បើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្តេចតេជោ នាយករដ្ឋមន្រ្តីលើកទី៤»

0
131

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្តេចតេជោ នាយករដ្ឋមន្រ្តីលើកទី៤»។ ពិធីនេះរៀបចំធ្វើឡើងនៅតារាងវាយកូនគោលវឌ្ឍនៈហ្គោលរីសត ក្នុងខេត្តកណ្តាល។

ការប្រកួតនេះមានកីឡាករជាតិ-អន្តរជាតិចូលរួមប្រកួតសរុប ១៧៩រូប ក្នុងនោះមានកីឡាករអន្តរជាតិចំនួន ៣៣រូប និងកីឡាករនារីចំនួន ២៣រូប។ ការប្រកួតវាយកូនគោលថ្ងៃនេះមានបីប្រភេទរួមមាន‌៖ ការប្រកួតលក្ខណៈជាក្រុម, ការប្រកួតឯកត្តជននារី និងការប្រកួតឯកត្តជនបុរស។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានថ្លែងក្នុងពិធីបើកការប្រកួតវាយកូនគោលនោះថា ការប្រកួតនេះ ដើម្បីអបអរសាទរខួបលើកទី២១ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងគូសបញ្ជាក់ថា សុខសន្តិភាព និងសេរីភាពនៃប្រជាជាតិខ្មែរ នាពេលបច្ចុប្បន្ននេះស្តែងចេញពីការលះបង់ និងការតស៊ូដែលយក ជីវិតមកធ្វើជាដើមទុនក្នុងដំណើរស្វែងរកការសង្រ្គោះជាតិ សន្តិភាព និងសេចក្តីសុខរបស់ប្រជាជនខ្លួន។ ប្រវត្តិសាស្រ្តដ៏ជូរចត់ទាំងនេះ គឺជាសារដ៏សំខាន់មួយដែលបញ្ជាក់ថាការដែលកម្ពុជាឈានដល់កម្រិតអភិវឌ្ឍន៍មួយដែលអាចប្រៀបធៀបជាមួយនឹងប្រទេសមួយចំនួននៅក្នុងតំបន់ ព្រមជាមួយការសម្រេចបានកំណើនសេដ្ឋកិច្ចលូតលាស់ឥតឈប់ឈរនេះ គឺកើតចេញពីសមិទ្ធិផលនៃការដាក់ចេញ និងការអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកដដែលប្រជាជនខ្មែរគ្រប់រូបត្រូវចងចាំ និងដឹងពីគុណតម្លៃនៃការលះបង់ដ៏ធំធេងនេះ។

បន្ទាប់ពីការថ្លែងសុន្ទរកថារបស់សម្តេចពិជ័យសេនា ទៀ បាញ់ ហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញវាយកូនគោលនិម្មិតរូបបើកការប្រកួត។

សូមបញ្ជាក់ថា ការប្រកួតនេះមានរយៈពេលមួយថ្ងៃ ហើយសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបិទការប្រកួត និងប្រគល់រង្វាន់ដល់កីឡាករជយលាភីនៅរាត្រីនេះ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here