ភ្ញៀវទេសចរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកើនឡើង ច្រើនជាងឆ្នាំមុន ១៥,៧០ភាគរយ


ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញរបាយការណ៍របស់ខ្លួនឲ្យដឹងថា ក្នុងឱបុណ្យភ្ជុំបិណ្ឌ​សម្រាប់ឆ្នាំ២០១៧នេះ មានភ្ញៀវ ទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋខ្មែរជាង ១,០៥០,០០០នាក់ទៅកម្សាន្តនៅរមណីយដ្ឋាននានាទូទាំងប្រទេស។ តាមតួលេខនេះបញ្ជាក់ថាមានការ កើនឡើងប្រមាណ ១៥.៧០% ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១,០១០,០០០នាក់ កើនឡើងប្រមាណ ១៥.៣០% និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤០,០០០នាក់ កើនឡើងប្រមាណ ៦.២០%។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចំនួនអ្នកទេសចរជាក់ស្តែងអាចច្រើនជាងនេះទៅទៀត ពីព្រោះមានបងប្អូនប្រជាពលរដ្ឋនៅតាមតំបន់រមណីយដ្ឋាននោះក៏បានទៅកម្សាន្តផងដែរ។ តំបន់រមណីយដ្ឋានដែលមានសក្តានុពលទេសចរណ៍ហើយបងប្អូនប្រជាពលរដ្ឋទៅលេងនោះមានដូចជាសមុទ្រ បឹង ស្ទឹង ប្រឡាយ ទំនប់ និងរមណីយដ្ឋានកែច្នៃខ្នាតតូចនានា ក្នុងនោះ ខេត្តគោលដៅទេសចរណ៍សំខាន់ៗ ហើយទទួលបានចំនួនភ្ញៀវទេសចរច្រើននោះរួមមាន៖
– ខេត្តសៀមរាប ៖ ភ្ញៀវសរុបចំនួន ១៤៣,៦៩៣នាក់ កើនឡើង ៤.៨១% ក្នុងនោះ ភ្ញៀវជាតិចំនួន ១២៦,០០០នាក់ កើនឡើង ៥% ភ្ញៀវអន្តរជាតិចំនួន ១៧,៦៩៣នាក់ កើនឡើង ៣.៥២%។
– ខេត្តព្រះសីហនុ៖ ភ្ញៀវសរុបចំនួន ៩២,០០០នាក់ កើនឡើង ១៥.២២% ក្នុងនោះ ភ្ញៀវជាតិចំនួន ៨៧,៤០០នាក់ កើនឡើង ១៣.៧០% ភ្ញៀវអន្តរជាតិចំនួន ៤,៦០០នាក់ កើនឡើង ២%។
– ខេត្តបាត់ដំបង៖ ភ្ញៀវសរុបចំនួន ៧៩,០៧៥នាក់ កើនឡើង ៨៩.១៩% ក្នុងនោះ ភ្ញៀវជាតិចំនួន ៧៨,៨៣៦នាក់ កើនឡើង ៨៩.៦៥% ភ្ញៀវអន្តរជាតិចំនួន ២៣៩នាក់ កើនឡើង ៥.២៩%។
– ខេត្តកំពត៖ ភ្ញៀវសរុបចំនួន ៧៤,១៥៩នាក់ កើនឡើង ៥.២១% ក្នុងនោះ ភ្ញៀវជាតិចំនួន ៧៥,៩៥៧នាក់ កើនឡើង ៥.៧០% ភ្ញៀវអន្តរជាតិចំនួន ១,២០២នាក់ កើនឡើង ១៦.៤២%។
– ខេត្តបន្ទាយមានជ័យ៖ ភ្ញៀវសរុបចំនួន ៧៧,០៧៨នាក់ កើនឡើង ១០៦.២០% ក្នុងនោះ ភ្ញៀវជាតិចំនួន ៧៧,០៦៨នាក់ កើនឡើង ១០៦.២១% ភ្ញៀវអន្តរជាតិចំនួន ១០នាក់ កើនឡើង ៦៦.៦៦%។
– ខេត្តកំពង់ធំ៖ ភ្ញៀវសរុបចំនួន ៤៣,៧៥៣នាក់ កើនឡើង ១១៣.៥៦% ក្នុងនោះ ភ្ញៀវជាតិចំនួន ៤៣,៦៤៧នាក់ កើនឡើង ១១៤.០៧% ភ្ញៀវអន្តរជាតិចំនួន ១០៦នាក់ កើនឡើង ៨.១៦%។
– ខេត្តរតនគិរី៖ ភ្ញៀវសរុបចំនួន ១៥,៨០៥នាក់ កើនឡើង ១១២.១០% ក្នុងនោះ ភ្ញៀវជាតិចំនួន ១៥,៥៣៣នាក់ កើនឡើង ១១៤.៧០% ភ្ញៀវអន្តរជាតិចំនួន ២៧២នាក់ កើនឡើង ២៧.១០%។
– ខេត្តក្រចេះ៖ ភ្ញៀវសរុបចំនួន ១០,៩៧០នាក់ កើនឡើង ២៨.០៦% ក្នុងនោះ ភ្ញៀវជាតិចំនួន ១០,៥០៧នាក់ កើនឡើង ២៩.០៧% ភ្ញៀវអន្តរជាតិចំនួន ៤៦៣នាក់ កើនឡើង ៨.៦៨%។

ក្នុងរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត បានបង្ហាញការកត់សម្គាល់របស់ខ្លួនថា ការរៀបចំតបំន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មានការរីកចម្រើនកាន់តែប្រសើរ ដោយក្នុងនោះ៖
– ផ្លូវចូលទៅកាន់រមណីយដ្ឋានទេសចរណ៍ភាគច្រើនត្រូវបានស្ថាបនាជួសជុល និងកែលំអ
– អាចទប់ស្កាត់ការតម្លើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិតតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវ (ក្រុមការងារសង្កេតឃើញថាពុំមានការផ្សាយព័ត៌មាននៅលើ Facebook ពីការតម្លើងថ្លៃហួសហេតុដូចឆ្នាំកន្លងទៅទេ។

– បញ្ហាបរិស្ថានអនាម័យ ល្អប្រសើរជាងមុន ដោយភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមានការយល់ដឹង និងភ្ញាក់រលឹក និងដោយមានការចុះអប់រំណែនាំ ពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ

– បញ្ញាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការណ៍យ៉ាងជិតស្និតជាមួយកំលាំងមានសមត្ថកិច្ច ចាត់តាំងក្រុមការងារប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់ នៅតាមតំបន់ដែលងាយរងគ្រោះ។

មានការកត់សម្គាល់មួយទៀតថា កត្តាដែលនាំឲ្យប្រជាពលរដ្ឋខ្មែរទៅលេងកម្សាន្តតំបន់រមណីយដ្ឋានទេសចរណ៍នានាកើតឡើងជាងបណ្តាឆ្នាំកន្លងទៅនេះ ដោយសារតែកត្តាសន្តិសុខ និងសុខសន្តិភាពរបស់ ប្រទេសជាតិ ដែលជាអំណោយផលសម្រាប់ប្រជាពលរដ្ឋដើរលេងកម្សាន្ត ដោយមិនមានការព្រួយបារម្ភ ឬខ្លាចរអាពីសុវត្ថិភាពជាពិសេសមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្លូវ និងស្ពានមានកាន់តែច្រើនជួយសម្រួលដល់ការធ្វើដំណើរ, ប្រជាពល មានជីវភាពល្អប្រសើរ ដែលមានប្រាក់កាសសម្រាប់ចំណាយក្នុងការដើរលេងកម្សាន្ត ៕ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *