ការធ្វើបុណ្យសពអ្នកនាង សាន ស្រីឡៃ ត្រូវបានបញ្ចប់ គ្រាដែលគេចោទអាចារ្យម្នាក់ទារលុយ២៦០០​ដុល្លារ​ខ្ពស់កប់ពពក

0
205

ភ្នំពេញ៖លោកអាចារ្យកាលីបមួយរូប កំពុងរងការរិះ គន់មិនសំចៃមាត់ពីមហាជនជាច្រើន មិនថានៅចំពោះមុខឬ តាមបណ្តាញសង្គមហ្វេសប៊ុកនោះទេ បន្ទាប់ពី​លោក​គិតតម្លៃធ្វើបុណ្យ​សពអ្នកនាង សាន ស្រីឡៃ អតីតបេក្ខភាព The voice Cambodia រដូវកាលទី២ របស់ស្ថានីយ៍​ទូរទស្សន៍ ហង្សមាស ដែលអតីតស្វាមីបាញ់សម្លាប់​ហើយយកទៅធ្វើបុណ្យនៅទីនោះ​មានតម្លៃ​ខ្ពស់កប់ពពក ។

លោក មាស រិទ្ធី អគ្គនាយករងស្ថានីយទូរទស្សន៍ហង្សមាស និងជាអ្នកអត្ថា ធិប្បាយព័ត៌មានពេលព្រឹកក្នុងស្ថានីយ៍ទូរទស្សន៍មួយនេះ បានថ្លែងថា នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះថា វត្តសែនសុខទីកន្លែងតម្កល់សពតារាចម្រៀង សាន ស្រីឡៃ មានអាចារ្យម្នាក់បានទាមទារលុយថ្លៃតម្កល់សព, ថ្លៃអាចារ្យ, ថ្លៃរៀបចំពិធី និងក្តារមឈូស រហូតដល់​២៦០០​ដុល្លារ​អាមេរិក ហើយបានពោលពាក្យមាក់ងាយដល់ក្រុមហ៊ុនរស្មីហង្ស​មាស​ធ្ងន់ៗ ព្រមទាំងបាននិយាយថា ប្រសិនបើមិនឲ្យលុយទេ  សូមយកសពទៅវិញចុះ ។

លោកបន្តថា អាចារ្យដែលទាមទារលុយនោះឈ្មោះ មាស សំណាង ដែលបានទាមទារ​លុយ​ដូចជាទី១ ប្រ​គេន​ចំ​ពោះ​វត្ត​ស​ម្រាប់​តម្កល់សព ១២៥០ដុល្លារ ទី២ អាចារ្យយោគី ៥០០ដុល្លារ ទី៣ សម្រាប់វត្តចាត់ចែងពិធី ៧០០ដុល្លារ ទី៤ ក្តារមឈូស ១៥០ដុល្លារ។ការទាមទារ​លុយ​ថ្លៃតម្កល់សពនេះ ខាងវត្តសែនសុខមិនបាន​ដឹងរឿងនេះទេ គឺបុគ្គលអាចារ្យតែម្តង ហើយ​បុគ្គល​អាចារ្យរូបនោះបានអះអាងខ្លួនឯងថា ជាអាចារ្យមក​ពីវាំង​ទៀតផង។

ដោយឡែកនៅបណ្តាញសង្គម ហ្វេសប៊ុកឯណោះវិញ មានមនុស្សជាច្រើនសរសេរបញ្ចេញមតិ(ខំមិន) ឬសរសេរនៅក្នុងទំព័ររបស់ខ្លួន រិះគន់អាចារ្យ មាស សំណាង ថា អាចារ្យ អាចោរ អាចារ្យមុខលុយ ព្រមទាំងប្រើពាក្យអសុរោះជាច្រើន ចំពោះទង្វើអសិលធម៌នេះ ។

