មេ​នរគ​បាល​៤​រូបនៅ​ខេត្ត​កណ្ដាល​ប្រឈម​បណ្ដឹង​នៅ​តុលាការ​ និង​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ពី​បទ​បង្ខាំង​មនុស្ស​ដើម្បីជំរិតទារប្រាក់

0
176

 

 

 

 

ខេត្ត​កណ្តាល​៖​ អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ និង​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បាន​ទទួល​បណ្ដឹង​រួចហើយ​ ដែល​យុវជន​ម្នាក់​ប្តឹង​មេ​ប៉ូលិស​ខេត្ត​កណ្ដាល​៤រូប​ ឋានៈ​ចាប់​ពី​នាយ​ផ្នែក​រហូត​ដល់​ស្នង​ការ​រង​ទទួល​ផែន​ចរាចរណ៍​ ករណី​បង្ខាំង​មនុស្ស​ដើម្បី​ជំរិត​ទារ​ប្រាក់​ ព្រម​ទាំង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ ។​ ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​ ស្ថាប័ន​ទាំង​ពីរ​ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅ​ឡើយទេ​ ។​

យុវជន​ឈ្មោះ​ ហ៊ីម​ ប៊ុនហៃ អាយុ១៨ឆ្នាំ មានទីលំនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល​ កាលពី​ថ្ងៃទី​២២​ ខែ​មីនា​ ឆ្នាំ​២០១៧​ បាន​ដាក់​បណ្តឹង​ចូល​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ មាន​កម្មវត្ថុ​ប្តឹង​លោក​ វ៉ែន​ សុវិន​ ស្នងការរងនគរបាលខេត្តកណ្តាល​ទទួល​ផែន​ចរាចរណ៍​ លោក​ ម៉ែន​ ចាន់​រិទ្ធិ​ អធិការ​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ លោក​ យន់​ គង់​ អធិការ​រង​ស្រុក​កណ្ដាល​ស្ទឹង​ និង​ លោក​ គី រីន នាយផ្នែកដោះស្រាយគ្រោះថ្នាក់ចរាចរណ៍នគរបាលស្រុក​កណ្ដាល​ស្ទឹង​។រំលង​បាន​ប៉ុន្មាន​ថ្ងៃ​ជនរងគ្រោះ​ បាន​ដាក់​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មួយ​ទៀត​ ចំពោះ​ករណី​ដដែល​នេះ​ តែ​ប្តឹង​មនុស្ស​តែ​៣នាក់​ប៉ុណ្ណោះ​ ពោល​គឺ​ គ្មាន​ឈ្មោះ​ លោក​ វ៉ែន​ សុវិន​ ឡើយ​ ។

​ពាក់ព័ន្ធ​ករណី​នេះ​ លោក​ ទិន​ សុចិត្រា​ អ្នកនាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ បញ្ជាក់​នៅ​ថ្ងៃ​ទី​៣១​ខែ​ឧសភា​ ថា​ បណ្តឹង​នេះ​កំពុង​ស្ថិត​ក្រោម​ចំណាត់​ការ​របស់​លោក​ សេង​ រិទ្ធី​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ។​

លោក​ សុចិត្រា​ បដិសេធ​ចំពោះ​សំណួរ​សួរ​ថា​ តើ​តុលាការ​បាន​កោះ​ហៅ​​អ្នកណា​ខ្លះ​មក​បំភ្លឺ​រួច​ឬនៅ​ ដោយ​លោក​ថា​ នេះ​ជា​ការ​សម្ងាត់​នៃ​ការ​ស៊ើបអង្កេត​របស់​ស្ថាប័ន​អយ្យការ​ ។

ដោយ​ឡែក​ លោក​ វ៉ែន​ សុវិន​ ស្នងការ​រង​នគរបាល​ខេត្ត​កណ្ដាល​ទទួល​ផែន​ចរាចរណ៍​ អះអាងថា​ បញ្ហា​នេះ​ គឺ​ ពុំ​មាន​ការ​ឃាត់​ខ្លួនឬ​ជំរិត​ទារ​ប្រាក់​​ដូច​ការ​លើកឡើង​ទេ​ ។​ លោក​ សង្ឃឹម​ថា​ ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ជួយ​រក​យុត្តិធម៌​ជូន​លោក​ ។​

