រឿង យឿន ពិសី យំតូចចិត្តមិនបានឡើងឆាកច្រៀង ត្រូវបានផលិតករលោក គួច ខេវិន ផ្ញើសារប្រាប់

ចេញផ្សាយ÷09.06.2021
ភ្នំពេញ៖ ទស្សនិកជនពិតជាបានស្គាល់ក្រោយពីយុវជន យឿន ពិសី បានចូលរួមប្រកួតកម្មវីធីធំមួយនិងបានក្លាយជាម្ចាស់ជ័យលាភី កម្មវិធី Cambodia’s Got Talent ឆ្នាំ២០១៤ របស់ទូរទស្សន៍ហង្សមាស ។
ប៉ុន្តែថ្មីៗនេះ យឿន ពិសី បានយំរៀបរាប់នៅលើបណ្តាញសង្គមYou tube ដោយបានថ្លែងពាក្យតូចចិត្តដ្បិតជាប់ពានជាង៥ឆ្នាំហើយ ប៉ុន្តែមិនមានឱកាសឡើងឆាកដូចតារាដទៃសោះ។ ការរៀបរាប់នេះនាំឲ្យលេចចេញនូវការរិះគន់ ប្រតិកម្មជាច្រើនពីទស្សនិកជនថា ទូរទស្សន៍ឬផលិតករមិនបានផ្តល់ឱកាសសម្រាប់ម្ចាស់ពានដែលជាជនពិការ។ ប៉ុន្តែក្រោយមកក៏មានការបញ្ជាក់ជាហូរហែពីលោកមាស រិទ្ធិី អគ្គនាយករង និងជាអ្នកគ្រប់គ្រងផ្នែកព័ត៌មាននៅស្ថានីយទូរទស្សន៍ហង្សមាសអំពីមូលហេតុដែលទូរទស្សន៍មិនបានអញ្ជើញឲ្យម្ចាស់ពានរូបនេះឡើងច្រៀងព្រោះតែផ្អែកទៅលើការសម្រេចចិត្តរបស់អ្នកឧបត្ថម្ភកម្មវិធី។ បន្ថែមពីលើការបកស្រាយនេះគេក៏មានការចាប់អារម្មណ៍ទៅលើសំណេររបស់ផលិតករជើងចាស់លោក គួច ខេវិន ផងដែរ ដោយលោកបានបញ្ចេញសារថា «ផ្ញើចំពោះប្អូន យឿន ពិសី ជាទីស្រឡាញ់រាប់អាន! តាមពិតទៅ បងមានក្តីអាណិតអាសូរចំពោះប្អូនជាពន់ពេក ក៏បុន្តែប្អូនទំនងជាមិនបានស្វែងយល់ឱ្យច្បាស់ជាមុនអំពីពានរង្វាន់របស់ប្អូនមុននឹងប្អូនធ្វើការឡាយ ស្រែកទ្រហោយំនៅលើផេករបស់ប្អូន… ។ ប្អូនគឺជាជ័យលាភីនៃកម្មវិធីលំដាប់ពិភពលោកCambodian Got Talent… ដែលជាកម្មវិធី ឬជាវេទិកាបង្ហាញសមត្ថភាព ទេពកោសល្យទូទៅ អ្នកដែលមានទេពកោសល្យលើសគេនឹងអាចទទួលបានចំណាត់ថ្នាក់ជាជ័យលាភីតែប៉ុណ្ណោះ គឺវាមិនដូចកម្មវិធី The Voice of Cambodiaនោះឡេីយ! The Voice of Cambodia គឺគេសំដៅទៅលើសំឡេង កាយវិការ បូកផ្សំទៅលើរូបសម្បត្តិថែមទៀតផង! បងធ្លាប់បានផលិតកម្មវិធីប្រកួតប្រជែងជាច្រើនរាប់ភ្លេច… ដូច្នេះប្អូនត្រូវចាំថា ការប្រកួតប្រជែងគឺគ្រាន់តែជាវេទិកាស្ទាបស្ទង់សមត្ថភាពរបស់ប្អូនតែប៉ុណ្ណោះ មិនមែនមានន័យថាបានទទួលជ័យលាភីហើយ ត្រូវអង្គុយហៃអើទេ… វាគ្រាន់តែជាឱកាសចាប់ផ្តើមរបស់ប្អូន ហើយត្រូវបន្តហ្វឹកហាត់ដើម្បីលោតចូលទៅក្នុងទីផ្សារសេរីតែប៉ុណ្ណោះ ! បងចង់ប្រាប់ប្អូនថា ទូរទស្សន៍គឺគ្រាន់តែជាកន្លែងផលិតកម្មវិធី និងផ្សព្វផ្សាយតែប៉ុណ្ណោះ អ្វីៗគឺត្រូវពឹងផ្អែកទៅលើអ្នកឧបត្ថម្ភ កម្មវិធី(sponsor) ហេតុដូច្នេះ ឱ្យតែអ្នកឧបត្ថម្ភហាមាត់ថាទៅលិច