ចោរឆក់អស់លក្ខណ៍ ឆក់កាបូបបានបើកម៉ូតូបុករថយន្តគេប្រជាពលរដ្ឋចាប់បានវាយទ្រមខ្លួន

0
159

ភ្នំពេញៈ ប្រជាពលរដ្ឋបាននាំគ្នាចាប់ជនសង្ស័យ២នាក់វាយទាត់ធាក់សល់តែដង្ហើមចង្រឹត បន្ទាប់ពីជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីនារីម្នាក់ ដែលកំពុង​ដើរតាមផ្លូវបានសម្រេច ក៏ជិះគេចខ្លួនបានបន្តិចដោយភ័យក៏ជិះបុករថយន្តគេនិង​បុកធុងទឹកអំពៅ​បណ្ដាលឲ្យដួលម៉ូតូ កាលពីរសៀលថ្ងៃ២១ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ២៤២ផ្លូវ១៣៨ ភូមិ១១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលឃាត់បាននេះមានឈ្មោះ វាន់ ឡូត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅម្ដុំអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងគ្នាវាម្នាក់ទៀតឈ្មោះ រ៉ង ភត្រា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្ដុំសូឡា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកនារីរងគ្រោះមានឈ្មោះ ទិត្យ នីតា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលក្រោយពេទ្យលោកសង្ឃ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ នារីរូបស្រស់២នាក់ បានជូនប្អូនប្រុសរបស់ខ្លួនម្នាក់ ដើម្បីស្វែងរកការងារធ្វើ ខណៈអ្នកទាំង៣កំពុងបណ្តើរគ្នា តាមបណ្តោយផ្លូវលេខ១៣៨ ក្នុងទិសដៅពីលិចទៅកើតហើយមកដល់ចំណុចកើតហេតុស្រាប់តែ មានជនសង្ស័យ២នាក់ ខាងលើជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ 1GE-0001 ធ្វើសកម្មភាពឆក់យកកាបូបលុយពីដៃជនរងគ្រោះ បានសម្រេចរួចក៏ជិះរត់គេចខ្លួន។ ពេលនោះជនរងគ្រោះបានស្រែកឆោឡោ ឲ្យប្រជាពលរដ្ឋនាំគ្នាជួយស្ទាក់ ទើបសមត្ថកិច្ច និងប្រជាពលរដ្ឋនាំគ្នាដេញតាម រហូតជនសង្ស័យភ័យជ្រុលចង្កូតទៅបុករថយន្ត និងធុងលក់ទឹកអំពៅដួលម៉ូតូ ត្រូវបានប្រជាពលរដ្ឋក្របួចបានភ្លាមៗតែម្តង៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here