ខ្សឹបមួយ…អុញ!តែងតាំងនាយប៉ុស្តិ៍ឃ្មួញថ្មីគឺជាមន្រ្តីធ្លាក់ពីអាកាសាមែនទេ?

ចេញផ្សាយ÷06.02.2022

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល ឃ្មួញ ខណ្ឌ សែនសុខ កំពុងនាំគ្នាធ្វើភ្នែកស្លឺដូចត្រីស្ងោរបន្ទាប់ពីដឹងថា ថ្នាក់លើ បានចាត់តាំងនាយប៉ុស្តិ៍ឃ្មួញថ្មី ជំនួសមេប៉ុស្តិ៍ចាស់ដែលត្រូវចូលនិវត្តដែលជាអ្នកមកពីចម្ងាយ ក្រៅពីខណ្ឌសែនសុខ។
ការភ្ញាក់ផ្អើលនេះធ្វើឲ្យមានការជ្រួលច្របល់ ជាពិសេសលោកនាយរងប៉ុស្តិ៍ ដែលកំពុងមានសង្ឃឹមនិងមានទឹកមាត់លេបថា បើមេប៉ុស្តិ៍ចាស់ចូលនិវត្តខ្លួននឹងបានឡើងធ្វើមេប៉ុស្តិ៍ជំនួសតាមអ្វីដែលគាត់គិតថាកន្លងមកសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាធ្លាប់បានផ្តល់អនុសាសន៍ដ៏ថ្លៃថ្លាថា ការជ្រើសតាំងឬដំឡើងឋាន:ថ្នាក់ដឹកនាំអង្គភាពនីមួយៗ ដាច់ខាតមិនត្រូវយកមន្រ្តីមកពីអង្គភាពផ្សេងមកធ្វើមេដឹកនាំជំនួសក្រៅពីដំឡើងឋាន:ឬតែងតាំងអនុប្រធានឬមន្ត្រីមានសមត្ថភាពនៃអង្គភាពចាស់ធ្វើជាប្រធានដឹកនាំនោះឡើយ។ អនុសាសន៍នេះត្រូវបានគេលើកជាឧទាហរណ៍ដូចជាលោក គឹម សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល កន្លងមកត្រូវបានដំឡើងជាអភិបាលខេត្តកណ្តាល ដោយស្វ័យប្រវត្តិជំនួសលោក ផៃ ប៊ុនឈឿន ខណ:មានសំណើជាច្រើនយកបេក្ខភាពពីខាងក្រៅទៅដាក់ជំនួស តែសម្តេចតេជោមិនយល់ព្រម។
យ៉ាងណាមិញ សម្រាប់ការតែងតាំងមេប៉ុស្តិ៍ប៉ូលិស ឃ្មួញ នៅពេលនេះ មិនត្រូវបានគេដឹងថាគឺជាការផ្ទុយនឹងអនុសាសន៍របស់សម្តេចទាំងពីរ ឬដោយសំអាងលើអ្វីនោះទេ ខណ:ដែលគេសង្ស័យថា នេះជាទង្វើបក្សពួកនិយម ឬ មេប៉ុស្តិ៍មកថ្មីនេះជាទេវប្រាក់ដឹកមុខថ្នាក់លើមួយចំនួនណានោះ។ គេមានចម្ងល់ថាហេតុអ្វី បានជាការផ្លាស់ប្តូរមេប៉ុស្តិ៍មិនបានសួរនាំមន្ត្រីនៅក្នុងប៉ុស្តិ៍នេះគ្រាន់បានធ្វើការវិនិច្ឆ័យខ្លះផង?។

បើតាមការខ្សឹបខ្សៀវពីមន្រ្តីនគរបាលពាក់ស័ក្តិក្រិនដែលធ្វើការមិនតិចជាង២០ឆ្នាំបានត្រឹមពាក់ស័ក្តិ១ ឬស័ក្តិ២នោះបានបង្ហើបឲ្យដឹងថា មន្ត្រីនគរបាលដែលត្រូវតែងតាំងជានាយប៉ុស្តិ៍ឃ្មួញនោះគឺមកពីអធិការរដ្ឋាននគរបាលខណ្ឌទួលគោក ហើយពិធីប្រកាសចូល កាន់តំណែងជាផ្លូវការនឹងត្រូវធ្វើឡើងនៅក្នុងពេលឆាប់ៗនេះហើយ។
តើមន្ត្រីនគរបាលនៅប៉ុស្តិ៍ឃ្មួញទាំងឡាយគ្មានសមត្ថភាពឡើងធ្វើជាមេប៉ុស្តិ៍ឬយ៉ាងណាបានជាត្រូវយកមនុស្សពីកន្លែងផ្សេងឲ្យឡើងធ្វើជាមេប៉ុស្តិ៍យ៉ាងដូច្នេះ? ប្រការនេះវាហាក់ដូចជាផ្ទុយទៅនឹងគោលការណ៍របស់ក្រសួងមហាផ្ទៃទៅហើយដែរ។យ៉ាងណាក៏ដោយវាមិនអាចបកក្រោយបានទេពីព្រោះថាពិធីប្រកាសមេប៉ុស្តិ៍ថ្មីនឹងធ្វើឡើងក្នុងពេលឆាប់ឆាប់នេះហើយ។
បើដូច្នេះមែន មានតែមន្ត្រីនគរបាលតូចតាចនៅប៉ុស្តិ៍ឃ្មួញត្រូវតែទ្រាំខាំមាត់សង្កត់ចិត្តតទៅទៀតទៅ ធ្វើម៉េចបើយើងគ្មានសមត្ថភាព គ្មានបក្សពួក និងគ្មាន ទេវប្រាក់ដូចគេ៕
កម្ពុជាខ្ញុំ

Leave a Reply

Your email address will not be published. Required fields are marked *