ភ្នំពេញ) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ជាចម្លើយតបទៅនឹងសហគមន៍អ៊ឺរ៉ុបវិញថា កម្ពុជាមិនបានព្រួយបារម្ភអំពីបបញ្ហាសហគមន៍អឺរ៉ុបផ្តាច់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប៉ុន្មានថ្ងៃមុននេះឡើយព្រោះកម្ពុជាបានត្រៀមរួចរាល់ហើយសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះប្រព្រឹត្តទៅយ៉ាងរលូន ។
ក្នុងជំនួបជាមួយកម្មករ និយោជិត កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា «ឥឡូវប្រជាជនបានត្រៀមរួចរាល់ហើយសម្រាប់ការបោះឆ្នោត។ រាជរដ្ឋាភិបាលក៏មានទុនគ្រប់គ្រាន់ដែរសម្រាប់ការបោះឆ្នោត ការចុះឈ្មោះធ្វើបច្ចុប្បន្នភាពសម្រាប់បញ្ជីបោះឆ្នោតក៏បានធ្វើរួចហើយ។ ដំណើរការនឹងចាប់ផ្តើមតាមការគ្រោងទុក ទោះមានបក្សប៉ុន្មានចូលរួម ហើយមានបក្សមិនតិចទេចូលរួមក្នុងការបោះឆ្នោត»។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ប្រទេសដែលគ្រប់គ្រងដោយច្បាប់ទើបជាប្រទេស ដែលមានប្រជាធិបតេយ្យ និងរក្សាបាននូវដំណើរការប្រជាធិបតេយ្យពិតប្រាកដ។ ប្រជាធិបតេយ្យ ដែលគ្មានការគ្រប់គ្រងដោយច្បាប់ ឬនិយាយមួយបែបដោយគ្មាននីតិរដ្ឋ គឺជាដំណើរអនាធិបតេយ្យមិនអាចគ្រប់គ្រងបាន ហើយទីបំផុតវាត្រូវនាំមកនូវវិនាសកម្ម និងភាពខ្លោចផ្សារក្នុងប្រទេស។«ខ្ញុំសូមទទូចឱ្យអ្នកទាំងអស់គ្នាខិតខំរក្សានូវអ្វីដែលខ្លួនមាន តាមរយៈការថែទាំនូវសន្តិភាព ដែលយើងរកបានដោយលំបាក ថែទាំជាមួយនឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដែលនៅក្នុងឆ្នាំ២០១៨ខាងមុខ យើងនឹងត្រូវបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានៅថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយនឹងបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨»។
សម្តេចតេជោ ហ៊ុន សែន បានអះអាងដូច្នេះទៀតថា កន្លងទៅ អ្វីដែលកម្ពុជាបានធ្វើ គឺស្ថិតនៅក្នុងក្របខណ្ឌច្បាប់របស់កម្ពុជា ដើម្បីការពារឯករាជ្យ អធិបតេយ្យភាពជាតិ សន្តិភាព ស្ថេរភាភាពនយោបាយរបស់កម្ពុជា។ កម្ពុជានៅតែប្តេជ្ញាបន្តដំណើរការកសាងប្រទេសជាតិ នៅលើមូលដ្ឋានច្បាប់របស់កម្ពុជា ធ្វើយ៉ាងណាឲ្យកម្ពុជាដើរលើមាគ៌ាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ។ «ការបោះឆ្នោត ខែកក្កដា ២០១៨ មិនមែនជាការបោះឆ្នោតឯកបក្សទេ គឺមានបក្សច្រើនចូលរួមប្រកួតប្រជែង ទៅតាមគោលការណ៍ប្រជាធិបតេយ្យ។
ការចង់បាន និងចង់ឃើញសភាពការណ៍កម្ពជាត្រឡប់ទៅរកភាពដើមវិញ និងចង់ឲ្យបក្សប្រឆាំងរស់ឡើងវិញ គឺមិនអាចទៅរួចទេ។ បើចង់យ៉ាងដូច្នេះ មានន័យថា លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពជា នឹងគ្មានន័យឡើយ គឺ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋត្រូវបំផ្លាញចោល។ ការចាត់វិធានការណ៍ផ្លូវច្បាប់ចំពោះមេបក្សប្រឆាំង និងបក្សប្រឆាំង ដោយសារមេបក្សប្រឆាំងបានសារភាពដោយខ្លួនឯងថា បានទទួលការបង្គាប់បញ្ជាពីសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា និងប្តូរមេដឹកនាំនៅក្នុងប្រទេសកម្ពុជា។ កម្ពុជាដើរលើផ្លូវត្រូវរបស់ខ្លួន នោះគឺលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលជាការបង្ហាញផ្លូវពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
ដូចប្រសាសន៍ខាងលើរបស់សម្តេចតេជោ ហ៊ុន សែន ដែរ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីថ្លែងការណ៍តបនឹងការប្រកាសកាត់ផ្តាច់ជំនួយរបស់សហគមន៍អឺរ៉ុបចំពោះការរៀបចំការបោះឆ្នោតនៅកម្ពុជា។
ខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍របស់ គ.ជ.ប រួមមាន៣ចំណុច គឺសហភាពអឺរ៉ុប គួរតែយល់ថា គ.ជ.ប អនុវត្តការងារជាអ្នកបច្ចេកទេស ហើយសហភាពអឺរ៉ុបមិនត្រូវយករឿងរបស់តុលាការ និងបញ្ហានយោបាយមកដោះស្រាយជាមួយនឹងការងារបច្ចេកទេសរបស់គ.ជ.បនោះទេ។ គ.ជ.ប នៅតែរក្សាគោលដៅចម្បងទាំង២ ដែល គ.ជ.ប បានអនុវត្តក្នុងការបោះឆ្នោតឆ្នាំ២០១៧ កន្លងមកនេះដដែល នោះគឺពលរដ្ឋខ្មែរ ត្រូវមានឈ្មោះត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោត ហើយសិទ្ធិសម្តែងមតិតាមរយៈសន្លឹកឆ្នោត ត្រូវតែបានរាប់យ៉ាងត្រឹមត្រូវបំផុត គ្មានលម្អៀងទៅរកគណបក្សនយោបាយណាមួយនោះទេ។ សហប្រតិបត្តិការរបស់គ.ជ.ប កន្លងមកជាមួយគ្រប់ភាគីពាក់ព័ន្ធ គឺប្រកបដោយសុឆន្ទៈ បង្ហាញឱ្យឃើញផ្ទាល់ភ្នែកពីតម្លាភាព ដែលគ.ជ.ប រៀបចំការបោះឆ្នោតនេះ ហើយលទ្ធផលបានបង្ហាញយ៉ាងច្បាស់ពីសាធារណមតិជាតិ និងអន្តរជាតិរួចទៅហើយដែរ។ ខាងមុខនេះ គ.ជ.ប នៅតែបន្តរក្សាជំហរដដែល ហើយនៅតែស្វាគមន៍ចំពោះជំនួយអន្តរជាតិណា ដែលប្រកបដោយសុឆន្ទៈពិតប្រាកដ៕ប្រសើរ
