ឈ្មួញឈ្មោះ ថៃ ប្រើប្រាស់រថយន្តពាក់ស្លាកលេខ ខ.ម ដឹកជញ្ជូនឈើឆ្លងខេត្តយ៉ាងត្រជាក់ចិត្ត

ចេញផ្សាយ÷25.08.2021

ខេត្តសៀមរាប ៖ ឈ្មួញអ្នករកស៊ីឈើតូចតាចបានឲ្យដឹងថា ឈ្មួញឈើម្នាក់ឈ្មោះ ថៃ នៅតែប្រើប្រាស់រថយន្តពាក់ស្លាកលេខ ខ.ម ដើម្បីដឹកជញ្ជូនឈើប្រណីតជាឈើប្រភេទលេខ១ ពីស្រុកវ៉ារិន ឆ្លងកាត់ស្រុកស្វាយលើ ចូលក្រុងសៀមរាប យ៉ាងគឃ្លើន ទោះបីប្រមុខរាជរដ្ឋាភិបាលហាមឃាត់មិនឲ្យយកសម្បត្តិរដ្ឋបម្រើការងារវិស័យឯកជនក៏ដោយ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ឈ្មួញម្នាក់នេះមានខ្នងបង្អែករឹងមាំណាស់ទើបអាចប្រើប្រាស់រថយន្តពាក់ស្លាកលេខ ខ.ម ដើម្បីដឹកជញ្ជូនឈើបានយ៉ាងរលូន ហើយមិនដឹងថា ឈ្មួញម្នាក់នេះមានទំនាក់ទំនងល្អជាមួយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប យ៉ាងណានោះដែរ បានជាឈ្មួញម្នាក់នេះមិនញញើតនឹងការរកស៊ីឈើល្មើសច្បាប់។
ចំណែកប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ថៃ វិញបានឲ្យដឹងថា លោក ម៉ែន វុទ្ធី ហៅឡយ នាយសង្កាត់រដ្ឋបាល ព្រៃឈើស្វាយលើ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាបមិនហ៊ានចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ថៃ នោះទេ ដោយសង្ស័យខ្លាចខូចប្រយោជន៍ឬខ្លាចបែកឆ្នាំងបាយរបស់មន្រ្តីទាំងនេះក៏មិនដឹង។ លើសពីនេះទៀតលោក ម៉ែន វុទ្ធី និងសមត្ថកិច្ចពាក់ព័ន្ធគឺជាអ្នកសម្រួល ឲ្យឈ្មួញឈ្មោះ ថៃ ប្រើប្រាស់រថយន្តពាក់ស្លាកលេខ ខ.ម ដឹកជញ្ជូនឈើទៅដល់គោលដៅ យ៉ាងរលូនទៀតផង។ ករណីបែបនេះធ្វើឲ្យឈ្មួញឈ្មោះ ថៃ នៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយយ៉ាងស្រួល ជាពិសេស ឆ្លងកាត់ស្រុកស្វាយលើ ចូលដល់ក្រុងសៀមរាបតែម្តង។
យ៉ាងណាបើតាមឈ្មួញអ្នករកស៊ីដឹកឈើតិចតួចបានបង្ហើបឲ្យដឹងថា បើគ្មានខ្នងបង្អែករឹងមាំទេឈ្មួញឈ្មោះ ថៃ ក៏មិនអាចប្រើប្រាស់រថយន្តពាក់ស្លាកលេខ ខ.ម ដឹកជញ្ជូនឈើឆ្លងកាត់ស្រុកស្វាយលើ យ៉ាងរលូនបានដែរ។
ពាក់ព័ន្ធការលើកឡើងខាងលើនេះ សារព័ត៌មាន ជីវិតនិងកីឡា មិនអាចសុំការបញ្ជាក់ពីឈ្មួញ ឈ្មោះថៃ បានទេ ដោយគ្មានលេខទូរស័ព្ទ ៕

Leave a Reply

Your email address will not be published. Required fields are marked *