កាកបាទក្រហមកម្ពុជា ប្រគល់រថយន្តសង្គ្រោះ និងរទេះជនពិការ ជូនសាខាទាំង២៥រាជធានី/ខេត្ត

ភ្នំពេញៈ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានប្រគល់រថយន្តសង្គ្រោះបន្ទាន់១គ្រឿង​ ដល់សាខាកាក​បាទក្រហមខេត្តសៀមរាប​ និង១គ្រឿងទៀត​ ដល់ខេត្តស្វាយរៀង​ ព្រមទាំងប្រគល់​រទេះពិការ​ចំនួន​ ៥៥០គ្រឿង​ ជូនដល់សាខាកាកបាទក្រហម ទាំង​២៥រាជធានី-ខេត្ត ផងដែរ ។

ពិធីនេះបានប្រព្រឹត្តទៅកាលពីព្រឹក ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧​ ខែកុម្ភៈ​ ឆ្នាំ២០១៨នេះ ស្នាក់ការកាកបាទក្រហមកម្ពុជា មានទីតាំង សង្កាត់​ទឹក​ល្អក់៣ ខណ្ឌទួលគោក ។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានផ្តល់រទេះពិការចំនួន​ ៥៥០គ្រឿង​ ដែលជា​អំណោយរបស់ក្រុមហ៊ុន​  Salient Ventures Holiday Co.Ltd. ដល់សាខាកាកបាទក្រហម​នីមួយៗ គឺសម្រាប់យកទៅចាត់ចែងជូនដល់ជនពិការ​ ដែលជាអ្នកងាយរងគ្រោះ​បំផុតឲ្យបាន​ទាន់ពេលវេលា ដោយមិនមានការរើសអើង ប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ។​

ដោយឡែក​ ចំពោះរថយន្តសង្រ្គោះបន្ទាន់ចំនួន​២គ្រឿង​ ជាអំណោយរបស់កាកបាទក្រហមចិន​ ដែលផ្តល់ជូនសាខាកាកបាទក្រហមខេត្តសៀមរាប​ និងខេត្តស្វាយរៀង​ គឺដើម្បីជួយដល់ប្រជាពលរដ្ឋទៅតាមតម្រូវការជាក់ស្តែង​ និងដោយសារ​ សាខាខេត្តទាំង​២នេះ​ ជាដៃគូសហប្រតិបត្តិការជាមួយកាកបាទក្រហមចិន​ តាំងពីឆ្នាំ​២០១៤មកម្ល៉េះផងនោះ។

បន្ទាប់មកតំណាងសាខាកាកបាទក្រហមនានាដែលបានមកទទួលអំណោយនាពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់ខ្ពស់ចំពោះ​ប្រជាពលរដ្ឋជួបទុក្ខលំបាក ដោយបានផ្តល់នូវអំណោយមនុស្សធម៌ដល់សាខាកាកបាទ​ក្រហមខេត្ត-ក្រុង រាជធានី នូវសម្ភារដូចខាងលើ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ ចាំបាច់៕ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *