ខេត្តមណ្ឌលគិរីៈ ជាថ្មីម្តងទៀត នៅខេត្តរតនគិរី ក្រុមជំនាញបានរកឃើញគ្រាប់បែកគីមី១០ ធុងទៀត ដែលបន្សល់ទុកពីការទម្លាក់គ្រាប់បែកពីយន្តហោះអាមេរិកាំង ក្នុងអំឡុងទសវត្ស៦០-៧០ ហើយបន្ទាប់ពីរកឃើញយ៉ាងដូច្នេះ ត្រូវបានលោកឧត្ដមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នៃក្រសួងការពារជាតិ បានដឹកនាំក្រុមបច្ចេកទេសរបស់អង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ (Organization for the Prohibition of Chemical Weapons – OPCW) ចុះពិនិត្យគ្រាប់បែកគីមីដែលអាមេរិចទម្លាក់មិនផ្ទុះនៅលើទឹកដីស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីរសៀល ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧
ឧត្ដមសេនីយ៍ឯក កេ ដា បានមានប្រសាសន៍ថា គ្រាប់បែកគីមីរបស់អាមេរិកដែលបានរកឃើញបន្ថែមទៀតចំនួន១០ធុង នៅគោលដៅ៨ចំណុច គឺបានរកឃើញតាំងពីឆ្នាំ២០១៥មកម្ល៉េះ ហើយពេលនោះមានអ្នកជំនាញជនជាតិអាមេរិកមកពិនិត្យម្ដងរួចមកហើយដែរ ប៉ុន្តែក្រុមអ្នកជំនាញអង្គការ OPCW គេចង់មកពិនិត្យម្ដងទៀតឲ្យកាន់តែជាក់ច្បាស់។ គ្រាប់បែកទាំងនេះមិនទាន់អាចសន្និដ្ឋានថា សំណល់គ្រាប់បែកគីមីទាំងនេះ ជាប្រភេទគីមីអ្វីនៅឡើយដែរ លុះត្រាតែការពិនិត្យ និងពិសោធន៍របស់អ្នកជំនាញ OPCW ចប់សព្វគ្រប់សិន ទើបអាចជជែក និងផ្ទៀងផ្ទាត់ព័ត៌មានរួមគ្នាបាន។
ទោះយ៉ាងណា លោក កេ ដា បន្ថែមថា មុនរកឃើញគ្រាប់បែកគីមីទាំងនេះ គឺក្រុមមន្ត្រីជំនាញបានចុះមកផ្សព្វផ្សាយដល់ពលរដ្ឋនៅមូលដ្ឋានជាមុន ដើម្បីឲ្យពួកគាត់មានការប្រុងប្រយ័ត្ន និងស្គាល់ពីប្រភេទគ្រាប់គីមីទាំងនេះ ហើយបន្ទាប់មក ក៏មានការរាយការណ៍ពីប្រជាពលរដ្ឋដែលអាស្រ័យផលពីព្រៃឈើ ថាបានប្រទះឃើញប្រភេទគ្រាប់បែកគីមីទាំងនេះ ទើបឈានដល់ការរកឃើញគ្រាប់បែកគីមីទាំងនេះចំនួន១០ធុងជាថ្មីផ្សេងទៀត។
លោក កេ ដា បន្ថែមទៀតថា កាលពីឆ្នាំ២០១១ ក្រុមមន្ត្រីជំនាញក៏បានរកឃើញ ប្រភេទគ្រាប់បែកគីមីដូចនេះចំនួន១២ធុងរួចមកហើយដែរ នៅក្នុងស្រុកអូររាំង។ លោកថា គ្រាប់បែកគីមីទាំងនេះ គឺត្រូវបានទម្លាក់នៅខេត្តមណ្ឌលគិរី ក្នុងចន្លោះអំឡុងទសវត្ស៦០ និង៧០។ ចំណែកសកម្មភាពរបស់ក្រុមអ្នកជំនាញអង្គការ OPCW ពិនិត្យទៅលើទីតាំងគ្រាប់បែកគីមីទាំង១០ខាងលើ ក៏នឹងបន្តដល់ថ្ងៃក្រោយផងដែរ។
សូមបញ្ជាក់ថា ប្រភេទគ្រាប់បែកគីមីទាំងនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនៅមូលដ្ឋានអះអាងថា សុទ្ធតែជាគ្រាប់បែកដែលទម្លាក់មិនផ្ទុះ ដូច្នេះគឺវានៅមានផ្ទុកសារធាតុគីមីនៅឡើយដែលអាច សាយភាយជុំវិញបរិវេណគ្រាប់បែកទាំងនោះ ហើយស្ថានភាពគ្រាប់បែកទាំងនោះ គឺមានរាងដូចធុងសាំង ព្រមទាំងមានសភាពពុកផុយ អាចមើលឃើញប្រភេទផ្សៅគីមីដែលផ្ទុកក្នុងគ្រាប់បែកនោះតែម្ដង។អ្វីដែលគួរឲ្យបារម្ភនោះឥទ្ធិពលគីមីគ្រាប់បែកទាំងនេះ គ្រាន់តែនៅក្បែរវាក៏អាចធ្វើឲ្យយើងរមាស់លើស្បែក ប៉ះពាល់ដល់ផ្លូវដង្ហើមទៀតផង ៕ សហការី
