អ្នកដោះមីនទាំងអស់នៅកម្ពុជាទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ

ភ្នំពេញ៖ ប្រតិបត្តិករដោះមីនទាំងអស់នៅកម្ពុជា មិនថាប្រតិបត្តិករនៅស៊ីម៉ាក់ ឬអង្គការដទៃទេឲ្យតែប្រតិបត្តិការដោះមីននៅកម្ពុជា ត្រូវតែទទួលបានការពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃដូចកម្មករ-កម្មការិនីដែរ។ នេះជាការ​បញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីនកម្ពុជា ក្នុងឱកាសសម្ដេចបន្តជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីមកពី ១៥រោងចក្រ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នាព្រឹកថ្ងៃ ពុធ ៧  កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ។

សម្តេចតេជោបានលើកឡើងថា ដោយសារយល់ឃើញថា កម្លាំងប្រតិបត្តិករដោះមីន ជាកម្លាំងស្នូលមួយក្នុងការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា ប៉ុន្តែបើកម្លាំងទាំងនេះមានបញ្ហាសុខភាព ឬមានសុខភាពមិនល្អនោះទេ ដំណើរការប្រតិបត្តិការដោះមីននៅកម្ពុជា នឹងមានការយឺតយ៉ាវមិនខាន ដូច្នេះរាជរដ្ឋាភិបាលត្រូវតែយកចិត្តទុកចំពោះសុខភាពពួកគាត់ គឺត្រូវតែធ្វើឲ្យបានដិតដល់បំផុត ហើយបញ្ហានេះក៏មានការស្នើសុំរួចហើយ ពីសំណាក់ប្រធានអង្គភាពស៊ីម៉ាក់។

សម្តេចតេជោបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងសំណូមពររបស់ប្រធានស៊ីម៉ាក់ ដែលស្នើសុំរាជរដ្ឋាភិបាលអនុញ្ញាតឲ្យប្រតិបត្តិករដោះមីននៅកម្ពុជា ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនោះ សម្ដេច បានប្រកាសអនុញ្ញាតតាមសំណើរបស់មជ្ឈមណ្ឌលស៊ីម៉ាក់ នៅថ្ងៃនេះតែម្ដង ដោយណែនាំទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ត្រូវសហការបំពេញការងារនេះ ជាមួយលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា ដោះស្រាយឲ្យបាន ។

សម្ដេចតេជោបានណែនាំបន្តថា ការអនុញ្ញាតឲ្យប្រតិបត្តិករដោះមីនទាំងអស់នៅកម្ពុជា ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ គឺត្រូវដាក់បញ្ចូលក្នុងមូលនិធិ​សមធម៌តែមួយជាមួយកម្មករ-កម្មការិនីផងដែរ ៕ ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *