អភិរក្សស៊ីក្លូដើម្បីទេសចរណ៍ អាជ្ញាធររាជធានីភ្នំពេញ និងក្រសួងទេសចរណ៍រៀបចំប្រារព្ធពិធីប្រណាំងស៊ីក្លូ

0
201

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី ក្រសួងទេសចរណ៍ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមជាអធិបតី ក្នុងព្រឹត្ដិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ ឆ្នាំ២០១៩ ក្រោមប្រធានបទ “អភិរក្សស៊ីក្លូដើម្បីទេសចរណ៍” ដែលមានស៊ីក្លូចូលរួមប្រណាំង ចំនួន១៣៦គ្រឿង ប្រណាំងក្នុងចម្ងាយ១គីឡូម៉ែត្រ នៅទីតាំង សួនច្បារព្រះបារមីជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា  រាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ការប្រារព្ធពិធីប្រណាំងស៊ីក្លូនាព្រឹកនេះ ក្នុងគោល បំណង លើកកម្ពស់ បណ្តុះស្មារតីគាំទ្រ និងអភិរក្សស៊ីក្លូនៅកម្ពុជាយើង។ ស៊ីក្លូមិនត្រឹមតែ បានដើរតួនាទីជាមធ្យោបាយធ្វើដំណើរមួយដែលមិនប៉ះពាល់ដល់បរិស្ថាន (Green Transport) និងបម្រើដល់ ជីវភាព រស់នៅរបស់ប្រជាជនកម្ពុជានៅទីក្រុងប៉ុណ្ណោះទេ តែថែមទាំងអាចដើរតួជាផលិតផលទេសចរណ៍មួយបែបផងដែរ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងផ្តល់បទពិសោធន៍ថ្មីនៃទេសចរណ៍ទីក្រុង (Urban Tourism) តាមរយៈការផ្តល់សេវាកម្មស៊ីក្លូទេសចរណ៍ នៅក្នុងកញ្ចប់ទស្សនកិច្ច។

លោករដ្ឋមន្ត្រីបានបន្ដថា ពិធីប្រណាំងស៊ីក្លូនេះជាលើកទីមួយ ដើម្បីលើកយកផលិតផលទេសចរណ៍មួយនេះមកបង្ហាញឡើងវិញ ជូនដល់មហាជន និងអ្នកសារព័ត៌មានជាច្រើន ជាមួយនឹងវត្តមានតារាសម្តែងមួយចំនួនដែលបានតុបតែងខ្លួនក្នុង ទសវត្សទី៦០ មកថតបង្ហាញ ព្រមជាមួយនឹងសកម្មភាពសប្បុរសធម៌ដែរ។ នេះគឺជាសកម្មភាពដ៏ទាក់ទាញដល់មហាជន សំដៅបណ្ដុះស្មារតីយុវជនឲ្យជួយគាំទ្រ និងអភិរក្ស ជាពិសេសជំរុញដល់ប្រត្តិបត្តិករទេសចរណ៍ ការីទេសចរណ៍ឲ្យជួយផ្សព្វផ្សាយ ណែនាំដល់ភ្ញៀវទេសចរ និងដាក់បញ្ចូលកម្មវិធីជិះស៊ីក្លូនៅក្នុងកញ្ចប់ទស្សនកិច្ច ខណៈដែលក្នុងក្របខ័ណ្ឌប្រឡងប្រណាំងទីក្រុងស្អាត គួរត្រូវបានយកចិត្តទុកដាក់អំពីវត្តមានរបស់ស៊ីក្លូនៅតាម បណ្តាទីក្រុង ដោយរៀបចំឲ្យមានស្តង់ដារស៊ីក្លូ រៀបចំឲ្យមានចំណតស៊ីក្លូ ឯកសណ្ឋានត្រឹមត្រូវ ការទទួលបដិសណ្ឋារកិច្ចល្អ ការផ្តល់សេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់ដល់ភ្ញៀវទេសចរជាដើម។

ជាមួយនេះដែរលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា នេះជាព្រឹត្តិការណ៍ ឆ្លុះបញ្ចាំងពីការលើកទឹកចិត្ត គាំទ្រនិងចូលរួមអភិរក្ស ដល់អ្នកប្រកបរបរស៊ីក្លូ និងសមាគមស៊ីក្លូ ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិរក្ស ស៊ីក្លូ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបាន បង្កើតនូវ សមាគមមូលនិធិ ត្រីចក្រយាន ឬ មូលនិធិ ស៊ីក្លូ និងមានសម្តេចតេជោផ្ទាល់ជាប្រធានកិត្តិយស។

លោកអភិបាលរាជធានីបានបន្តថា តាមរយៈការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រមុខរាជរដ្ឋាភិបាល មូលនិធិ ស៊ីក្លូ ត្រូវបានបង្កើតឡើងតាមរយៈ ថវិកា សប្បុរសដែល បានទទួលការបរិច្ចាគ ពីសប្បុរសជននានា និងពាណិជ្ជករ នៅក្នុងប្រទេស ។ សមាជិក ជា អ្នកធ្លាក់ ស៊ីក្លូ ទាំងអស់ នឹង ទទួលបាន នូវ ផលប្រយោជន៍ រួមមាន ប្រាក់ជួលស៊ីក្លូប្រចាំថ្ងៃ២០០០រៀល, ប្រាក់ អាហារ ៥០០០ រៀលប្រចាំថ្ងៃ, សេវា ថែទាំ សុខភាព និង ព្យាបាល ដោយឥតគិតថ្លៃនៅតាម មន្ទីរពេទ្យរដ្ឋដែលផ្តល់ដោយមូលនិធិ សមធម៌ ។

សូមបញ្ជាក់ថា ការប្រារព្ធពិធីប្រណាំងស៊ីក្លួនេះគឺពិតជាបានលើកកម្ពស់គុណតម្លៃនៃការប្រើប្រាស់យានជំនិះបុរាណស៊ីក្លូ តាមរយៈការប្រែក្លាយស៊ីក្លូឲ្យទៅផលិតផលទេសចរណ៍មួយដ៏ទាក់ទាញពិសេសរបស់កម្ពុជា សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែទូលំទូលាយ ក៏ដូច ជាជំរុញលើកទឹកចិត្តដល់ការីទេសចរណ៍ និងសាធារណជន ឱ្យចូលរួមថែរក្សា អភិរក្សនិងប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលជាអត្តសញ្ញាណជាតិ និងមិនប៉ះពាល់ដល់បរិស្ថានមួយនេះបន្តរីកចម្រើនឡើងវិញ ៕ អន វីសាល

LEAVE A REPLY

Please enter your comment!
Please enter your name here