អ្នកបាត់ និងអ្នករើសបានចិញ្ចៀនពេជ្រមួយវង់ ជាប្រធានបទសម្រាប់អ្នកច្បាប់វិនិច្ឆ័យ?

0
19

ភ្នំពេញ÷មហាជនជាច្រើនជាពិសេសអ្នកនិយមលេងហ្វេសប៊ុកហាក់ដូចជាមានការចាប់អារម្មណ៍នឹងរឿងរ៉ាវនៃការបាត់ចិញ្ចៀនពេជ្រ១វង់ធ្វើឲ្យម្ចាស់ចិញ្ចៀននិងអ្នករើសបានប្រឈមមុខជាមួយគ្នាចំពោះមុខច្បាប់និងយកត្រូវរៀងៗខ្លួន។
អ្វីដែលគេមានការចាប់អារម្មណ៍និងការមានមតិជាទស្សន:រៀងៗខ្លួននោះ គឺការបញ្ចេញមតិរបស់មហាជនប្រៀបបាននឹងជាចៅក្រមកាត់ក្តីនឹងរឿងនេះដោយឲ្យភាគីនេះខុស ភាគីនេះត្រូវ និងបានធ្វើការសន្និដ្ឋាន វាយតម្លៃខុសៗគ្នា។
ពាក់ព័ន្ធបញ្ហានេះ យើងមិនអាចវាយតម្លៃឲ្យអ្នកណាខុស អ្នកណាត្រូវឡើយ។ផ្ទុយទៅវិញបញ្ហានេះត្រូវបាន
ក្រុមព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ឲ្យបានជ្រាបពាក់ព័ន្ធនឹងករណីជ្រុះបាត់ចិញ្ចៀនពេជ្រមួយវង់ និងត្រូវអ្នកជិតខាងរើសបានទាមទារប្រាក់ចំនួន៦០០ដុល្លារ ជាថ្នូរនឹងការប្រគល់ចិញ្ចៀនពេជ្រនោះមកម្ចាស់ដើមវិញ។

នៅលើបណ្តាញសង្គមនៅថ្ងៃនេះ មានការបញ្ចេញមតិផ្សេងៗ ចំពោះករណីជ្រុះបាត់ចិញ្ចៀនពេជ្រមួយវង់ ហើយត្រូវបានស្រ្តីម្នាក់រើសបាន បែរជាត្រូវម្ចាស់ប្តឹងទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ រហូតមានលិខិតកោះហៅស្រ្តីដែលរើសបាននោះចូលទៅបំភ្លឺទៀតផង ហើយត្រូវបានអ្នកលេងហ្វេសបុកខ្លះចាត់ទុកថាជារឿងអយុត្តិធម៌។

នាយដ្ឋានព្រហ្មទណ្ឌ បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ឈ្មោះ យឹម វុទ្ធី បានជ្រុះបាត់ចិញ្ចៀនពេជ្រមួយវង់ដែលមានតម្លៃ ២,៦៥៤ដុល្លារ ពេលដែលចតឡាននៅជិតផ្ទះ។ ដល់ពេលព្រឹកឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ឈ្មោះ យឹម វុទ្ធី បានរកចិញ្ចៀនដែលខ្លួនពាក់នៅនឹងដៃពុំឃើញ ហើយបានទៅរកនៅកន្លែងដែលខ្លួនចតឡាន នាពេលយប់នោះ តែពុំឃើញសោះ។

ក្រោយមកឈ្មោះ យឹម វុទ្ធី ក៏សុំពិនិត្យទិន្នន័យក្នង Camara សុវត្ថិភាពរបស់ម្ចាស់ផ្ទះអ្នកជិតខាង (រើសចិញ្ចៀនបាន) តែត្រូវម្ចាស់ផ្ទះបដិសេធដោយសំអាងថា Camera សុវត្ថិភាពខូច។

លោកបានបន្តទៅសុំម្ចាស់ Camera សុវត្ថិភាពអ្នកជិតខាងម្នាក់ទៀតដើម្បីពិនិត្យតាមដានរកអ្នកដែលរើសយកជញ្ជៀននោះ។ ជាលទ្ធផលក្នុង Camera សុវត្ថិភាពនោះបានថតជាប់សកម្មភាពរបស់ ឈ្មោះ ជើង សៀមឆេង (ជាម្ដាយរបស់ឈ្មោះ សេង កុសែន និងប្រពន្ធឈ្មោះ លី ស្រីអូន) រើសយកចិញ្ចៀន។

ឈ្មោះ យឹម វុទ្ធី បានទៅជួបឈ្មោះ ជើង សៀមឆេង សាកសួរអំពីចិញ្ចៀន តែត្រូវគាត់បានប្រាប់ថា គាត់ពិតជារើសបានចិញ្ចៀននោះប្រាកដមែន តែគាត់បានប្រគល់ឲ្យទៅកូនប្រុសរបស់គាត់ឈ្មោះ សេង កុសែន បាត់ទៅហើយ។ ក្រោយមកលោកបានជួបជាមួយប្រពន្ធ សេង កុសែន ឈ្មោះ លី ស្រីអូន សុំលេខទូរស័ព្ទទំនាក់ទំនងដើម្បីសុំចិញ្ចៀនវិញ តែគាត់ពុំព្រមឲ្យលេខទូរស័ព្ទប្ដីគាត់ឡើយ។

ឈ្មោះ យឹម វុទ្ធី បានព្យាយាមទទូចសុំលេខប្ដីគាត់ជាច្រើនលើករួចមក គាត់បានខលទៅប្ដីគាត់ ដើម្បីឲ្យប្ដីគាត់ខលត្រឡប់មកវិញ ពេលនោះឈ្មោះ សេង កុសែន បានប្រាប់ថា គាត់បានលក់ចិញ្ចៀន នោះឲ្យទៅមិត្តភក្ដិគាត់ក្នុងតម្លៃ៦០០ដុល្លារ ហើយបើចង់បានចិញ្ចៀននោះវិញ គឺតម្រូវឲ្យបង់លុយតាមរយៈធនាគា ABA ចំនួន៦០០ដុល្លារ ដើម្បីយកលុយទៅប្រគល់ឲ្យទៅមិត្តភ័ក្រខ្លួនវិញ ពេលនោះឈ្មោះ យឹម វុទ្ធី បានសួរគាត់ថា មិត្តភក្ដិគាត់នៅទីណា, ឈ្មោះអីក៏គាត់មិនប្រាប់ដែរ គឺគាត់មានចេតនានិយាយពង្វៀង។

លុះដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ឈ្មោះ យឹម វុទ្ធី បានសម្រេចដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការស្រាវជ្រាវ និងអនុវត្តនីតិវិធី។ បន្ទាប់ពីទទួលបានពាក្យបណ្ដឹង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានរៀបចំកសាងសំណុំរឿងនីតិវិធីតាមផ្លូវច្បាប់ និងបានស្នើសុំការអង្កេតបឋមពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សង្ឃឹមថា សាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមេត្តាទទួលជ្រាបជាព័ត៌មាន និងសូមមេត្តាកុំធ្វើការសន្និដ្ឋាន វាយតម្លៃ រឿងហេតុដោយពុំមូលដ្ឋាន ភស្តុតាង និងការស៊ើបបញ្ជាក់ឲ្យបានច្បាស់លាស់៕គ្រូធំ

LEAVE A REPLY

Please enter your comment!
Please enter your name here