សង្វៀនឈ្មោះផឹង លួចបើកសង្វៀនបញ្ជល់មាន់គ្មានញញើតច្បាប់ បំពេញមុខចៅសង្កាត់បាក់ខែង និងលោកឃ្លាំង ហួត

ចេញផ្សាយ÷08.11.2021

ភ្នំពេញ៖ប្រជាពលរដ្ឋមូលដ្ឋានបានខ្សឹបឲ្យបណ្ដាញព័ត៌មានកម្ពុជាខ្ញុំ(mcn.news) ឲ្យដឹងថា សព្វថ្ងៃនេះមានការលួចបើកង្វៀនបញ្ជល់មាន់ខុសច្បាប់យ៉ាងអាណាធិបតេយ្យ នៅចំណុចផ្លូវលំ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយគ្មានឃើញសមត្ថកិច្ចណាទៅបង្រ្កាបម្តងណាឡើយ។
ជាក់ស្តែងដូចជាកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១វេលាម៉ោង១១ព្រឹកកន្លងទៅនេះ ក្រុមអ្នកញៀនល្បែងបក្សីកីឡាមួយក្រុមបានបបួលគ្នាបញ្ជល់មាន់ភ្នាល់ដាក់លុយរាប់ពាន់ដុល្លារ
នៅសង្វៀនផ្ទះរបស់ឈ្មោះ ផឹង យ៉ាងគគ្រឹកគគ្រេងគ្មានខ្លាចរដ្ឋអំណាច ឬខ្លាចឆ្លងរាលដាលជំងឺកូវីដ.១៩នោះឡើយ។
ករណីបើកល្បែងស៊ីសងគ្មានញញើតយ៉ាងនេះគេមិនដឹងថាឈ្មោះផឹងមានឥទ្ធិពលខ្លាំងយ៉ាងណា បានជាអាជ្ញាធរមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ខែង ជាពិសេសលោកចៅសង្កាត់ហាក់មិនហ៊ានអើពើនិងចុះបង្ក្រាបនោះឡើយ។
ប្រជាពលរដ្ឋបានលួចខ្សឹបឲ្យដឹងទៀតថា ការបើកល្បែងជល់មាន់ខាងលើនេះ គឺមួយអាទិត្យគេនាំគ្នាលេងបីទៅបួនដងឬ៥ដង ហើយមានអ្នកចូលរួមជល់មាន់យ៉ាងច្រើន ដោយមិនឃើញមានសមត្ថកិច្ចមូលដ្ឋានណាចុះបង្ក្រាបឡើយ ជាពិសេសលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាក៏មិនបានអើពើរឿងនេះដែរ ឬមួយពួកគាត់ខ្លាចបែកឆ្នាំងបាយពួកគាត់ផងក៏មិនដឹង។
ប្រជាពលរដ្ឋបានសំនូមពរដល់លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារមេត្តាចុះមើលករណីល្បែងស៊ីសងខុសច្បាប់ក្នុងខណ្ឌរបស់លោកគ្រប់គ្រងផង ព្រោះសកម្មភាពទាំងនោះវាបង្ហាញថា ខណ្ឌលោកដឹកនាំគ្រប់គ្រងគឺផ្ទុយពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពព្រោះបើកល្បែងស៊ីសង ឬគ្រឿងញៀន៕
អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *