រថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតតិចស្រ៊ុន បុកចូលផ្ទះប្រជាពលរដ្ឋនៅផ្សារគគីរ

0
168

កណ្តាលៈរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតិចស្រ៊ុន បានបើកបុកចូលផ្ទះប្រជាពលរដ្ឋនៅផ្សារគគីរ កណ្តាលៈ សម្ភារៈជាច្រើនដែលម្ចាស់ផ្ទះដាក់លក់នៅលើចិញ្ចើមផ្លូវបានរងនូវការខូចខាត ដោយសាររថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតិចស្រ៊ុន បើកបុកចូលកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅមុខផ្សាគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ផ្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ប៊ួយ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរលក់ដូរ និងម្ចាស់ផ្ទះមួយទៀតមានឈ្មោះ ម៉ៅ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់នេះដែរបណ្តាលអោយអ្នកដំណើរ២នាក់រងរបួសស្រាល ដោយឡែកសម្ភារៈដែលដាក់លក់នៅមុខផ្ទះរងនូវការខូចខាតច្រើនមុខរួមមានទូរស័ព្ទដៃជាច្រើនគ្រឿង ទូរទស្សន៍ កៅអី តុ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ក្នុងនោះជញ្ជាំងផ្ទះនៅខាងមុខក៍រងនូវការខូចខាតមួយផ្នែកផងដែរ ។ លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានអោយដឹងថា មុនពេលគ្រោះថ្នាក់រថយន្តបង្កជាប្រភេទរថយន្តដឹកកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតិចស្រ៊ុន ម៉ាក នីសាន៉ ពាក់ស្លាកលេខ ភ្នំពេញ3A-1684 បើកបរដោយឈ្មោះខែន កាន់ធា ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើត នៅស្រុកបន្ទាយមាស ខេត្តកំពត សព្វថ្ងៃបើកបររថយន្តនៅក្នុងក្រុមហ៊ុនផែស្ងួតតិចស្រ៊ុន បានធ្វើដំណើរពីភ្នំពេញទៅអ្នកលឿង មកដល់តំបន់ទីប្រជុំជនផ្សាគគីររថយន្តបង្កមានបំណងបើកប្រជែងរ៉ឺម៉កម៉ូតូនៅពីមុខ ស្របពេលនោះមានរថយន្តកុងតឺន័រ១គ្រឿងមកពីមុខ ។ ពេលជួបឧបសគ្គរថយន្តបង្កបានជាន់ហ្វ្រាំងបង្ខំបណ្តាលអោយរ៉ឺម៉កខាងក្រោយដែលផ្ទុកកុងតឺន័ររុញកាច់ក្បាលរថយន្តបុកចូលទៅក្នុងផ្ទះលក់ដូរតែម្តង ។ លោកនាយផ្នែកបានបន្តថា ក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវប្រជាពលរដ្ឋចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចចំពោះសម្ភារៈខូចខាតរួមមានជញ្ជាំងផ្ទះខាងមុខ ទូរស័ព្ទដៃជាច្រើនគ្រឿង តុ កៅអី ទូរទស្សន័ និងសម្ភារៈមួយចំនួនទៀត បើតាមការប៉ាន់ស្មានទំហ៊ំនៃការខូចខាត រួមទាំងចេញសំណងដល់អ្នករងគ្រោះ គិតជាទឹកប្រាក់ប្រហែលជាង៣ម៉ឺនដុល្លារ ។ ករណីនេះកើតឡើងដោយការបើកបរខ្វះការប្រុងប្រយ័ត្នពេលបើកមកដល់តំបន់ទីប្រជុំជន ។ ពាក់ព័ន្ធករណីនេះដែលោកវរៈសេនីយ៍ឯកប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយបានអោយថា ទោះបីជាភាគីខាងរថយន្តកុងតឺន័រមានក្រុមហ៊ុនធានារ៉ាប់រងមកដោះស្រាយសំណងអោយភាគីខាងរងគ្រោះក៍ដោយគ្រាន់តែជាសំណងរដ្បវេណីប៉ុណ្ណោះ ចំពោះនីតិវិធីតាមផ្លូវច្បាប់នៅតែធ្វើដដែលពោលគឺកសាងសំណុំរឿងនិងចាប់បញ្ជូនអ្នកបើកបរទៅតុលាការដើម្បីជាការព្រមានដល់អ្នកបើកបរផ្សេងៗទៀតអោយគោរពច្បាប់ចរាចរ ត្រូវបើកបរដោយប្រុងប្រយ័ត្នពេលបើកមកដល់តំបន់ទីប្រជុំជន ។ នៅតំបន់ផ្សាគគីរនេះប្រឈមនិងហានិភ័យខ្ពស់ណាស់ពីបញ្ហាគ្រោះថ្នាក់ចរាចរ តែបងប្អូនមួយចំនួនគាត់មិនបានគិតដល់នោះទេគឺនាំគ្នាដាក់តាំងលក់ទំនិញសព្វសារពើនៅលើផ្លូវសាធារណៈទៅវិញ ។ កន្លងមកសមត្ថកិច្ចបានចុះណែនាំនិងរៀបចំសណ្តាប់ធ្នាប់ច្រើនលើកច្រើនសារហើយដើម្បីការពារអាយុជីវិតរបស់គាត់ ផ្ទុយទៅវិញអ្នកលក់ដូរទាំងនោះមិនយល់ពីចំណាត់ការនេះឡើយ បែរជាខឹងសម្បារមកលើកម្លាំងមានសមត្ថកិច្ចរហូតដល់ប្រើពាក្យសំដីមិនសមរម្យទៀតផង ។ ជាមួយគ្នានេះសូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការដាក់តាំងលក់ទំនិញផ្សេងៗនៅលើចិញ្ចើមផ្លូវជាតិ តទៅទៀតដើម្បីធានាបាននូវសណ្តាប់ធ្នាប់សាធរណៈនិងជៀសផុតពីគ្រោះថ្នាក់ចរាចរដែលអាចកើតឡើងជាយថាហេតុ ៕សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here