ស្រ្តីខ្មែរមានប្តីកូរ៉េក្លាយជាម្ចាស់ជ័យលាភីកីឡាស្នូកឃ័រ២ឆ្នាំជាប់គ្នា នាំកិត្តិយសដល់កម្ពុជាល្បីល្បាញលើឆាកអន្ដរជាតិ

សេអ៊ូល៖លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានមានប្រសាសន៍ឲ្យដឹងថា  លោកស្រី សួង ភាវី ជនជាតិកម្ពុជារស់នៅប្រទេសកូរ៉េ បានក្លាយជាជ័យលាភីជើងឯកកីឡាស្នូកឃ័រ ប្រចាំសាធារណរដ្ឋកូរ៉េ ២ឆ្នាំជាប់គ្នា គឺឆ្នាំ២០១៦និងឆ្នាំ២០១៧។ លោកស្រី សួង ភាវី ជាជនជាតិកម្ពុជាមានស្រុកកំណើត​នៅក្រុងសួង ខេត្តត្បូងឃ្មុំ ដែលរៀបការស្វាមីជនជាតិកូរ៉េនិងរស់នៅលើទឹក​ដីកូរ៉េ៧ឆ្នាំមកហើយ។ លោកស្រីមានការអំណត់តស៊ូព្យាយាម និងជម្នះគ្រប់ឧបសគ្គ ដើម្បីជីវិតទទួលបានជោគជ័យ។

លោក ឡុង ឌីម៉ង់ បានបន្តថា ចាប់តាំងពីរៀនលេងកីឡាស្នូកឃ័រ តាមរយៈការបង្រៀន និងដោយមានការឧបត្ថម្ភគាំទ្រ ពីស្វាមីជាជនជាតិកូរ៉េ លោកស្រី សួង ភាវី បានទទួលពានរង្វាន់ចំនួន ៣៣គ្រឿង ក្នុងនោះបានទទួលជ័យលាភី ចំណាត់ថ្នាក់លេខ១ ចំនួន១០ដង លេខ២ ចំនួន១០ដង ហើយអ្វីដែលជារឿងគួរឲ្យមោទនភាព និងគួរឲ្យកោតសរសើរចំពោះ លោកស្រី ដែលសុខចិត្តមិនព្រមចូលជាសញ្ជាតិកូរ៉េ ដោយមូលហេតុតែមួយគត់ គឺចង់លើកស្ទួយកិត្យានុភាពជាតិខ្មែរឲ្យកម្ពុជា ក៏ដូចជាជនរួមជាតិ និងតំណាងកម្ពុជាក្នុងការប្រកួតលើឆាកអន្ដរជាតិផ្សេងៗ។

ក្នុងជំនួបសំណេះសំណាលជាមួយលោកស្រី សួង ភាវី នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ លោក បានថ្លៃងនូវការកោតសរសើរ និងបានជំរុញលើកទឹកចិត្តបន្ថែមទៀត ក្នុងនាមតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោយជាមួយគ្នានេះ លោកសន្យាថា នឹងសិក្សាពីនីតិវិធី និងស្នើសុំជំនួយពីក្រសួងការបរទេសកម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបញ្ចូលឈ្មោះ លោកស្រី សួង ភាវី ជាជម្រើសជាតិកម្ពុជាលើផ្នែកកីឡាស្នូកឃ័រ ដើម្បីផ្ដល់ឱកាសឲ្យលោកស្រីមានសិទ្ធពេញ លេងឲ្យតំណាងកម្ពុជា និងមានឱកាសប្រកួតលើឆាកអន្ដរជាតិទទួលជ័យជម្នះ​កាន់តែតែល្បីសម្រាប់កម្ពុជាយើង ៕ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *