កម្ពុជា បានហក់ចេញពីចំណាត់ថ្នាក់លេខ៩ ឡើងទៅឈរនៅលេខ៧

0
143

(ម៉ានីល)៖ កម្ពុជា បានហក់ចេញពីចំណាត់ថ្នាក់លេខ៩ ឡើងទៅឈរនៅលេខ៧ បណ្តោះអាសន្នវិញក្នុងតារាងមេដាយនៃព្រឹត្តិការណ៍កីឡា SEA Games ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន គិតត្រឹមថ្ងៃចន្ទ ទី០២ ខែធ្នូនេះ បន្ទាប់ពីអត្តពលិកប្រភេទកីឡាគុនល្បុក្កតោដណ្តើមបានមេដាយមាស ១គ្រឿង ក្នុងចំណោមមេដាយសរុបចំនួន ១៣គ្រឿង។

តាមរយៈលទ្ធផលបណ្តោះអាសន្ននេះដែរ មានន័យថា កម្ពុជាកំពុងនាំមុខអត្តពលិក ៤ប្រទេសផ្សេងទៀតរួមមាន ប្រ៊ុយណេ មីយ៉ាន់ម៉ា ឡាវ និងទីម័រខាងកើត ក្នុងចំណោម ១១ប្រទេសចូលរួម។

ម្ចាស់ផ្ទះហ្វីលីពីន បានកំពុងបន្តនាំមុខដាច់កំពូលតារាងមេដាយផងដែរ គិតចាប់តាំងពីបើកសម្ពោធប្រកួតផ្លូវការ ដោយឈ្នះមេដាយសរុបកើនដល់ ៥៤គ្រឿង ក្នុងនោះមានមេដាយមាស ២៨គ្រឿង តាមពីក្រោយដោយវៀតណាម និងលេខ៣ អត្តពលិករបស់ឥណ្ឌូនេស៊ី។

យ៉ាងណាក៏ដោយ កម្ពុជា ទើបតែមាន ៨ប្រភេទប៉ុណ្ណោះដែលបានចាប់ផ្តើមការប្រកួត ក្នុងចំណោម ៣១ប្រភេទកីឡាដែលកម្ពុជាបញ្ជូនទៅចូលរួមប្រកួតប្រជែងមេដាយក្នុងយុទ្ធនាការដែលមានរយៈពេល ២ឆ្នាំម្តង លើកទី៣០ នៅប្រទេសហ្វីលីនលើកនេះ ក្នុងចំណោមកីឡាសរុបមានដល់ទៅ ៥៦ប្រភេទធ្វើការប្រកួតប្រជែងពីថ្ងៃទី៣០ ខែវិច្ឆិកា នឹងបញ្ចប់ទៅវិញនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

គួរបញ្ជាក់ផងថា មេដាយចំនួន ១៣គ្រឿងដែលកីឡាករ-កីឡាការិនីកម្ពុជាដណ្តើមបាននាពេលនេះ គឺភាគច្រើនប្រភេទកីឡាករគុនល្បុក្កតោ៕ សុធា

LEAVE A REPLY

Please enter your comment!
Please enter your name here