ភ្នំពេញ៖ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសក្នុងពិធីសម្ពោធ បើកឲ្យប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេស យានយន្តចល័តជាផ្លូវការ នៅមជ្ឈមណ្ឌលពិព័រណ៍ម៉ុងឌីយ៉ាល់ ដែលស្ថិតនៅតាមបណ្តោយ ផ្លូវម៉ៅសេងទុង ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះថា នៅដើមឆ្នាំ២០១៧ខាងមុខ ក្រសួងនឹងដាក់ឲ្យដំណើរការ ជាសាធារណៈ នូវការចុះបញ្ជីតាមប្រព័ន្ធអនឡាញ ដោយប្រជាពលរដ្ឋអាចធ្វើស្លាកលេខ ចុះបញ្ជីយានយន្តតាមប្រព័ន្ធអនឡាញ ធ្វើឲ្យ ចំណេញពេលវេលា និងកាត់បន្ថយការរត់ការដូចសព្វថ្ងៃនេះ។
លោកទេសរដ្ឋមន្រី្តបន្ថែមទៀតថា “នៅដើមឆ្នាំ២០១៧នេះ បន្ទាប់ពីមានការចុះបញ្ជី រថយន្តតាមប្រព័ន្ធអនឡាញមួយហើយ យើងនៅមានប្រព័ន្ធមួយទៀតគឺ ការចុះបញ្ជីម៉ូតូតាមប្រព័ន្ធអនឡាញ ដើម្បីផ្តល់នូវភាពងាយស្រួលដល់អ្នកទិញម៉ូតូដូចជា ទិញភ្លាមបានស្លាកលេខភ្លាម ដោយសារយើងតម្រូវឲ្យម្ចាស់ហាងលក់ម៉ូតូទាំងអស់ត្រូវភ្ជាប់អនឡាញជាមួយក្រសួង និងត្រូវបញ្ជូនឯកសារពាក់ព័ន្ធទាំងនោះ តាមប្រព័ន្ធអនឡាញមកក្រសួង ហើយក្រសួងនិងធ្វើការពិនិត្យ ឲ្យបានត្រឹមត្រូវ ក្រសួងនិងបញ្ជូនទៅហាងវិញ ដោយគាត់អាចបោះពុម្ពប័ណ្ណសម្គាល់ម៉ូតូនោះ បានដោយខ្លួនឯង ដោយមិនចាំបាច់ឲ្យអ្នកទិញមានការ រត់ការដោយខ្លួនឯងដូចសព្វថ្ងៃនោះទេ ៕ អូន ធួក