សង្ស័យចាញ់សម្បថថាឈប់ឈ្លោះជាមួយប្រពន្ធ ត្រូវពស់វែកចឹកស្លាប់

0
293

កំពតៈ បុរសម្នាក់ឈ្មោះ មុត ធី  រស់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់  ខេត្តកំពតហាក់ដូចជាត្រូវចាញ់សម្បថ ត្រូវបានពស់វែករនាម ទម្ងន់៤គីឡូក្រាម ចឹកស្លាប់ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧។

លោក ភោគ បាវ នាយនគរបាលប៉ុស្តិ៍ល្អាងប្រាប់ឲ្យដឹងកាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ថា ជនរងគ្រោះ និងប្រពន្ធនេះ មានការទាស់ទែងគ្នាជាប្រចាំ ហើយខាងនគរបាល ធ្លាប់បានហៅអប់រំម្ដងជា២ដងផងដែរ។ ហើយពេលដែលហៅមកអប់រំលើកក្រោយ ជនរងគ្រោះខាងលើ បានស្បថថា បើមានការកើតជម្លោះក្នុងគ្រួសាររបស់គេទៀត សូមឲ្យរន្ទះបាញ់ ឬក៏ត្រូវពស់ចឹក។ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែកើតមានរឿងបែបនេះ ធ្វើឲ្យអ្នកមានជំនឿក្នុងភូមិគិតថា បុរសនេះចាញ់សម្បថ ។

 

ប្រភពពីប្រជាពលរដ្ឋម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ។ លុះដល់ពេលរសៀល មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះដើរទៅដុតធូបនៅកន្លែងកប់ខ្មោច ខាងក្រោយផ្ទះរួចបានដើរត្រឡប់មកផ្ទះវិញ ដោយនៅក្នុងដៃមានកាន់ពស់១ដ៏ធំផង។ ពេលមកដល់ផ្ទះវិញជនរងគ្រោះ មានអាការៈដូចជាមិនស្រួល សង្ស័យត្រូវពស់ចឹក ព្រោះដៃរបស់គេ មានប្រឡាក់ឈាម។ ភ្លាមៗនោះ ក្រុមគ្រួសារក៏បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកឈូក ដើម្បីជួយសង្គ្រោះ តែមិនបានប៉ុន្មានម៉ោងផង ជនរងគ្រោះក៏បានដាច់ខ្យលស្លាប់ទៅ។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច មុនពេលកើតហេតុ គឺបុរសរងគ្រោះបានចាប់ពស់១ក្បាល ដោយស្មានថា ជាពស់សង់សឿ ហើយគិតថា បើចាប់បានទាំងរស់ នឹងលក់បានតម្លៃថ្លៃ ទាំងមិនដឹងថា ជាមានពិស ទើបប្រថុយទៅចាប់ ក៏ត្រូវពស់វែក១ក្បាលនោះ ចឹកស្លាប់ចោលប្រពន្ធកូនទៅ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here