ផ្ទះពលរដ្ឋមួយខ្នង ត្រូវអគ្គីភ័យឆេះគ្មានសល់ នៅស្រុកខ្សាច់កណ្ដាល

0
13

កណ្ដាល ៖ ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង នៅស្រុកខ្សាច់កណ្ដាល ត្រូវអគ្គីភ័យឆាបឆេះ ខូចខាតគ្មានសល់ បង្កឲ្យមានការផ្អើលឆោឡោឡើង នៅវេលាម៉ោង៩ និង១៥នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុង ភូមិអញ្ជែងក្រោម ឃុំពុកឬស្សីស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ខឹម យ៊ីម ភេទស្រី អាយុ៧៣ឆ្នាំ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។ ចំណែកទ្រព្យសម្បត្តិបាត់បង់មានផ្ទះ១ខ្នងទំហំ ៦មx ៨ម ធ្វើអំពីឈើដំបូលប្រក់ក្បឿង ថ្មក្រោម ,ប្រាក់ដុល្លរចំនួន៥០០ដុល្លារសហរដ្ឋអាមេរិក និងប្រាក់រៀល១លាន រៀល រួមទាំងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ លោកយាយរងគ្រោះជាម្ចាស់ផ្ទះបានអុចធូបគោរពបូជាថ្ងៃសីល នៅក្នុងផ្ទះរបស់ខ្លួន រួចទៅចូលរួមក្នុងពិធីបុណ្យអ្នកជិតខាងក្នុងភូមិ ។

លុះមកដល់វេលាម៉ោងកើតហេតុក៏ស្រាប់តែផ្ទះលោកយាយរងគ្រោះ ត្រូវអគ្គីភ័យឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចស្រុក ចុះមកធ្វើការអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ស្មើនឹងទឹក៦ម៉ែត្រគូប ទើបភ្លើងរលត់ជាស្ថាពរ ។
តាមការឲ្យដឹងរបស់សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុ បណ្ដាលមកពីម្ចាស់ផ្ទះអុចធូបថ្ងៃសីល រួចដើរទៅបុណ្យនៅផ្ទះបងប្អូនក្នុងភូមិ ដោយគ្មានមនុស្សនៅផ្ទះនោះទេ ៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here