, ម៉ូតូ​ស៊េរី​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ តម្លៃ​៨០០$, ម៉ូតូ Zoomer-X តម្លៃ​៥០០$ កន្លង​មក​ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ.​ក​ម៉ូតូ​ក្នុង​ក្រុង​សៀមរាប​បាន​ចំនួន​ប្រហែល​ប្រាំមួយ​គ្រឿង​មក​ហើយ ។ ចំណែក​កាំភ្លើងខ្លី​ម៉ាក K54 ខាងលើ​ខ្លួន​ទិញ​ពី​ឈ្មោះ វ៉ា តម្លៃ​៥០០$ ។

ចំណែកឯ​ចម្លើយ​សារភាព​របស់​ឈ្មោះ ហាច ហួ​ន ហៅ​ឡា​ម បាន​សារភាព​ថា ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៩ ពី​បទ​លួច​«​កាច់​សោ ​.​ក​ម៉ូតូ​» ហើយ​ចេញពី​ពន្ធនាគារ នៅ​ខែសីហា ឆ្នាំ​២០១៩ ។ ខ្លួន និង​ឈ្មោះ អុល រ៉ាត់ កន្លង​មក​កាលពី​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​មុខ​វត្ត​កេស​រ៉ា​រាម ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប បាន​ធ្វើ​សកម្មភាព​កាច់​សោ.​ក​ម៉ូតូ​ចំនួន​១​គ្រឿង​ម៉ាក​ហុងដា​Zoomer-X ពណ៌​ក្រហម បិទ​ស្កុត​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ហើយ​យក​ទៅ​លក់​ឱ្យ​ឈ្មោ វ៉ា បាន​តម្លៃ​៥០០$ ។

នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ នៅ​ចំណុច​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ខ្លួន​នឹង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​កាច់​សោ ក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​សលាយ​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ។

ជាក់ស្តែង​នៅ​វេលា​ម៉ោង​ប្រហែល​ជាង​២​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៩ ខ្លួន និ ង​ឈ្មោះ អុល រ៉ាត់ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លា​ក​លេខ​កំពង់ចាម 1W-3621 បម្រុង​ធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ​បន្ត តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង​ទៅ ។

បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ចំណែក​បក្ខពួក​ដែល​នៅ​សេសសល់​មួយ​ចំនួន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ ដើម្បី​ចាប់ខ្លួនបន្ត ៕​ សម្បត្តិ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here