សមត្ថកិច្ចចម្រុះឆ្មក់បង្ក្រាបទីតាំងស្តុកឈើប្រណីតនៅខណ្ឌពោធិ៍សែនជ័យដកហូតឈើជាច្រើន

0
186

 

 

 

 

ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដោយមានការសម្របសម្រួលពីស្ថាប័នតុលាការ បានធ្វើការបង្ក្រាប បទល្មើសព្រៃឈើ ដែលឈ្មួញទុច្ចរិត លួចលាក់ទុកនៅក្នុងរថយន្តក្រុង យកមកស្តុកនៅក្នុងឃ្លាំងមួយកន្លែង នៃមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចរដ្ឋបាលព្រៃឈើ ប្រាប់ឲ្យដឹងថា ប្រតិបត្តិការណ៍បង្ក្រាបបទល្មើសព្រៃឈើនេះ ធ្វើឡើង កាលពីវេលាម៉ោង ១៥ និង៣៥នាទី រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ដឹកនាំដោយលោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើជាក់ស្តែង នៅចំណុចក្នុងឃ្លាំងមួយកន្លែង តាមបណ្តោយ ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មន្ត្រីរដ្ឋបាលព្រៃឈើភ្នំពេញ ប្រាប់បន្តឲ្យដឹងថា ប្រតិបត្តិការណ៍នេះ សមត្ថកិច្ចចម្រុះ ដកហូត ឈើប្រណីត ចំនួន ៣ ប្រភេទ រួមមាន ឈើនាងនួន ឈើធ្នង់ និងគ្រញូង ជាច្រើនដុំ ដែលឈ្មួញទុច្ចរិត លួចលាក់ទុកនៅក្នុងរថយន្ត ក្រុង ១គ្រឿង និងរថយន្ត ស្តារិច ចំនួន ២គ្រឿង បំរ៉ុងនាំចេញទៅកាន់ប្រទេសវៀតណាម ។ ប៉ុន្តែបទល្មើសនាំឈើប្រណីតខុសច្បាស់នេះ ត្រូវបានបរាជ័យ ដោយសារសមត្ថកិច្ចរដ្ឋបាលព្រៃឈើភ្នំពេញ ដឹងដំណឹងទាន់ បើកការស៊ើបអង្កេត ស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបបានជាក់ស្តែងតែម្តង ។
សមត្ថកិច្ចព្រៃឈើប្រាប់បញ្ជាក់ អោយដឹងទៀតថា នៅក្នុងករណីបង្ក្រាបបទល្មើសព្រៃឈើនេះ សមត្ថកិច្ចចម្រុះបានធ្វើការឃាត់បុរសជនជាតិវៀតណាម ២នាក់ ដើម្បីយកទៅធ្វើការសាកសួរ ។ ដោយឡែក ទីតាំងឃ្លាំង ត្រូវបានចាក់សោរក្លុំបេ បិទជាបណ្តោះអាសន្ន រង់ចាំចំណាត់ការតាមផ្លូវច្បាប់ ។ ចំណែកឈើប្រណីតទាំងអស់ រួមទាំង រថយន្ត ក្រុង ១គ្រឿង និងរថយន្ត ស្តារិច ចំនួន ២គ្រឿង ត្រូវបានបញ្ជូនទៅកាន់ផ្នែករដ្ឋបាលព្រៃឈើ ព្រែកព្នៅ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដើម្បីបន្តនីតិវិធីតាមច្បាប់ព្រៃឈើ ។

សូម​បញ្ជាក់​ថា​៖​ពាក់ព័ន្ធទៅនិងព័ត៍មាននេះលោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ មិនទាន់អាចប្រាប់អំពីចំនួនឈើបានទេ ដោយរង់ចាំការវាស់វែង និងថ្លឹងទម្ងន់សិន៕វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here