ខ្សឹបដាក់ត្រចៀក÷ល្បែងបញ្ជល់មាន់បង្កប់ក្នុងបរិវេណតារាងបាល់ទាត់បើកលេងមិនខ្វល់ជំងឺកូវីដ-19

ភ្នំពេញ÷ បើទោះបីពេលនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងយកចិត្តទុកដាក់ទប់ស្កាត់ជំងឺកូវីដ-19កុំឲ្យរាលដាល តាមរយ:ការណែនាំឲ្យអនុវត្តវិធានការណ៍ក្រសួងសុខាភិបាល៣កុំ ៣ការពារយ៉ាងណាក៏ដោយ មកដល់ពេលនេះមានមនុស្សមួយចំនួននៅតែមិនយកចិត្តទុកដាក់រហូតបង្កើតការជួបជុំលេងល្បែងស៊ីសងមិនញញើត។
ជាក់ស្តែង តាមប្រភពមួយលួចខ្សឹបឲ្យដឹងថា វង់ល្បែងមួយកន្លែងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យជិតស្ពានដែកចម្ការដូងផ្លូវចូលបូរីសូនីចម្ងាយប្រមាណ៥០ម៉ែត្រពីស្តុប(ក្រោយកន្លែងលក់រថយន្ត) មានវង់ល្បែងបញ្ជល់មាន់មួយកន្លែងជ្រកក្រោមតារាងបាល់ទាត់កំពុងលេងយ៉ាងរំភើយមិនខ្វល់នឹងវិធានការណ៍ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 របស់រាជរដ្ឋាភិបាលនោះឡើយ។
ប្រជាពលរដ្ឋបានលួចខ្សឹបឲ្យដឹងថា វង់ល្បែងបញ្ជល់មាន់មួយនេះបើកលេងស្ទើររាល់ថ្ងៃ ដោយភ្នាល់ក្នុងមួយគូៗយ៉ាងតិច៥០០០ដុល្លារ និងមានអ្នកកាងម្នាក់ ឈ្មោះ មករា ជាមន្រី្តប៉ូលិស(សុំមិនបញ្ចេញឈ្មោះអង្គភាព)និងជាអ្នកឈរពីក្រោយ។
គេមិនដឹងវង់ល្បែងបញ្ជល់មាន់១កន្លែងនេះបើកលេងយ៉ាងរំភើយមិនញញើតជាការឲ្យដៃពីសមត្ថកិច្ចមូលដ្ឋានចាប់ពីថ្នាក់ក្រោមដល់លើឬយ៉ាងណាទេបានជាមិនឃើញចេញទៅបង្រ្កាប។ ឬមួយទុកគ្រាន់ចិញ្ចឹមឆ្មាំងបាយ?
ប្រជាពលរដ្ឋសង្ឃឹមថាមានតែឯកឧត្តមអគ្គស្នងការនគរបាលជាតិទេ ដែលឯកឧត្តមស្អប់ខ្ពើមល្បែងស៊ីសងនឹងចាត់កម្លាំងទៅបង្រ្កាបវង់ល្បែងមួយកន្លែងនេះព្រោះបើសង្ឃឹមលើអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន រលួយពីក្រោមដល់លើទៅហើយ៕
ប្រជាជនសង្កាត់ស្ទឹងមានជ័យ៣

Leave a Reply

Your email address will not be published. Required fields are marked *