ក្នុងពាក្យបណ្តឹងចុះថ្ងៃទី២២ ខែមីនា ឆ្នាំ​២០១៧​ ឈ្មោះហ៊ឹម ប៊ុនហៃ បានជម្រាបជូនលោក​ លាវ​ ស្រេង​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល​ ថា កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ​២០១៧​ ខ្លួនបានបើករថយន្តមកដល់ចំណុចវិហារបិតមាស ស្រុកកណ្តាលស្ទឹង ក៏ជួបគ្រោះថ្នាក់ចរាចរបណ្តាល​ឲ្យ​ម៉ូតូមួយគ្រឿងមានការខូចខាត​បន្តិចបន្តួច​និងអ្នកបើកបរម៉ូតូរងរបួសដៃបន្តិចបន្តួចដែរ។

ក្រោយហេតុការណ៍នេះ អ្នករបួសបានទៅ​សម្រាក​នៅមន្ទីរជ័យជំនះ ក្រុង​តាខ្មៅ​។ បន្ទាប់មកឳពុករបស់ខ្លួនបានទៅមើលអ្នករងគ្រោះ និងចេញថ្លៃព្យាបាលអស់២៣ម៉ឺនរៀល រួចអ្នករងគ្រោះបានត្រឡប់មកផ្ទះវិញនៅរសៀលថ្ងៃដដែល ព្រោះរបួសមានសភាពស្រាលតែប៉ុណ្ណោះ។

យុវជន​រូប​នេះ​ បន្ត​ថា​ នៅពេលដែលជនរងគ្រោះមកដល់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីដោះស្រាយ ជាមួយខ្លួននោះ ស្រាប់តែលោកគី រីន នាយផ្នែកចរាចរណ៍បានដេញជនរងគ្រោះចេញ ហើយចេញមុខ មកចចារជំនួស ដោយទាមទារប្រាក់ចំនួន២០០០ដុល្លារ ព្រមទាំងគំរាមថា បើមិនព្រមសងទេ ត្រូវបញ្ជូនទៅថ្នាក់លើ និង ជាប់គុកហើយ។ ដោយសារតែខ្លួនមិនព្រមនោះ ទើបលោកគី រីន បានឃាត់ខ្លួន អស់មួយយប់នៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដោយសំអាងថាជាបញ្ជារបស់មេៗ គឺ លោកស្នងការរង លោកអធិការ និងអធិការរងហើយនឹងបញ្ជូនទៅតុលាការនៅថ្ងៃស្អែក។

ក្រោយមកជនរងគ្រោះបានមកចចារផ្ទាល់ យកត្រឹមតែ១លានរៀលប៉ុណ្ណោះ។ ដូច្នេះឪពុករបស់ខ្លួនក៏យល់ព្រម ហើយក៏សុំយកកូនទៅផ្ទះវិញ។ ប៉ុន្តែលោកគី រីន ប្រាប់ថា មេៗមិនអនុញ្ញាតិឱ្យចេញទេ បើចង់ចេញត្រូវបង់ប្រាក់ថ្លៃដោះស្រាយចំនួន១៥០ដុល្លារ ។ ដោយខ្លាចប៉ូលិសឃាត់ខ្លួនទុក មួយយប់ទៀតនោះ ឪពុកខ្លួនក៏ព្រមបង់ប្រាក់តាមការទាមទារនេះ។

ក្នុងពាក្យបណ្តឹងបានចាត់ទុកថា អំពើរបស់លោកគី រីន និងមេៗទាំងអស់នោះ គឺជាអំពើចាប់ឃុំ ឃាំងនិងបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទារប្រាក់តែប៉ុណ្ណោះ។ ដូច្នេះសូមអោយតុលាការផ្តន្ទាទោសមាននគរបាលទាំង៤នាក់នេះតាមច្បាប់៕​សិរសា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here