ឈើរាប់ម៉ឺនដើម នឹងដីតំបន់ការពារជិត១ម៉ឺនហិកតានៅខេត្តមណ្ឌលគីរី កំពុងរង​កាប់បំផ្លាញដោយមេឈ្មួញ កែវ វុទ្ធី ?

​ខេត្តមណ្ឌលគិរី​៖​​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ចំណុច ព្រៃ​ខៀវ ភូមិ រ​វ៉ា​ក់ ឃុំ រ​យ៉ ស្រុក​កោះ​ញែកបាន​ប្រាប់ឲ្យដឹងថា​ក្នុង រយៈពេល​ជាង​មួយឆ្នាំ​មកនេះ​ពួកគាត់​តែងតែ​ឃើញ​មាន​ប្រជាជន​ធ្វើចំណាកស្រុក​មកពី​ខេត្ត​ផ្សេង ក្នុង​មួយថ្ងៃៗ​ចាប់ពី​១៥ ទៅ​២០​នាក់​បាន​ជិះ​រថយន្ដ និង​ម៉ូតូ​មាន​អមដោយ​ម៉ាស៊ីន​ត្រង់​សឺន័​រ(រណារយន្ត)កាំ​បិត​ ពូថៅ​គ្រប់ៗ​ដៃ​ចូលមក​ចំណុច​ខាងលើ​ដើម្បីកាប់រុករានបំផ្លាញព្រៃឈើ​យកធ្វើ​អាជីវ​កម្ម​ឲ្យមេ​ឈ្មួញ ឈ្មោះ កែវ វុទ្ធី​។​

ប្រភពបន្តថាការកាប់បំផ្លាញព្រៃឈើនៅចំណុចខាងលើនេះ ជាពិសេសនៅដីព្រៃតំបន់អភិរក្ស​ភ្នំព្រិចបានធ្វើឡើងដោយមានមេ​ឈ្មួញ ឈ្មោះ កែវ វុទ្ធី​ ជាអ្នកបញ្ជា ហើយមេឈ្មួញ ឈ្មោះ​កែវ វុទ្ធីនេះ មានជាប់ពាក់ពន្ធ័នឹងដិកាចាប់ខ្លួនពីតុលាការផងដែរ ។ មេ​ឈ្មួញម្នាក់នេះ​​បានដាក់កូនចៅនៅកន្លែងដីទាំងនោះដើម្បីកាប់ឆ្ការព្រៃនិងដើមឈើធំៗយកទៅលក់បន្តដែលក្នុងនោះមានទី១-ឈ្មោះ សេង ទូច ទី២-ឈ្មោះលេះ គិន ទី៣-ឈ្មោះ ស៊ឹម ផ្លី ទី៤-ឈ្មោះ ម៉ៅ ពិកា ទី៥-ឈ្មោះ ស្រី ម៉ាស់ ទី៦- ឈ្មោះ ស្រី ប្រីយ។ មនុស្សទាំង៦​នាក់​នេះ​កំពុង​សស្រាក់សស្រាំដាក់កូនឈ្នួលលមានម៉ាស៊ីនត្រង់សឺន័រ កាំបិត ពូថៅ ចូលកាប់រាន​ព្រៃនិងដើមឈើយ៉ាងរង្គាល។ជាមួយគ្នានេះដែរគេ​ឃើញ​មេ ឈ្មួញឈ្មោះ កែវ វុទ្ធី បានចាត់​ចែង​មនុស្ស​ជំនិត​ក្រោម​ឱ​វាទ​របស់គាត់មាន​គ្នា​៦​នាក់​ផ្សេងទៀត​ដើម្បី​ឲ្យ​ដើរ​វាស់វែង​ដី និង​កត់​ឈ្មោះ​ប្រមូលប្រាក់​ពី​ប្រជាពលរដ្ឋ​មកពី​ទី​ឆ្ងាយដែលទិញដី​នោះ​។ ចំណែក​នៅ​ជំរុំ​របស់គាត់​មាន​មនុស្ស​ចំនួន​១៤​គ្រួសារ​បានទទួល​បង្កាន់ដៃ​កាន់កាប់​ដី (ចុងសន្លឹក)​គ្រប់គ្នា​ដែលមាន​ក្បាលដី​ទទឹង​៥០​ម៉ែត្រ​បណ្តោយ ១០០០​ម៉ែត្រ​រួចទៅហើយ ដោយ​ម្នាក់​តម្រូវ​ឲ្យ​បង់​លុយមួយ​លាន​រៀល​មុន​​។ ទាំងនេះនៅមិនទាន់គិតពី គ្រួសារ​ខ្លះ​បង់លុយ​ឲ្យទៅ​លោក កែវ វុទ្ធី ចាប់ពី​៧០០​ដុល្លារ​ទៅ​១៥០០​ដុល្លារ យកដី​តាម​ដី​មុខ ឬ​ដី​ក្រោយ​។

