យីហោអង្ករ«ម្លិះអង្គរ» ជាយីហោអង្ករប្រណីតកម្ពុជា

ភ្នំពេញៈនៅក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃ ចន្ទ-អង្គារ ៥-៦ កើតខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ ២២-២៣ ខែមករា ឆ្នាំ២០១៨ នេះកម្ពុជា បានសម្រេចយកអង្ករម្លិះដាក់ម៉ាក «ម្លិះអង្គរ» «MALYS ANGKOR» ដែលសហព័ន្ធស្រូវ​អង្ករចាត់ទុក ជាការបោះជំហានឆ្ពោះទៅមុខប្រកបដោយសុទិដ្ឋនិយមក្នុងការរួមចំណែក លើកស្ទួយវិស័យអង្ករកម្ពុជា ជាមួយរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួងពាណិជ្ជកម្ម និង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត តាមរយ:ការសម្ពោធម៉ាកវិញ្ញាតកម្មជាផ្លូវការក្នុងថ្ងៃនេះ។

មន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឲ្យដឹងថា ម៉ាកវិញ្ញាតកម្មអង្ករ «ម្លិះអង្គរ» នាពេលនេះ បានធ្វើឡើងមានរយ:ពេល ៨ឆ្នាំ បន្ទាប់ពីរាជ​រដ្ឋាភិបាលបានសម្រេចដាក់​ចេញនូវ​គោល​នយោបាយជំរុញផលិតកម្មស្រូវ និង ការនាំចេញ​អង្ករកម្ពុជា ក្នុងឆ្នាំ ២០១០ និង ការជួយជ្រោមជ្រែងយ៉ាងខ្លាំងពីសំណាក់ដៃគូ​អភិវឌ្ឍន៍ជា​ច្រើនក្នុងការរៀបចំម៉ាកវិញ្ញាតកម្ម ដែលអាចផ្តល់នូវទំនុកចិត្តដល់អ្នកប្រើប្រាស់អង្ករកម្ពុជា។ក្នុងការសិក្សាទីផ្សារជាច្រើនឆ្នាំ និងចាយថវិកាយ៉ាងច្រើនក្នុងពេលកន្លងមកនោះ នាំឲ្យមានលទ្ធផលនៅថ្ងៃនេះគឺ ការសម្ពោធម៉ាកអង្ករ «ម្លិះអង្គរ» «MALYS ANGKOR»ជាអង្ករក្រអូបប្រណីតរបស់កម្ពុជា ដែលមានសហព័ន្ធស្រូវអង្ករកម្ពុជាជាកម្មសិទ្ធិករ ក្រោយពីយើង ផលិតបាន រួចកិនកែច្នៃ សម្រាប់នាំចេញ ឬចែកចាយក្នុងទីផ្សារក្នុងស្រុកផងដែរ ហើយ​រាល់ការប្រើប្រាស់​​ម៉ាក«ម្លិះអង្គរ» «MALYS ANGKOR» គឺជាការធានាចំពោះមុខច្បាប់ថា អង្ករនោះជាផលិត​ផលកម្ពុជា យ៉ាងពិតប្រាកដ។

មន្រី្ររូបនេះបានឲ្យដឹងទៀតថា ម៉ាកអង្ករជាការទន្ទឹងរង់ចាំជាយូរមក ហើយ វាជាតម្រូវការចាំបាច់សម្រាប់ការធ្វើទីផ្សារ និង ការផ្តល់នូវទំនុកចិត្តសម្រាប់អ្នកប្រើប្រាស់។

កម្ពុជាបានចាប់យកឱកាសនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិជាផ្លូវការចាប់តាំងពីឆ្នាំ២០០៨ហើយបន្ទាប់ពីមើលឃើញនូវសក្តានុពលក្នុងនាំអង្ករចេញមានភាពរលូន រាជរដ្ឋាភិបាល​កម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយស្រូវអង្ករជាផ្លូវការក្នុងឆ្នាំ២០១០ ដែលកាល​នោះ បរិមាណនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិមានចំនួនជិត ៤០,០០០តោន ហើយ បរិមាណនាំចេញបានកើន៥ដង រហូតដល់២០០,០០០តោន​នៅឆ្នាំបន្ទាប់។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានបញ្ជាក់ថា នៅដំណាច់ឆ្នាំ ២០១៧ នេះ កម្ពុជា​បាន នាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិស្មើ៦៣ ប្រទេសក្នុងសកលលោក​បានចំនួនជាង ៦៣៥,០០០តោនឯណោះ៕ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *