ប៉ូលិសម៉ាឡេស៊ីបានប្រកាសកាលពីថ្ងៃទី៥ ខែមីនាថា បុរស៧នាក់ត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០១៧ ដោយសង្ស័យថា ពួកគេមានពាក់ព័ន្ធសកម្មភាពភេរវកម្ម ។
សេចក្តីថ្លែងការណ៍ ស្នងការប៉ូលិសម៉ាឡេស៊ីអះអាងថា ជនសង្ស័យពីរនាក់ចាប់ខ្លួនកាលពីថ្ងៃទី២១ ខែកុម្ភៈ ពាក់ព័ន្ធជាមួយក្រុមភេរវកម្ម Daesh ឬ រដ្ឋអិស្លាម IS ។
បុរសអាយុ៤១ឆ្នាំ ជនជាតិម៉ាឡេស៊ី និងបុរសអាយុ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បម្រើការជាបច្ចេកទេសក្នុងរោងចក្រមួយ ត្រូវបានចាប់ខ្លួនស្ថិតនៅតំបន់ Kepong ទីក្រុង គូឡាឡាំពួរ ។
តាមការស្រាវជ្រាវបង្ហាញឲ្យឃើញថា ពួកគេទទួលបញ្ជាពីឈ្មោះ Mohamad Wanndy Mohamad Jedi ឲ្យធ្វើសកម្មភាពវាយប្រហារបំផ្ទុះគ្រាប់បែក ដោយប្រើសារធាតុផ្ទុះច្រើន និងកម្លាំងខ្លាំង នៅក្នុងប្រទេសម៉ាឡេស៊ី មុនពេលធ្វើដំណើរទៅចូលរួមជាមួយក្រុមរដ្ឋអិស្លាម IS នៅក្នុងប្រទេសស៊ីរី។
ឈ្មោះ Mohamad Wanndy ដែលជាជនជាតិម៉ាឡេស៊ីមួយរូប ដែលបានទំនាក់ទំនងជាមួយក្រុមរដ្ឋអិស្លាមនៅក្នុងប្រទេសស៊ីរីនោះបាននិយាយថា រូបគេបានរៀបចំឲ្យមានការវាយប្រហារក្លិបរាត្រី Movida ក្នុងតំបន់ Puchong កាលពីឆ្នាំ២០១៦កន្លងមកនេះ ។
ជនសង្ស័យទី៣ មកពីប្រទេសអាស៊ីខាងកើត អាយុ៣៧ឆ្នាំ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកុម្ភៈ នៅក្នុងតំបន់ Petalling Jaya ។ ជននេះត្រូវសង្ស័យថា ជាសមាជិករបស់ក្រុមភេរវកម្ម មកពីអាស៊ីខាងកើត ដែលប្រើប្រាស់ម៉ាឡេស៊ីជាកន្លែងស្នាក់នៅ និងឆ្លងកាត់ ។
ស្នងការប៉ូលិសម៉ាឡេស៊ីបានថ្លែងទៀតថា ជននេះបានចូលមកម៉ាឡេស៊ីក្នុងឆ្នាំ២០១១ ដោយប្រើប្រាស់ទិដ្ឋាការបន្លំជានិស្សិតវិទ្យាស្ថានអប់រំសាធារណៈ ។ ការស៊ើបអង្កេតរកឃើញថា ជននេះមានទាក់ទងជាមួយសមាជិកផ្សេងទៀតនៃក្រុមភេរវកនៅអាស៊ីភាគខាងកើត ដោយទាក់ទងជួយដល់សមាជិកទាំងឡាយបានចូលមកម៉ាឡេស៊ី មុនពេលឆ្ពោះទៅកាន់ស៊ីរី ។
រីឯ៤នាក់ទៀតត្រូវចាប់ខ្លួននៅក្នុងប្រទេសយេមែន ។ ពួកគេចាប់ខ្លួននៅថ្ងៃទី២៦ ខែកុម្ភៈ ។ ប៉ូលិសបានថ្លែងថា ពួកគេសង្ស័យថាបានចូលរួមជាមួយក្រុមឧទ្ទាមនៅក្នុងប្រទេសយេមែន ហេតុដូច្នេះពួកគេមានពាក់ព័ន្ធការប្រើប្រាស់ឯកសារធ្វើដំណើរក្លែងក្លាយ ។
អំឡុងពេលបង្ក្រាបក្រុមជនសង្ស័យខាងលើនេះដែរ ទិដ្ឋាការអន្តរជាតិជាច្រើន ក្នុងនោះមានទាំងរូបិយប័ណ្ណពីប្រទេសផ្សេងៗស្មើប្រមា ៦០.៦៥០ដុល្លារ ដែលគេបម្រុងផ្ញើជាមូលនិធិដល់ក្រុមឧទ្ទាមនោះ ក៏ត្រូវបានរិបអូសផងដែរ ។
ទាំង៧នាក់ត្រូវឃុំខ្លួនពីបទទំនាក់ទំនងជាមួយក្រុមភេរវកម្ម ដែលក្នុងនោះម្នាក់ ជាប់ថែមពីបទរំលោភច្បាប់អន្តោប្រវេសន៍ផងដែរ ៕