​បើតាម​សំដី​របស់​លោកពូ ស្រេ​ន ស្លេះ អាយុ​៥៨​ឆ្នាំ រស់​តំបន់​ភូមិ​ខាងលើ​បាន​រៀបរាប់ថា ប្រជាជន​ដែល​រស់នៅ​កាប់​រាន​ដី​ដំបូង​មាន​ចំនួន​២៥១​គ្រួសារ តែ​មកដល់​បច្ចុប្បន្ននេះ​ត្រូវបាន​អាជ្ញាធរ​ដេញ​ចេញពី​កន្លែង​រស់នៅ​របស់​ពួកគាត់​អស់​រយៈ​ពីរ​ឆ្នាំ​មកហើយ​។ គាត់​បាន​បន្តថា បើសិនជា​ដី​ទាំងនេះ​យក​ជា​សម្បត្តិ​រដ្ឋ​នោះ​ពួកគាត់​មិនតូច​ចិត្ត​ទេ តែ​ផ្ទុយទៅវិញ​ដី​ចំណុច​នោះ​ត្រូវបាន​លេចចេញ​មនុស្ស​ថ្មី មក​ដើរតួ​ជា​មេខ្យល់កៀងគរ​ប្រជាពលរដ្ឋ​ថ្មីៗ​មក​ពីចម្ងាយ​ដើម្បីប្រមូលប្រាក់​ដាក់​ហោប៉ៅខ្លួនឯង​រួច​ចេញ​លិខិត​ក្លែងក្លាយ​បន្លំ​បោកប្រាស់​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ឆ្ងាយៗ​មាន​ទៅដល់​៥៨៩​គ្រួសារ​ឯណោះ​។

ពួកគាត់​បញ្ជាក់ថា ឈ្មោះ កែវ វុទ្ធី នេះ​កាលពី​ឆ្នាំ​កន្លងទៅ​ក៏​ធ្លាប់​អាជ្ញាធរខេត្ត​ស្ទឹងត្រែង​ចាប់​ដាក់ពន្ធនាគារ ម្ដង​រួចមកហើយ​ដោយសា​តែ​ដើរ​ឆបោក​ប្រជាពលរដ្ឋ​បែបនេះ ​។

​ជុំវិញ​ករណី​ខាងលើនេះ​លោក ឈួន សិរី​វឌ្ឍន៍ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែ​កបាន​ប្រាប់​តាម​ទូរស័ព្ទ​ឲ្យ​ដឹងថា លោក​បានទទួល​ព័ត៌មាន​នេះដែរ ហើយ​លោក​ក៏បាន​ដឹកនាំ​កម្លាំង​ចុះទៅ​រក​ចាប់​បុគ្គល​នោះ​ពីរលើក​មកហើយដែរ តែ​ដោយ​ការចុះទៅ​ដល់បុគ្គលនេះដឹងខ្លួន​ទាន់​រត់​គេចបាត់។ អី​ឡូ​វនេះ​លោក​បានទទួល​ព័ត៌មាន​ថ្មី​ថាមានករណីនេះកើតឡើងម្តងទៀត ដូច្នេះលោកនឹង​រាយការណ៍​ទៅ​ថ្នាក់លើ​ចុះទៅ​បង្រ្កាបក្នុងពេលឆាប់ៗ​នេះដោយ​មិន​ឲ្យ​បុគ្គល​នោះ​ធ្វើ​អ្វី​តាមតែ​ចិត្ត​នោះឡើយ ។

យ៉ាងណាភ្នាក់ងារកាសែតនគរវត្ត មិនអាចសុំការបញ្ជាក់ពីមេឈ្មួញឈ្មោះ កែវ វុទ្ធី បានទេ កាលពីរសៀលថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញនេះ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *