អ្នករត់ម៉ូតូឌុបស្លាប់ ម៉ូយជិះខាងក្រោយរបួសធ្ងន់ ដោយសារប៉ះឡានដឹកដី

0
133

ភ្នំពេញ: បុរសរត់ម៉ូតូឌុបម្នាក់ ខណ:ជិះម៉ូតូឌុបដឹកម៉ូយ ក៏ត្រូវរថយន្តដឹកដីវ៉ាទាក់ដៃចង្កូតម៉ូតូបណ្តាលឲ្យដួលខ្ទាតមនុស្សចូលកង់ក្រោយរថយន្តកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯស្ត្រីរួមដំណើរជាមួយបានរងរបួសធ្ងន់ កាលពីវេលាម៉ោង ៣និង៥០នាទីរសៀល នៅចំណុចមុខផ្ទះគ្មានលេខ តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ តាផេង អាយុប្រហែលជាង ៥០ឆ្នាំ មានមុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិព្រែកល្វា ឃុំពញ្ញាឮ ស្រុកពញ្ញាឮ ខេត្តកណ្ដាល ចំណែកឯស្ត្រីដែលរងរបួសធ្ងន់នោះមានឈ្មោះ ស៊ូ ណាគ្រី ភេទស្រី អាយុ៥០ឆ្នាំ មានមុខរបរ នៅផ្ទះ រងរបួសបាក់ជើងខាងឆ្វេង និង ស្នាក់នៅក្រុម១០ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកដី មួយគ្រឿង ម៉ាក HINO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3A-5648 បានបើកបរស្របទិសគ្នាជាមួយម៉ូតូ មួយគ្រឿងម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1C-6295 បានបើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងមកត្បូង ខណ:ពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបានបើកវ៉ាខាងស្តាំដៃម៉ូតូ ពេលនោះ បានទាក់ដៃចង្កូតម៉ូតូ បណ្តាលឲ្យដួលខ្ទាតជនរងគ្រោះចូលក្រោមកង់រថយន្តខាងក្រោយ បណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯស្ត្រីដែលជិះខាងក្រោយបានរងរបួសបាក់ជើងឆ្វេង ហើយត្រូវបានប្រជាពលរដ្ឋដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។

ក្រោយពីកើតហេតុ រថយន្តបង្កបើករត់គេចបានប្រហែលជា មួយគីឡូដី ក៏ឈប់រថយន្តអែបចិញ្ចើមផ្លូវ ហើយបើកទ្វារចុះរត់គេចខ្លួនបាត់ ដោយបន្សល់ទុក្ខតែរថយន្តនៅទីនោះ ៕ក្រពុំ

 

LEAVE A REPLY

Please enter your comment!
Please enter your name here