ទស្សនល្ងីល្ងើៈ  អ្នកណាជាអ្នកទទួលខុសត្រូវ ?

0
198

ក្រោយមានឧបទ្ទវហេតុរលំអគារដែកកម្ពស់៧ជាន់នៅក្រុងព្រះសីហនុនាពេលថ្មីៗ បានធ្វើ ឲ្យមនុស្សជាច្រើន ជាពិសេសក្រុមអ្នកព្រោកប្រាជ្ញតាមតៀមកាហ្វេនាំគ្នាបញ្ចេញទស្សនៈ​ផ្សេងៗគ្នា ដោយដាក់ចំណោទសួរថា « តើអ្នកណាជាអ្នកទទួលខុសត្រូវ ? »

ប្រធានបទ ចំណោទសួរថា « តើអ្នកណាជាអ្នកទទួលខុសត្រូវ ក្នុងករណីនេះ ត្រូវបានអ្នកខ្លះ ឆ្លើយថា គឺអាជ្ញាធរដែនដី ជាអ្នកទទួលខុសត្រូវ ។ ឯខ្លះទៀតថា មិនមែនអាជ្ញាធរដែនដីនោះ​ទេ គឺមន្ទីរ ក្រសួងជំនាញជាអ្នកទទួលខុសត្រូវ ព្រោះអគារខ្ពស់ៗ យ៉ាងនេះ ទាល់តែមានការ ត្រួតពិនិត្យពីអ្នកជំនាញបច្ចេកទេសសំណង់ជាន់ខ្ពស់ (វិស្វករ)របស់មន្ទីរ ក្រសួងជំនាញ​ជាមុនសិន ទើបអនុញ្ញាត​ឲ្យ​សាង​​សង់​​​បាន។

យ៉ាងណាការជជែករបៀបដោះបន្ទុកក្នុងការទទួលខុសត្រូវរលំអគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុនេះធ្វើឲ្យលោកពូវ័យចំណាស់ម្នាក់ដែលអង្គុយផឹកកាហ្វេខ្មៅនៅជ្រុងតុ ម្ខាង ឆ្លើយកាត់ថា« មិនបាច់ឆ្ងល់ទេ បើចង់ដឹងអ្នកណាជាអ្នកទទួលខុសត្រូវរឿងនេះ ចាប់ដៃ អ្នករត់ការ ជាពិសេសម្ចាស់ការដ្ឋានសំណង់មកសួរថា តើឯងឲ្យលុយអ្នកណាខ្លះ ទើបអាច សាងសង់សំណង់នេះបាន? » បើខ្ញុំស្មានមិនខុសទេ អ្នកទាំងនោះ គឺចាប់ពីប្រធានក្រុម មេភូមិ ចៅសង្កាត់ មេខណ្ឌ ចៅហ្វាយក្រុង ចៅហ្វាយខេត្ត និងស្ថាប័នក្រសួងពាក់ព័ន្ធ ជាដើម ។ ដូច្នេះអ្នកទាំងអស់នេះហើយជាអ្នកទទួលខុសត្រូវរឿងនេះមិនបាច់ឆ្ងល់ទេ ព្រោះអ្នកទាំងនេះ​ស៊ីញ៉េ​យកលុយគេ ទោះសំណង់នេះរឹងមាំ ឬមិនមាំដួលសង្កត់អាណាងាប់ក៏ងាប់​ទៅអញមិន​ខ្វល់​ទេ ធ្វើម៉េចឲ្យតែ​អញរស់ ! ។

ការរៀបរាប់របស់លោកពូយ៉ាងដូច្នេះ ធ្វើឲ្យបុរសផឹកកាហ្វេទឹកកកក្បែរនោះឆ្លើយកាត់ផូងថា ពូឯងចេះតែថា ការពិតអ្នកជំនាញនិងអាជ្ញាធរបានទៅហាមឃាត់ពីរដងឯណោះ តែគេមិន​ស្តាប់។ ពេលឮដូច្នេះ លោកពូបានដាក់កែវកាហ្វេខ្មៅចុះរួចសើចឃឹក…លាន់មាត់ថា ចុម!​អាជ្ញាធរដែន​ដីប៉ុន​ណាណីបើឃាត់គេមិនស្តាប់ ហេតុអីមិនប្រើអំណាចឬមានវិធានការ​ក្តៅទៅបង្រ្កាប ? បើមិនហ៊ានបង្រ្កាបអ៊ីចឹងមែន មិនខុសទេដូចប្រ​សាសន៍​សម្តេចតេជោ លើកឡើងថាបើ បើគ្មានអំណាចបង្រ្កាប ទុកឲ្យឯកជនដឹកនាំវិញឬ​យ៉ាងម៉េច ? និយាយចប់លោកពូលូកយកលុយពីហោប៉ៅបោកលើតុ បម្រុងឲ្យថ្លៃកា​ហ្វេ​ព្រមទាំង​យកម្រាម​ដៃឈ្លីលុយដុល្លារមួយសន្លឹករួចពោលថា ក្រែងអស់លោកទាំងនោះខ្លាច អាស្រម៉ូមនេះទេដឹង បានចេះតែបិទភ្នែករហូតទុកឲ្យមនុស្សស្លាប់និងរបួសមនុស្សច្រើននាក់យ៉ាងនេះ?

បានស្តាប់ការបកស្រាយរបស់លោកពូ ធ្វើឲ្យនាយឡយខ្ញុំលេបទឹកមាត់ក្អឹក ហើយគិតថា គាត់ និយាយនេះត្រូវ ឬខុស ទុកឲ្យមិត្តអ្នកអានពិចារណាចុះ ៕ នាយឡយ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here