កញ្ញាហេង ស្រីពេជ្រ តួម្តាយចម្រៀងវីដេអូបទ«អ្នកព្រៃវែងអាក្រក់ត្រង់ណា» សុំទោសមហាជន

0
131

ភ្នំពេញ៖ បទចម្រៀង «អ្នកព្រៃវែងអាក្រក់ត្រង់ណា» ធ្វើឲ្យអ្នកខ្លះជាពិសេសអ្នកមានដើមកំណើតនៅខេត្តព្រៃវែងរិះគន់ចំពោះបទចម្រៀងមួយនេះ ព្រោះប្រកាន់ថា បង្កប់នូវគំនិតអវិជ្ជមាន រើសអើងចំពោះអ្នកព្រៃវែង ខណៈមតិផ្សេងទៀតយល់ថា បទនេះគ្រាន់តែមានអត្ថន័យ​បំផុសមិនឲ្យមានគំនិតស្អប់ ឬក៏រើសអើងអ្នកព្រៃវែង។
ក្នុងករណីនេះអ្នកដឹកនាំសម្តែង និងអ្នកនិពន្ធទំនុកច្រៀង បានធ្វើការសុំទោសជាសាធារណៈ ដើម្បីបញ្ចប់រឿងរួចរាល់ហើយដែរ។ រីឯតួម្តាយសម្តែងដោយកញ្ញា ហេង ស្រីពេជ្រ ខណៈ​នេះក៏ចេញមកសុំទោសដល់ថ្នាក់ដឹកនាំ និងអ្នករស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ដោយលើកឡើងថា ខ្លួនជាតារាសម្តែង បើស្លូត គឺឲ្យគេអាណិត បើកាចគឺឲ្យគេស្អប់ គ្រប់យ៉ាងធ្វើតាមអ្នកដឹកនាំចង់បាន។

នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ កញ្ញា ហេង ស្រីពេជ្រ ឲ្យដឹងថា គាត់មានការសោកស្តាយ និងពិបាកចិត្ត​ ដោយសង្កេតឃើញថា មានការប្រតិកម្មខ្លាំងពីបងប្អូនអ្នកព្រៃវែង ទៅលើ ផលិតកម្ម MV ចម្រៀង «អ្នកព្រៃវែងអាក្រក់ត្រង់ណា?»​ ហើយពេលនេះ គឺគ្មានអ្វីក្រៅពីការសុំការយោគយល់ នឹងសុំទោសទៅកាន់បងប្អូន អ្នកខេត្តព្រៃវែងនោះទេ។កញ្ញា ហេង ស្រីពេជ្រ និយាយថាខ្ញុំគ្មានចេតនាណាមួយ ទៅស្អប់ខ្ពើមអ្នកព្រៃវែងនោះទេខ្ញុំមានតែស្រឡាញ់ចូលចិត្តអ្នកខេត្តព្រៃវែង ព្រោះជាបងប្អូនខ្មែរទាំងអស់គ្នា។  «ពេលខ្លះខ្ញុំមើលឃើញខ្លួនឯងខុស។ខ្ញុំឃើញអ្នកដឹកនាំ និងខាងផលិតកម្ម គាត់ចេញមុខសុំទោសជាសាធារណៈខ្ញុំក៏សុំទោសបងប្អូនមេត្តាអនុគ្រោះដល់ខ្ញុំផងដែរ ពោលគឺសុំទទួលកំហុសគ្រប់បែបយ៉ាង៕ ពិជ័យ

LEAVE A REPLY

Please enter your comment!
Please enter your name here