បុកបង្គោលភ្លើងចង់បាក់ដល់ដី រួចបើកឡានរត់ ប៉ូលិសតាមចាប់បាន

0
139

ភ្នំពេញៈ មានឧប្បត្តិហេតគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តហាយឡិនឌ័រ មិនប្រយ័ត្ន​បាន​ជ្រុល​ចង្កូតទៅបុកបង្គោលភ្លើងមួយដើម យ៉ាងពេញទំហឹង បណ្តាលឲ្យ ចង់បាក់ដល់ដី​និង​ធ្វើឲ្យរថយន្តខូចខាតប៉ែកខាងមុខស្ទើរទាំងស្រុង ។

ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីយប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅតាមបណ្តោយផ្លូវលេខ១៨២ ក្បែរនឹងផ្លូវចូលអធិការដ្ឋាននគរបាលខណ្ឌ​៧មករា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ​រាជធានីភ្នំពេញ ។​

យោងតាមប្រភពព័ត៌មានពីកន្លែងកើត បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសមិនស្គាល់ឈ្មោះម្នាក់ បើករថយន្តម៉ាកហាយឡិនឌ័រមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាក​លេខ ភ្នំពេញ 2P- 2671 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿន​យ៉ាងលឿន។ ខណៈពេលមកដល់កន្លែងកើតហេតុ ក្បែរនឹងផ្លូវចូល អធិការដ្ឋាន​នគរ​​បាល​ខណ្ឌ៧មករាទៅហើយ មិនដឹងរឿងអីស្រាប់តែរថយន្តនេះបានរេចង្កូតទៅ​បុក​បង្គោល​​​ភ្លើងមួយដើម យ៉ាងពេញទំហឹង បណ្តាលឲ្យ រងការខូចខាតយ៉ាងដំណំ ស្ទើរតែបាក់​ដល់ដី តែដោយសារបានខ្សែភ្លើងជួយទប់កុំអីអាចទ្រេតរលំដួលផងក៏មិនដឹង និង សំណាង​ល្អដែលមិនបណ្តោយឲ្យមានមនុស្សរងរបួសនោះឡើយ ខណៈដែលកើតហេតុរួច អ្នកបើក​បររថយន្ត បានបើករត់គេចខ្លួន តែគេចមិនផុត ក៏ត្រូវសមត្ថកិច្ចក្បែរនោះ ដេញតាមឃាត់​បាន​នៅក្បែររបងស្តាត​អូឡាំពិកភ្លាមៗ ទើបដឹងថាអ្នកបើកបរស្រវឹងខ្លាំង ។ ចំណែករថយន្តបានរងការខូចខាតផ្នែកខាងមុខ នឹងបែកពោងទាំងសងខាង​។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌ៧មករា បានសហការ​ជាមួយ​នគរបាលការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ចុះទៅវាស់វែងយករថយន្ត និងអ្នកបើកបរ​ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយ​នៅពេល​ក្រោយ៕ អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here