ប៉ូលិសនៅក្នុងតំបន់បានប្រាប់រ៉យទ័រថា ជនវាយប្រហារប្រដាប់ដោយពូថៅបានធ្វើសកម្មភាពកាប់ប្រហារបណ្តាលឲ្យមនុស្សយ៉ាងតិច៥នាក់រងរបួស ស្ថិតនៅចំណតរថភ្លើង ក្នុងទីក្រុង Duesseldorf ភាគខាងលិចរបស់អាល្លឺម៉ង់ កាលពីរសៀលថ្ងៃទី៩ ខែមីនា ។
ប៉ូលិសបានបន្តថា ជនវាយប្រហារ២នាក់ត្រូវចាប់ខ្លួន ខណៈអ្នកខ្លះទៀតរត់គេចខ្លួនពីកន្លែងកើតហេតុ ។ មិនមានព័ត៌មានពិស្តារពាក់ព័ន្ធជនសង្ស័យ ឬមូលហេតុឲ្យមានការវាយប្រហារនេះ ត្រូវបានសមត្ថកិច្ចទម្លាយប្រាប់ប្រភពព័ត៌មានឡើយ ។
ប៉ូលិសអះអាងថា មិនប្រាកដថា មានជនវាយប្រហារប៉ុន្មាននាក់ទាក់ទងក្នុងករណីនេះឡើយ ។ អ្នកដំណើរ៥នាក់បានរងរបួសដោយសារតែការវាយប្រហារដោយប្រើពូថៅដៃជាអាវុធនេះ ។
អ្នកនាំពាក្យស្នងការប៉ូលិសអះអាងថា ជនរងគ្រោះមិនគំរាមកំហែងដល់អាយុជីវិតឡើយ ។
ទីភ្នាក់ងារព័ត៌មាន Bild Daily រាយការណ៍ថា ចរាចរណ៍ផ្លូវដែកត្រូវផ្អាកដំណើរការបណ្តោះអាសន្ន ខណៈដែលឧទ្ធម្ភាគចក្រហោះឆ្វែលចុះឡើងពីលើទីតាំងកើតហេតុ ខណៈដែលកងសន្តិសុខ ក៏ត្រូវដាក់ពង្រាយផងដែរ ។
អាជ្ញាធរអាល្លឺម៉ង់បានស្ថិតក្រោមក្នុងកិច្ចប្រុងជើងការខ្ពស់ទប់ស្កាត់ការវាយប្រហារភេរវកម្ម ជាពិសេសបន្ទាប់ពីមានការវាយប្រហារដោយបើករថយន្តបំបុកចូលហ្វូងមនុស្សក្នុងពិធីបុណ្យគ្រីស្ទម៉ាស ហើយដែលក្រុមរដ្ឋអិស្លាមប្រកាសថា ជាទង្វើរបស់ខ្លួននោះ ។ ព្រឹត្តិការណ៍កាលណោះបណ្តាលឲ្យស្លាប់មនុស្ស១២នាក់ ។
នាយកដ្ឋានសន្តិសុខជាតិអាល្លឺម៉ង់បានអះអាងថា ក្រុមរ៉ាឌីកាលអិស្លាមជ្រុលនិយមនៅក្នុងប្រទេសនេះមានប្រមាណ១ម៉ឺននាក់ ក្នុងនោះ១៦០០នាក់ត្រូវសង្ស័យថា មានទំនាក់ទំនងជាមួយក្រុមភេរវកម្ម ៕
