ដូចមិនសមថាផ្ទុះអាវុធដោយចៃដន្យបណ្ដាលឲ្យស្លាប់សង្សារខ្លួនឯង?

0
14

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានបើករថយន្តដឹកសពនារីជាសង្សាររបស់ខ្លួន ចូលមកសារភាពប្រាប់សមត្ថកិច្ចកងរាជអាវុធហត្ថ ដោយអះអាងថាមានការផ្ទុះអាវុធមួយគ្រាប់ដោយចៃដន្យនៅក្នុងរថយន្ដដែលខ្លួនកំពុងបើកបរ បណ្តាលឲ្យត្រូវសង្សាររបស់ខ្លួនស្លាប់ភ្លាមៗក្នុងរថយន្ត។បន្ទាប់ពីមានហេតុការណ៍នេះផ្ទុះឡើងបុរសនេះដឹងថាខ្លួនមានកំហុសក៏បើករថយន្ដដឹកសពចូលមកសារភាពតែម្ដង ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅវេលាទៀបភ្លឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ មានបុរសម្នាក់ឈ្មោះ ទាក់ ឌី អាយុ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ មានមុខរបរលក់ដូរអចលនទ្រព្យ បានបើកបររថយន្តម៉ាក Lexus RX200T ពណ៌ក្រហមមួយគ្រឿង ដោយដឹកមនុស្ស២នាក់ ក្នុងនោះមានសពស្ត្រីម្នាក់ឈ្មោះ ធី លីហ្សា ភេទស្រី អាយុ១៨ឆ្នាំ ដែលជាសង្សារ របស់ខ្លួននិងម្នាក់ទៀតឈ្មោះ ណយ ប៉ូរ៉ា នៅភ្នំពេញរួមដំណើរ ជាមួយគ្នាបានចូលខ្លួនមកសារភាព នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឧដុង្គ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ទាក់ ឌី ជាជនបង្កបានសារភាពប្រាប់ថា មុនពេលកើតហេតុពួកគេធ្វើដំណើរចេញពីខេត្តសៀមរាប ពួកគេទាំង៣នាក់ បានមកដល់ខេត្តកំពង់ឆ្នាំង ក៏ជជែកគ្នាជាមួយសង្សារ គាប់ជួនពេលនោះឈ្មោះ ធី លីហ្សាជាសង្សារបានឈោងទាញកាំភ្លើងពីលើតាប្លូរថយន្ត ដោយឃើញបែបនេះរូបគេឈ្មោះ ទាក់ ឌី បានឈោងទាញដៃសង្សារកុំឲ្យលេង ស្រាប់តែពេលនោះរថយន្តបានរេចង្កូតទៅបុកនឹងខឿនផ្លូវ បណ្តាលឲ្យផ្ទុះកាំភ្លើងម៉ាក ZORAKI M9o-TD មួយគ្រាប់ចំគល់ដោះខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងរថយន្តតែម្ដង។
ក្រោយពីដឹងថា សង្សារខ្លួនបានស្លាប់ហើយនោះ ឈ្មោះ ទាក់ ឌី មិនបានបើករត់គេចខ្លួនទេ បានបើករថយន្តមកចូលក្នុងមូលដ្ឋានកងរាជអាវុធស្រុកឧដុង្គ ដើម្បីប្រាប់ពីដំណើររឿងដល់សមត្ថកិច្ច។ តែដោយសារតែករណីនេះ បានកើតហេតុនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ពេលនោះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រគល់ករណីខាងលើទៅឲ្យខាងសមត្ថកិច្ចខេត្តកំពង់ឆ្នាំងបន្តស្រាវជ្រាវតាមនិតិវិធី។
យ៉ាងណាក្នុងករណីនេះ សមត្ថកិច្ចនៅមន្ទិលសង្ស័យនៅឡើយ ហើយកំពុងធ្វើការស្រាវជ្រាវរកមូលហេតុឲ្យឃើញ ជាពិសេសការប្រើប្រាស់អាវុធខ្លីនេះតើមានច្បាប់ទម្លាប់ដែរឬទេ៕
សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here