ខ្សឹបដាក់ត្រចៀក÷ មេភូមិសុភីត្រូវគេសង្ស័យថាបន្លំស្នាមមេដៃប្រជាពលរដ្ឋយកទៅកាឡៃរឿងផ្សេងលប់លាងភាពមិនប្រក្រតី

ចេញផ្សាយ÷01.08.2021

ខេត្តកំពត÷ដោយសារតែបញ្ហាដីធ្លីនៅស្រុកដងទង់ ខេត្តកំពតកំពុងមានហាងឆេងបានធ្វើឲ្យប្រជាពលរដ្ឋស្រុកមួយនេះមួយចំនួនសើចសប្បាយពុះកញ្ជ្រោល តែមួយចំនួនទៀតកំពុងទឹកភ្នែកខណ:ដែលអាជ្ញាធរស្រុក ខេត្តក៏ជញ្ជក់មាត់ជីបៗទទួលបានលាភសក្ការ:ពីប្រជាពលរដ្ឋនិងក្រុមហ៊ុនវិនិយោគ ដោយមិនខ្លាចធ្វើឯកសារបន្លំផង ស្របច្បាប់ផង។
រឿងថ្មីមួយទៀតដែលអាចនិយាយថា(តភាគ)ក៏ថាបាន បន្ទាប់ពីប្រជាពលរដ្ឋច្រើនគ្រួសារបានដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយទាក់ទិនមន្រ្តីខេត្តកំពតមួយចំនួនសង្ស័យប្រព្រឹត្តអំពើពុករលួយរំលោភយកដីរាស្រ្តស្លូតត្រង់នោះ ស្រាប់តែលេចចេញបាតុភាពប្រជាពលរដ្ឋ១៩គ្រួសារនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ប្តឹងប្រជាពលរដ្ឋ៤គ្រួសារដែលមានឈ្មោះ ១.ឈឹម ណាន ២.ឈឹម សុខឿន ៣.ប៉ែន ថា និង៤ ញ៉យ ផល្លី ថាបង្កការអុកឡុកចលាចល័តរំលោភបំពានលើ គ្រួសារទាំង១៩ ខណ:ដែល៤នាក់នេះគ្មានដីនៅចំណុចមានទំនាស់នេះផង។
ប្រៀបបានមនុស្ស២នាក់ដណ្តើមគ្នាដេកកណ្តាល ភាគី៤នាក់បានបដិសេធដោយអះអាងថា ពួកគាត់ពិតជាមានដីបង្កបង្កើនផលនៅភូមិនេះយូរមកហើយដោយខ្លះមាន៣០អា ខ្លះកន្លះហិកតា ខ្លះ១ហិកតា ហើយពួកគាត់មិនព្រមលក់ដីឲ្យឈ្មួញដូច១៩គ្រួសារនេះទើបមានបញ្ហានេះកើតឡើង។
លោកស្រី ឈឹម ណាន តំណាង៤គ្រួសារ បានឲ្យដឹងថា ពិតជាគួរឲ្យហួសចិត្តដែលអាជ្ញាធរស្រុក ឃុំ ជាពិសេសលោក តឹល រិន មេភូមិសុភីបានលេងឆាកល្ខោនបន្លំភ្នែកថ្នាក់លើឲ្យប្រជាពលរដ្ឋ១៩គ្រួសារផ្តិតមេដៃប្តឹងពួកគាត់៤គ្រួសារពីករណីបង្កការអុកឡុកចលាចល័តរំលោភបំពានលើ គ្រួសារទាំង១៩និងថាអ្នកទាំង៤នាក់គ្មានដីនៅចំណុចនេះទេ។តែតាមការពិតស្នាមមេដៃដែលមេភូមិឲ្យពលរដ្ឋផ្តិតនោះពួកគាត់មិនមែនប្តឹងប្រជាពលរដ្ឋ៤គ្រួសារនេះទេ គឺជាស្នាមមេដៃដែលមេភូមិប្រាប់ថាផ្តិតរង់ចាំទួលយកលុយលក់ដីពីឈ្មួញដែលមិនទាន់ឲ្យលុយគ្រប់ព្រោះកន្លងមកគាត់ទទួលបាន៥០ភាគរយហើយ។
ពេលឮដីច្នេះខ្ញុំក៏ផ្តិតទៅខ្ញុំមានដឹងអី?នេះជាសម្តីលោកពូ សំ សារឿន។
ចំណែកលោក ជៃ ចាន់ណារ៉ា បានបដិសេធថា គាត់មិនបានប្តឹងប្រជាពលរដ្ឋ៤គ្រួសារនេះទេ ហើយការដែលគាត់ហ៊ានផ្តិតមេដៃនេះដោយសារមេភូមិប្រាប់ថាជួយដឹងឮព្រោះមានគេពីក្រៅមកចង់យកដីប្រជាជនភូមិយើង។ចុះហេតុអីស្រាប់តែមេដៃនេះត្រូវមេភូមិយកមកផ្គុំទៅប្តឹងប្រជាពលរដ្ឋ៤គ្រួសារនេះទៅវិញ?លោកជៃ ចាន់ណារ៉ា អះអាងថាបើចឹងមែនលោកមិនខ្លាចឆ្លើយការពិតចំពោះមុខច្បាប់នោះទេក្នុងករណីមេភូមិក្រឡៃឯកសារបែបនេះ។ ដោយឡែកប្រជាពលរដ្ឋច្រើនគ្រួសារទៀតក្នុងចំណោម១៩គ្រួសារនេះកាលបើបានឃើញឯកសារបំភ័ន្តដោយមេភូមិយ៉ាងនេះនាំគ្នាទះទ្រូងហួសចិត្តគ្រប់គ្នា។
លោកមេភូមិ សុភី អ្នកយកពត៌មានជីវិតនិងកីឡា មិនអាចសុំការបញ្ជាក់បានទេនៅថ្ងៃទី៣១ខែកក្កដានេះ។ប៉ុន្តែអ្នកច្បាប់និយាយថា បើជនណាបន្លំឯកសារដូចករណីមេភូមសុភីនេះ ត្រូវទទួលទោសជាធរមាន។
យ៉ាងណារឿងវិវាទដីធ្លីមួយនេះមិនចប់ទេ ដោយនៅថ្ងៃទី២៨ ខែកក្កដាកន្លងមកនេះ រដ្ឋបាលខេត្តកំពតបានកោះហៅឈ្មោះប៉ែន ថាននិងឈ្មោះមាស ជីន (ភាគី១៩គ្រួសារ)ចូលទៅប្រជុំដោះស្រាយ នៅរដ្ឋបាលខេត្តកំពតនាថ្ងៃទី២សីហាខាងមុខនេះដើម្បីពិភាក្សាស្រាយបំភ្លឺឆ្លើយតបចំពោះសារព័ត៌មានលើការស្នើសុំចុះបញ្ជីធ្វើបណ្ណកម្មសិទ្ធិរបស់ប្រជាពលរដ្ឋភូមិសុភី។នៅពេលនោះអង្គភាពសារព័ត៌មានជីវិតនិងកីឡាយើង និងចាំឃ្លាំមើលតើការបកស្រាយចំពោះមុខអ្នកកាសែតរបស់បុគ្គល២នាក់និងអាជ្ញាធរមូលដ្ឋានមានតម្លាភាពឬជាន់ពន្លិចតែម្ខាងៗដើម្បីទទួលផលប្រយោជន៍អ្វីមួយ ?៕

Leave a Reply

Your email address will not be published. Required fields are marked *