ឆក់កាបូបមិនសម្រេច ប្រជាពលរដ្ឋចាប់បានវាយទ្រមខ្លួន

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៥-៦នាក់ ត្រូវប្រជាពលរដ្ឋចាប់បានព្រួតគ្នាវាយបែកឈាមហូរ​ស្រោចពេញ​ខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពឆក់កាបូបពីនារី​ម្នាក់តែ​មិនបានសម្រេច។

ហេតុការណ៍នេះកើតឡើង  កាលពីវវេលាម៉ោង​១០និង២០នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅលើដងផ្លូមុខផ្ទះ លេខ៣០ ផ្លូវលេខ២៨៩ ក្រុមទី៤១ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡន ឡាំហេង  ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកនារី​រងគ្រោះសុំមិនបញ្ចេញឈ្មោះអាយុជាង២០ឆ្នាំ ជិះម៉ូតូម៉ាក Honda Scoopy ពណ៌ស ស្ពាយកាបូបជាប់នឹងស្មា។

នារីរងគ្រោះបានបា្រប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ នាង​ជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌សឌុបគ្នា( ប្រុស១ ស្រី២)ធ្វើដំណើរ តាមបណ្តោយ ផ្លូវលេខ២៨៩ ពីត្បូងមកជើង។ លុះជិះ មកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមានគ្នាប្រហែល៥ទៅ៦នាក់ ជិះម៉ូតូធុនទំនើបចំនួន៤គ្រឿងតាមមកពីក្រោយនាងក្នុងទិសដៅស្របគ្នា ហើយបានឆក់កាបូប ដែលនាង​កំពុងស្ពាយ តែពុំបានសម្រេច បណ្តាលឲ្យទាក់ដៃម៉ូតូដួលទាំងអស់គ្នាក្នុងនោះនាងរងរបួសធ្ងន់គួរសម។ ពេលនោះពួកនាងបានស្រែកថាចោរៗ ទើបប្រជាពលរដ្ឋ និងអ្នកដំណើរតាមផ្លូវចេញមកចាប់ជនសង្ស័យបានរួចនាំគ្នាវាយម្នាក់មួយដៃមួយជើងបណ្តាលឲ្យ​របួសឈាមស្រោចពេញខ្លួន។ ចំណែកបក្ខពួកជនសង្ស័យផ្សេងទៀតបានជិះម៉ូតូ​គេចខ្លួនបាត់អស់ភ្លាមមួយរំពេច។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមជនរងគ្រោះបានជិះម៉ូតូទៅរុំរបួសបាត់ ហើយក៏ពុំបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងកក់ទី១ទេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានដកហូតម៉ូតូពីជនសង្ស័យមួយគ្រឿងម៉ាក Suzuki Nex ពណ៌ក្រហម-ស គ្មានស្លាកលេខ ជាម៉ូតូ ដែលគេជិះធ្វើសកម្មភាព។

បច្ចុប្បន្នជសង្ស័យកំពុងឃុំបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *