ជនសង្ស័យ​ម្នាក់​ជាប់ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ​ត្រូវ​កម្លាំង​នគរ​បាល​​បញ្ជូន​តាម​ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រម​សាលាដំបូងខេត្ត

0
218

 

 

 
ខេត្ត​តាកែវ ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កសាងសំណុំរឿងបញ្ជូនជនសង្ស័យ០១នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារនៅស្រុកគីរីវង់។

លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់បានឱ្យដឹងថា​ កាល​ពី​យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង២២នឹង០៥នាទី មានប្រជាពលរដ្ឋឈ្មោះ ម៉េង រំដួល ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិពោធិ៍​ឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ សុំអន្តរាគមន៍ដោយឈ្មោះ តែម សុភា ភេទប្រុស អាយុ២៩ឆ្នាំ (ត្រូវជាប្តី) បានប្រើហិង្សាក្នុងគ្រួសារ និងបានវាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិនៅក្នុងផ្ទះ។

លោកអធិការបន្តទៀតថា បន្ទាប់ពីបានទទួលព័ត៌មានភ្លាមៗ​លោកបានបញ្ជាឱ្យលោកនាយរងប៉ុស្តិ៍ ដឹកនាំកម្លាំងចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាម ខណៈ​ដែល​ទៅដល់ក៏បានជួបឈ្មោះ តែម គា ត្រូវជាឳពុកបង្កើតរបស់ជនសង្ស័យ បានសំណូមពរអោយ​កម្លាំង​នគរ​បាល​ជួយចាប់ជនសង្ស័យដាក់គុក ប៉ុន្តែ​ឈ្មោះ តែម សុភា ក៏បានជេរប្រមាថមកលើ​កង​កម្លាំង​ និងបានយកដុំថ្ម និងទាញដែកបំពង់ទីបដេញវាយកម្លាំង​នគរ​បាល​ថែម​ទៀត​ ហើយព្យាយាមរត់គេចខ្លួន​ តែ​កម្លាំង​យើងតាមស្រាវជ្រាវចាប់ខ្លួនបាន​មក​វិញ​។

លោកអធិការបានបញ្ជាក់ទៀតថា​ មុខសញ្ញាឈ្មោះ តែម សុភា នេះជាមុខសញ្ញាញៀនថ្នាំ និងមានដីកាបង្គាប់អោយចាប់ខ្លួន លេខ១០៨របស់ សាលាដំបូងខេត្តតាកែវ ពាក់ព័ន្ធករណីហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស) ដែលប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់រួច​ទៅ​ហើយ​។

បច្ចុប្បន្ន​នេះ​ជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​នគរ​បាល​ស្រុក​គីរីង់​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here