គឺលិច ថាទៅកើតគឺកើតហើយ…ដល់តែអ៊ីចឹងទៅ អ្នកផលិតឬអ្នកដឹកនាំកម្មវិធីនាបច្ចុប្បន្ន ប្រៀបដូចជាអាមោកអ៊ីចឹងដែរ! ។ បើហ៊ានតែតមាត់ច្រើនគឺត្រូវគេធ្វើស៊ីជាក់ជាមិនខានឡើយ… ដោយសារតែអ្នកឧបត្ថម្ភកម្មវិធីជាអ្នកបញ្ជាចង្កូតទទឹងទទែង ច្រងេងច្រងាងយ៉ាងដូច្នេះទើបបានជាកម្មវិធីរបស់ទូរទស្សន៍ខ្លះបានចំណាយលុយអស់រាប់ពាន់ រាប់ម៉ឺនដុល្លារ តែគ្មានអ្វីប្លែក! វាដដែលៗ គ្មានអ្នកចាប់អារម្មណ៍ គ្មានអ្នកតាមដាន ឯចំនួនអ្នកមើលមិនស្មើទៅនឹងអ្នកឡាយលក់ឡេជេរបញ្ចោរគ្នាផង ឬក៏មិនស្មើនឹងសុខា ត្រូវគេទះកំផ្លៀងនោះឡេីយ ។
ហេតុនេះហើយប្អូនយឿន ពិសី មិនបាច់ឆ្ងល់ទេ… Sponsor គឺជាក្មេងៗជំនាន់ក្រោយ សូម្បីតែវប្បធម៌ ប្រពៃណី ឬក៏គុណធម៌របស់ខ្មែរយើងក៏ពួកគេមិនបានស្វែងយល់ផង! ពេលខ្លះសូម្បីតែកម្មវិធីបុណ្យជាតិ ក៏ពួក Sponsor សុំដក កម្មវិធីមិនព្រមធ្វេីដែរ ដោយគិតថាគ្មានអ្នកណាមេីល ប៉ុន្តែបេីកម្មវិធីបុណ្យ អន្តរជាតិគេវិញ គឺពួក Sponsorហ្នឹងប្រជុំក្បាលគ្នាដណ្តេីមធ្វេី! ដូច្នេះកុំថាឡើយប្អូន សូម្បីតែលោកណូយ វ៉ាន់ណេត ក៏ពួកក្មេងអស់ហ្នឹងមិនស្គាល់គាត់ផង… ពួកគេស្គាល់តែចំនួនអ្នកទស្សនា (Viewers)ឡេីងKK ហើយគេគឺជាអ្នកឧបត្ថម្ភនៃកម្មវិធីគឺគេអាចកុម្ម៉ង់ប្រធានកម្មវិធី និង TV បាន! បើមិនដូច្នេះទេ មិនធ្វើតាមអាចបាត់ បង់Sponsor ភ្លាមៗ! ។ដូច្នេះសូមប្អូនកុំអស់សង្ឃឹមធ្វើអ្វី បើប្អូនស្រឡាញ់អ្វីមួយ ប្អូនត្រូវតែខិតខំទ្វេឡើង ហើយត្រូវចេះអភិវឌ្ឍន៍ខ្លួនឱ្យបានល្អ ព្រោះមនុស្សល្អៗ មានសមត្ថភាព ពោរពេញដោយទេពកោសល្យលើសប្អូននៅមានច្រើនណាស់ ប៉ុន្តែគេមិនចាប់អារម្មណ៍ មិនអើពើចូលរួមប្រកួត ហើយប្អូនក៏ពុំទាន់ជួបពួកគេជាដៃគូដែរ។
សារនេះលេចេញការគាំទ្រភាគច្រើនពីសិល្បករ ប៉ុន្តែក៏មានការលើកឡើងដែរថា ក៏គួរតែផ្តល់ឱកាសស្តួចស្តើងណាមួយសម្រាប់ម្ចាស់ពានរូបនេះផងដែរ ដែលគេក៏មិនចង់ជឿដែរថា គ្រប់អ្នកឧបត្ថម្ភកម្មវិធីទាំងអស់មិនពេញចិត្តសមត្ថភាពរូបសម្បត្តិរបស់ជនពិការដូចជាយឿន ពិសីនោះដែរ។
គួរបញ្ជាក់ដែរថា យឿន ពិសី គឺមានសមត្ថភាពច្រើនលើវិស័យសិល្បៈ ទាំងការច្រៀង លេងឧបករណ៍តន្ត្រីបុរាណ និងសម័យ និងការតែងនិពន្ធទំនុកច្រៀង ជាដើម។ កាលពីកុមារពិសីបានចូលរួមប្រកួតក្នុងកម្មវិធីមួយចំនួនដោយឆ្នាំ ២០១២ ពិសីទទួលបានជ័យលាភីលេខ២ក្នុងកម្មវិធីប្រឡង «មហោស្រពតន្ត្រីចម្រៀងកុមារកម្ពុជា» របស់ទូរទស្សន៍ជាតិកម្ពុជា៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *