ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានហាម និងបិទវត្តមានតារាសម្តែងដេនី ក្វាន់ មិនឱ្យឡើងសម្តែងតាមកញ្ចក់ទូរទស្សន៍ចំនួនពីរ-បី ទៅប្រាំឆ្នាំ ខណៈដែលនៅតែផ្គើន បញ្ចេញភាពសិចស៊ីហួសព្រំដែនដែលមិនអាចអត់អោនឱ្យបាន ។
នេះជាការបង្ហាញថា ការបិទមិនឱ្យដេនី ក្វាន់ ឡើងឆាកទូរទស្សន៍ ព្រោះតែមិនមានក្រមសីលធម៌ស្លៀកពាក់ ជាអ្នកសិល្ប:ដែកអាចជាការព្រមានដល់តារាស្រីមួយចំនួនទៀត ដែលផ្អើលនាំគ្នាបង្ហាញរូបសិចស៊ីសាជាថ្មីយ៉ាងជ្រួលជ្រើម ។
កញ្ញាដេនី ក្វាន់ តារាលេចធ្លោដោយភាពសិចស៊ី និងបានធ្វើឱ្យអ្នកគាំទ្រ និងបណ្ដាញសារព័ត៌មានសរសេរដាក់ទំព័រមុខមិនតិចតាមរយៈការបញ្ចេញភាពសិចស៊ីនោះ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហាមគ្រប់ស្ថានីយទូរទ្សន៍ពីការអនុញ្ញាតឱ្យតារារូបនេះ បង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗ ។
យោងតាមប្រភពពីស្ថានីយទូរទស្សន៍ក្នុងស្រុកនៅថ្ងៃនេះ ស្ថានីយបានទទួលសេចក្ដីជូនដំណឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងការបិទមិនអោយកញ្ញា ដេនី ក្វាន់ តារាសម្ដែងសិចស៊ី ឡើងបង្ហាញវត្តមានក្នុងកម្មវិធីទូរទ្សន៍នានា ៕ វិសាល