ទាក់ទិនអាចារ្យយកលុយពីធ្វើបុណ្យសពអ្នកនាង សាន ស្រីឡៃខ្ពស់កប់ពពកនេះ ព្រះចៅអធិការវត្តសែនសុខ ព្រះនាមភារម្យបានមានថេរដិកាថា ករណីមានអាចារ្យទៅ​ទារលុយថ្លៃតម្កល់សព គឺព្រះអង្គមិនបានដឹងនោះទេហើយអាចារ្យរូបនេះ ក៏មិនមែនជា​អាចារ្យប្រចាំវត្តសែនសុខដែរ ពោលគឺអាចា្យប្រចាំវត្តនេះជាអ្នកផ្សេងដែលមានចំនួន៩នាក់ ហើយព្រះអង្គបានសុំឲ្យ៥នាក់ឲ្យមកជួយរៀបចំចាត់ចែងពិធីបណ្យសពនេះ រីឯ៤នាក់ ផ្សេងទៀតជាប់ទៅបុណ្យសពប្រជាពលរដ្ឋផ្សេងបាត់ទៅហើយ ។

ព្រះចៅអធិការបន្តថា «នៅពេលមានបុណ្យសព គឺអាត្មា និងគណៈកម្មាវត្តគ្រាន់​តែសួរម្ចាស់​កម្មវិធីថា រៀបចំយ៉ាងដូចម្តេច ដើម្បីឲ្យវត្តជួយចាត់ចែង ហើយគោលការណ៍យកលុយកាក់ សូម្បីតែមួយកាក់មូយសេន ក៏វត្តមិនយកដែរ លើកលែងតែពលរដ្ឋ ចង់ប្រគេនកសាងសមិទ្ធ​ផល​ក្នុងវត្តនោះទើបវត្តហ៊ានទទួល»។

ដោយឡែកមន្ត្រីសាលាខណ្ឌសែនសុខមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ភ្នាក់ងារ​សារព័ត៌មានក្នុងស្រុកថា អាចារ្យរូបនេះរស់នៅភូមិទី៧ ហើយជាអាចារ្យធំជា គ្រូបង្រៀន​អាចារ្យ​​​ទៀតផង។ អាចារ្យរូបនេះបានមកចាត់ចែងរៀបចំពិធីបុណ្យ​សព តារាចម្រៀង សាន​ ស្រីឡៃដោយមិនដឹងអ្នកណាហៅមកទេ រហូតហ៊ានទារលុយយ៉ាងច្រើន​បែបនេះពីក្រុមហ៊ុន​រស្មីហង្សមាសដែលជាអ្នកធានាធ្វើបុណ្យសពជូននាង។

បន្ទាប់ពីមានរឿងអាស្រូវបែបនេះកើតឡើង លោក អាចារ្យ មាស សំណាង បានបក​ស្រាយ​យ៉ាងក្បោះក្បាយយ៉ាងយូរនៅក្នុងវេបសាយមួយថា រូបលោកមិនបានប្រព្រឹត្តដូច​ការចោទប្រកាន់ពីមនុស្សមួយចំនួនដែលចោទថាលោកចាត់ចែងធ្វើបុណ្យសពខាងលើដាក់តម្លៃខ្ពស់ដល់ទៅ២៦០០ដុល្លារនោះទេ។​លោកបដិសេធថា អក្សរដែលសរសេររាយតម្លៃធ្វើបុណ្យសរុបទៅមានដល់២៦០០ដុល្លារនោះ មិនមែនជាអក្សរ របស់លោកឡើយ រហូតលោកហ៊ានស្បថឲ្យរន្ទះបាញ់ទៀតផង ។

យ៉ាងណា សពអ្នកនាង សាន ស្រីឡៃ ត្រូវបានធ្វើបុណ្យតាមប្រពៃណី និងបានបូជា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ ២០១៧​ នៅក្នុងវត្តសែនសុខ ក្រោមការចូលរួមយ៉ាង ក្តុកក្តួលពីក្រុមគ្រួសារ និងមិត្តសិល្បករកម្ពុជាជាច្រើននាក់  ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here