បញ្ចូន​ជនដៃ​ដល់​ពាក់​ព័ន្ធ​ករណី​សម្លាប់​នារីម្នាក់​យក​ទៅចោល​លើ​គំនរ​សំរាម​ ទៅតុលាការ​

0
216

img_6199img_6198

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបញ្ជូនជនដៃដល់ ពាក់ព័ន្ធទៅនិងករណីសម្លាប់នារីម្នាក់ហើយយកទៅផ្លុងចោលក្នុងគំនរសំរាម ស្ថិតក្នុងខណ្ឌសែនសុខ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់។
សូមជម្រាបថា បច្ចុប្បន្នសំណុំរឿងនេះកំពុងស្ថិតក្នុងដៃលោកកែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
បុរសជាជនដៃដល់មានឈ្មោះ យ៉េន សុបញ្ញា អាយុ20ឆ្នាំ មុខរបរ មិនពិតប្រាកដ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាវុធហត្ថខេត្តកណ្តាល ធ្វើការស្រាវជ្រាវតាមដានជាបន្តបន្ទាប់ពីកន្លែងមួយទៅកន្លែងមួយ រហូតដល់ស្រុកកោះធំខេត្តកណ្តាល ទើបចាប់ជនដៃដល់រូបនេះមាន។ រីឯនារីរងគ្រោះមានឈ្មោះ កែវ កញ្ញា ភេទស្រី អាយុ19ឆ្នាំមុខរបរបុគ្គលិកក្លិប55 ស្នាក់នៅក្នុងភូមិតានូ សង្កាត់ចាក់អង្រែរក្រោម ខណ្ឌមានជយ័។

តាមចម្លើយសារភាពរបស់ឈ្មោះយ៉េន សុបញ្ញា បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៥-១១-២០១៦ខ្លួនបានខ្ចីសោរផ្ទះមិត្តភក្តិម្នាក់ដែលចាំផ្ទះឲ្យបងប្អូនក្នុងបូរីប៉េងហួត ដោយប្រាប់ថានាំស្រីមកដេក។ បន្ទាប់មកជនដៃដល់បានតេទៅនារីរងគ្រោះ ឲ្យរកលុយលោះទូរស័ព្ទ អាយហ្វូនខ្លួនយកទៅប្រើ ដោយខ្លួនបានដាក់បញ្ចាំ៣០ដុល្លារតែមិនមានលុយលោះយកវិញ។ នៅវេលាម៉ោងប្រហែល៤.០០នាទីល្ងាច ជនរងគ្រោះចេញពីកន្លែងធ្វើការ ក៏បានទៅជួបជនដៃដល់នៅម្តុំផ្សារឃ្លាំងរំសេវ ហើយជនដៃដល់បានប្រាប់ថា អ្នកទទួលបញ្ចាំឲ្យទៅយកទូរស័ព្ទនៅផ្ទះឯបុរីប៉េងហួតផ្លូវឧកញ៉ាម៉ុងឬទ្ធី ជនរងគ្រោះក៏បានជូនឃាតករទៅទីនោះ ពេលទៅដល់ពួកគេបានចូលក្នុងផ្ទះ ហើយឃាតករក៏បានយកខ្សែរភ្លើងរឹតករជនរងគ្រោះសម្លាប់និងយកខ្សែពួរចងដៃចងជើងបត់ទៅក្រោយ រួចយកភួយមករុំនិងចងខ្សែរពីក្រៅមួយជាន់ទៀត បន្ទាប់មកច្រកចូលក្នុងថង់ធំ រួចលើដាក់លើតួម៉ូតូខាងមុខរបស់ជនរងគ្រោះដឹកយកទៅទម្លាក់ចោលនៅលើគំនរសំរាមនៅម៉ោងជិត៦ល្ងាច បន្ទាប់មកយកម៉ូតូជនរងគ្រោះទៅបញ្ចាំ ដើរលេងជក់ថ្នាំជាមួយមិត្តភក្តិពេញមួយយប់មួយថ្ងៃ ទើបទៅសម្រាក់នៅផ្ទះជីដូនឋិតនៅផ្លូវវេងស្រេងមួយយប់ លុះព្រឹកឡើងថ្ងៃទី១៧-១១-២០១៦ឃាតករនៅមិនសុខ ខ្លាចសមត្ថកិច្ចចាប់បានក៏គេចខ្លួនទៅផ្ទះជីដូនខាងឳពុកចុងម្នាក់ទៀត នៅស្រុកកោះធំ ខេត្តកណ្តាល តែត្រូវអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវតាមទៅចាប់បាននៅទីនោះតែម្តងដោយសហការណ៍ជាមួយអាវុធហត្ថខេត្តកណ្តាល។ ឃាតករបានឆ្លើយដោយក្លាហានបន្ថែមថា ដោយសារកន្លងមកខ្លួនជំពាក់លុយគេ២០០ដុល្លារផង ហើយបានប្រើប្រាស់គ្រឿងញៀនជាប់ជាប្រចាំផង ទើបធ្វើឲ្យខ្លួនគិតអីមិនចេញ ក៏ដាច់ចិត្តសម្លាប់ជនរងគ្រោះដើម្បីប្លន់យកទ្រព្យសម្បត្តិយ៉ាងដូច្នេះតែម្តងទៅ៕ដោយ៖ សុខា

 

LEAVE A REPLY

Please enter your comment!
Please enter your name here