ភ្នំពេញៈ យោងតាមគេហទំព័រ របស់ក្រសួងសារធារណការនិងដឹកជញ្ជូនផ្សាយឲ្យដឹង នៅថ្ងៃ ថ្ងៃអង្គារ ១រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នេះថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាននឹងកំពុងរៀបចំកំពង់ផែចំណតកាណូត ដឹកអ្នកដំណើរពី ព្រែកព្នៅ-ភ្នំពេញ និងក្រុងតាខ្មៅ ចំនួន១៥ទីតាំង ដើម្បីដោះស្រាយលើបញ្ហាការកកស្ទះចរាចរណ៍ នៅក្នងរាជធានីភ្នំពេញ ។
ក្នុងគេហទំព័រនោះបានបញ្ជាក់ថាទីតាំងមានដូចជា៖ ទី១- គល់ស្ពានព្រែកព្នៅត្រើយខាងកើត (កំពុងពិចារណា), ទី២- គីឡូម៉ែត្រលេខ៦, ទី៣-ខាងមុខឃ្លាំងសាំងឬស្សីកែវជាប់ នឹងទីលានប្រជាធិបតេយ្យថ្មី, ទី៤- ផែបណ្ដែតមុខផ្សាររាត្រី, ទី៥- កំពង់ចម្លងកោះពេជ្រ-អារីយ៍ក្សត្រ, ទី៦- ភូមិដើមចាន់ឬគល់ស្ពានក្បាលថ្នល់ខាងកើត, ទី៧- ចំណតរថយន្តចាក់អង្រែក្រោម, ទី៨- បាក់ខែង ត្រង់ផ្លូវបំបែកលី យ៉ុងផាត់, ទី៩- ទល់មុខផ្សារព្រែកលៀប (កំពង់ចម្លងព្រែកលៀប), ទី១០- ជាប់សណ្ឋាគារសុខាភ្នំពេញ, ទី១១- ភូមិកោះនរា, ទី១២- កំពង់ចម្លងក្តីតាកុយ, ទី១៣- កំពង់ចម្លងតាព្រហ្មមាត់ក្រសះ នៅខេត្តកណ្តាលវិញ, ទី១៤-មុខវត្តព្រែកសំរោងក្រុងតាខ្មៅ (កំពុងពិចារណា) និងទី១៥-កំពង់ចម្លងរោងចក្រក្តាបន្ទះផ្លូវត្រី ។
ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសារធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានជំរុញឲ្យអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ពន្លឿនគម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ពីរាជធានីភ្នំពេញ ទៅខេត្តកណ្ដាល ឲ្យបានមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខែ្មរខាងមុខ ។
យ៉ាងណា តាមគម្រោងសេវាកម្មដឹកអ្នកដំណើរតាមផ្លូវទឹករបស់ក្រសួងសារធារណការ និងដឹកជញ្ជូននេះ មាននាវាល្បឿនលឿនចំនួន ២០គ្រឿង ដែលក្នុងមួយគ្រឿងអាចផ្ទុកបនអ្នកដំណើរបាន ៩៩នាក់ នឹងត្រូវដាក់ឲ្យធ្វើចរាចរណ៍ចាប់ពីម៉ោង ៦ព្រឹករហូតដល់ម៉ោង ៨យប់ ទើបសម្រាក ៕ អូន ធួក
