ពីព្រលប់ហូបបាយជុំគ្នាជាមួយគូដណ្តឹង ដល់ពាក្យកណ្តាលអធ្រាត្រខ្យល់គរស្លាប់

0
156

ភ្នំពេញ ៖ បុរសម្នាក់មានអាការៈខ្យល់គរហើយ ពេលដឹកយកទៅដល់មន្ទីរពេទ្យ ក៏បានស្លាប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០១៧ នៅចំណុច ផ្ទះជួលលេខ៥៨Eo តាមផ្លូវ១៦៧ ក្រុម៦៤ ស្ថិតនៅភូមិ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន បន្ទាប់ពីហូបបាយជុំជាមួយគូដណ្ដឹង បានជាងមួយម៉ោង ។

សពមានឈ្មោះ ហាន ដានី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួល កើតហេតុខាងលើ មានស្រុកកំណើត នៅភូមិត្រាចទី១ ឃុំត្រាចខាងកើត ស្រុក កំពង់ត្រាច ខេត្តកំពត ​។

តាមសម្តីឈ្មោះ លឹម ម៉ាឡា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកបេឡាជាតិ សន្តិសុខសង្គម​ ហៅកាត់ថា ប.ស.ស ស្នាក់នៅភូមិកោះសោម ឃុំដង្កោ​ ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវជាគូដណ្តឹង របស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ច​ថា គាត់និងគូដណ្តឹង​(ជនរងគ្រោះ) បានស្គាល់គ្នាជាង៣ឆ្នាំមកហើយ និង​បានភ្ជាប់ពាក្យរួចរាល់ហើយ រង់ចាំតែថ្ងៃរៀបការនៅ នៅឆ្នាំក្រោយប៉ុណ្ណោះ ។ ជារៀងរាល់ថ្ងៃគាត់ស្នាក់នៅផ្ទះជួល ជាមួយនិងបុរស ដែលត្រូវជាគូដណ្ដឹង រួមជាមួយមិត្តភក្កិប្រុសស្រី សរុបទាំងអស់៥នាក់ ។  នៅ​យប់មុនកើតហេតុនាវេលាម៉ោង៨​យប់ ពួកគាត់បានហូបបាយជុំគ្នាទាំង៥នាក់ មានស្រី៣នាក់ ប្រុស២នាក់ តែមិនបានផឹកគ្រឿងស្រវឹងទេ ។

ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយពីហូបបាយជុំគ្នារួច រូបនាង​និងមិត្តភក្តិស្រី ដេកនៅជាន់ឡៅតឿ ចំណែកគូដណ្ដឹង និង​មិត្តភក្តិប្រុស ដេកនៅជាន់ខាងក្រោម ​លុះប្រមាណជា១ម៉ោងក្រោយមក ក៏ឮសំឡេងរើ​បំរាស់ខ្លាំងហើយពេលឮសំឡេងមិនស្រួល គាត់រត់ចុះទៅមើលឃើញគូដណ្តឹងកំពុងដង្ហក់ក៏បានហៅគាត់ច្រើនដង តែមិនព្រមឆ្លើយតប ទើបភ្លាមៗនោះរូបគាត់និងមិត្តភក្កិ ដែលនៅជួលផ្ទះជាមួយគ្នា នាំគ្នាលើកដាក់ម៉ូតូ ដឹកយកទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។ ពេលទៅដល់មន្ទីរពេទ្យ បានប្រមាណជាមួយម៉ោងគឺក្នុងអំឡុង ម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា គ្រូពេទ្យបានប្រាប់ថាគូដណ្តឹងគាត់ស្លាប់ហើយ ។
បន្ទាប់ពីដឹងថា គូដណ្តឹងស្លាប់ហើយ នាងបានទូរស័ព្ទទៅម្តាយរបស់គូដណ្តឹង ខណៈពេលម្តាយ មកមើលឃើញកូនស្លាប់ ទាំងមិនអស់ចិត្ត ក៏បានសូមឲ្យសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច័យ ព្រោះកូនរបស់គាត់ ស្លាប់ទាំងមិនមាន ជម្ងឺអ្វីបន្តិចសោះ ​។

បើតាមការពិនិត្យនិងធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថា បុរសរងគ្រោះ ស្លាប់ដោយសារខ្យល់គពុំមែនជាអំពើឃាតកម្មនោះទេ  ​។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់សពឲ្យម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតខេត្តកែប  ៕អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here