ចេញពីក្លឹបស្រវឹងបើករថយន្តបុកម៉ូតូអូសជាង២០ម៉ែត្រ របួសធ្ងន់ម្នាក់

0
156

ភ្នំពេញ៖យុវជនម្នាក់បើករថយន្តចេញពីក្លឹបកំសាន្តទាំងស្ថានភាពស្រវឹង លុះដល់ចំនុចផ្លូវបំបែកមិនបន្ថមល្បឿន  ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង​អូសជាងម្ភៃម៉ែត្រធ្វើឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ បង្កឲ្យ  មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣.២០ នាទី ទាបភ្លឺថ្ងៃទី ១៩ខែមេសាឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ៥១កែង១០៦ ស្ថិតក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ ។

រថយន្តបង្កម៉ាក កាមរីបាឡែនពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-3310 បើកដោយយុវជនម្នាក់មិនស្គាល់អត្តសញ្ញាណ ចំណែកម៉ូតូដែលត្រូវរថយន្តបុកម៉ាក កូនទា ពណ៍ក្រហមអត់ស្លាកលេខ  ជិះដោយយុវជនម្នាក់អត់ស្គាល់អត្តសញ្ញាណ  ដូចគ្នារងរបួសធ្ងន់ត្រង់ក្បាល ព្រមទាំងមានហូរឈាមតាមត្រជៀកទៀតផង ។

តាមសំដីយុវជនបង្កបានអោយដឹងថា មុនពេលកើតហេតុរូបគេទើបតែចេញពីជប់លៀងក្នុងក្លឹបកំសាន្ត ទ្រូហ្វេស ដោយបើករថយន្តតែម្នាក់ឯងតាមបណ្តោយផ្លូវលេខ៥១ ក្នុងទឹសដៅពីជើងទៅត្បូង ក្នុងគោលបំណងទៅផ្ទះនៅម្តុំផ្សារ ស៉ីឡឹប ពេលមកដល់ចំនុចផ្លូវបំបែកលេខ១០៦ ក៏បុកម៉ូតូដែលធ្វើដំណើរតាមផ្លូវ១០៦កាត់ពីមុខរថយន្តក្នុងទឹសដៅពីលិចទៅកើត(បញ្ច្រាស់ទឹសដៅចរាចរណ៍) ពេញទំហឹងតែម្តងទៅ ។ បើតាមសាក្សីដែលឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កបើកយ៉ាងលឿនតាមបណ្តោយផ្លូវលេខ៥១ក្នុងទឹសដៅ ជើងត្បូង ពេល មកដល់ផ្លូវបំបែកលេខ៥១រថយន្តមិនបានបន្ថយល្បឿនទេ ក៏ជ្រុលទៅបុកម៉ូតូដែលជិះតាមផ្លូវ១០៦ ក្នុងទឹសដៅ កើតលិច បណ្តាលអោយអ្នកជិះម៉ូតូនោះផ្លោងទៅលើគំនរសំរាមរងរបួសបែកក្បាល ចំណែកម៉ូតូត្រូវរថយន្តបុកអូសជាង២០ម៉ែត្រ គៀបជាប់ ។ ភ្លាមៗនោះអ្នកបើករថយន្តបំរុងបើករត់ តែត្រូវប្រជាពលរដ្ឋនៅម្តុំនោះឃាត់ជាប់ប្រគល់ជូនសមត្ថកិច្ច ។

ក្រោយកើតហេតុជនរងគ្រោះត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែករថយន្តនិងម៉ូតូត្រូវបានកំលាំងជំនាញធ្វើការវាស់វែងយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានី ដើម្បីរងចាំភាគីទាំង២ចូលខ្លួនដោះស្រាយនៅពេលក្រោយ  ៕សារ៉េត

LEAVE A REPLY

Please enter your comment!
Please enter your name here