ខែមីនាដល់​ខែមិថុនា ឆ្នាំ២០១៨ កម្ពុជាមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពេញ​ផ្ទៃ​ប្រទេសដោយរង​នូវ​ឥ​ទិ្ធ​ពល​បាតុភូត ឡា​នី​ណា

 ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បាន​តាមដាន និង​ព្យាករ​លើ​ស្ថានភាព​អាកាសធាតុ​យ៉ាងយកចិត្តទុកដាក់ ហើយបានជូនដំណឹងនៅ​ព្រឹកថ្ងៃ ព្រហស្បតិ៍ ១៥  កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃទី១ ខែ​មីនា ឆ្នាំ២០១៨នេះថា ការព្យាករណ៍ ស្ថានភាព​អាកាសធាតុ​លើក​ទី១ សម្រាប់​រដូវប្រាំង និង​ដើមរដូវ​វស្សា ឆ្នាំ២០១៨ ដោយ​ចាប់ពី​ខែមីនា ដល់​ខែមិថុនា ឆ្នាំ២០១៨ កម្ពុជា​នឹងទទួលរង​នូវ​ឥ​ទិ្ធ​ពល​ពិ​បាតុភូត ឡា​នី​ណា (La Nina) នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ពេញ​ផ្ទៃ​ប្រទេស។

ក្នុងសេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក នេះបានបញ្ជាក់ថា បាតុភូត​សកល យោងតាម​ការពិនិត្យ​លើ​ស្ថានភាព​នៅលើ​ផ្ទៃ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច ខាងលិច និង​សមុទ្រ​ចិន​ខាងត្បូង (ក្បែរ​ខ្សែ​អេក្វាទ័រ) បាន​បង្ហាញថា ចាប់ពី​ខែមីនា ដល់​ខែមិថុនា ឆ្នាំ២០១៨ កម្ពុជា នឹង​ទទួលរង​នូវ​ឥ​ទិ្ធ​ពល​ពិ​បាតុភូត ឡា​នី​ណា (La Nina)។ សម្រាប់​ការវិភាគ​ទៅលើ​របាយ​ទឹកភ្លៀង និង​កម្រិត​សីតុណ្ហភាព បាន​បង្ហាញថា ចាប់ពី​ខែមីនា ដល់​ខែមិថុនា ឆ្នាំ២០១៨ ទឹកភ្លៀង​នឹង​ធ្លាក់​រាយប៉ាយ​ច្រើន ជាង​មធ្យម​ភាគច្រើន​ឆ្នាំ រីឯ​សីតុណ្ហភាព​អាច​នឹងមាន​ស្ថានភាព​ទាប​ជាង​មធ្យម ភាគច្រើន​ឆ្នាំ។

សម្រាប់​ដើមរដូវ​វស្សា ចាប់ពី​ខែឧសភា និង​ខែមិថុនា ឆ្នាំ២០១៨ នឹង​ចាប់ផ្តើម​នៅ​ដើម​សប្តាហ៍​ទី១ នៃ​ខែឧសភា ៖
* តំបន់​ទំនាប​កណ្តាល អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន
* តំបន់​ខ្ពង់រាប អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន
* តំបន់​មាត់សមុទ្រ អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ច្រើន

បាតុភូតធម្មជាតិ នៅក្នុង​ខែមេសា ខែឧសភា និង​ខែមិថុនា ឆ្នាំ២០១៨ អាច​នឹងមាន​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន ពិសេស​នៅ​តំបន់​ទំនាប​កណ្តាល ប៉ុន្តែតិជាង ឆ្នាំ២០១៧ ៕ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *