ក្រុម ISIS បានបើកការបាញ់សម្លាប់មនុស្ស ក្នុងទីផ្សារ​ទំនើបមួយ នាភាគខាងត្បូង​ប្រទេសបារាំង

ប៉ារីស៖ បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨ ថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារ ស្លាប់មនុស្សចំនួន ៣នាក់ និងរបួស​មួយចំនួនទៀត នៅក្នុងទីផ្សារ​ទំនើបមួយ នាភាគខាងត្បូង​ប្រទេសបារាំង កាលពីថ្ងៃសុក្រម្សិលមិញនេះ ហើយត្រូវបានអាជ្ញាធរអះអាងថា ខ្មាន់កាំភ្លើងជាអ្នកស្មោះស្ម័គ្រនឹងក្រុម ISIS។

នេះជាការវាយប្រហារ​ធំបំផុតមួយ សម្រាប់ឆ្នាំ២០១៨នេះ បន្ទាប់ពីការវាយប្រហារ​ដ៏កក្រើក​កាលពីខែតុលា ឆ្នាំ២០១៧ ខណៈដែលបារាំងតែងតែបង្កើតការរឹតបន្តឹងសន្តិសុខ​ខ្ពស់​បំផុត ដើម្បីបង្ការកុំឲ្យភេរវករមានឱកាស ឆ្លៀតបង្កភេរវកម្ម។ ប៉ូលិសបារាំងត្រូវបាន​ផ្តល់សិទ្ធិពិសេស ឲ្យធ្វើការស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យ ដោយមិនចាំបាច់​មានការ​បញ្ជាពីតុលាការនោះឡើយ។

ប៉ូលិសនិយាយថា ខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារ សម្លាប់ពលរដ្ឋបារាំងម្នាក់ នៅភាគខាងត្បូងប្រទេសនោះ គឺមាន​ឈ្មោះថា Redouane Lakdim ដែលពី​ដំបូងឡើយរូបគេ​បានប្លន់យករថយន្តមួយ កាលពីព្រឹថ្ងៃសុក្រ នៅទីក្រុង Carcassone ភាគខាងត្បូងបារាំង ដោយបាញ់សម្លាប់​អ្នកដំណើរក្នុងរថយន្ត​តាក់ស៊ីនោះ និងបង្ក​អ្នកបើកបរ​របួស។

ហេតុការណ៍​បន្ទាប់មកទៀត គឺ Lakdim បានធ្វើការបាញ់រះ​ទៅលើមន្ត្រីប៉ូលិស រួចក៏បន្ត​បើកបររថយន្ត​ពីរទៅបីគីឡូម៉ែត្រ ទៅកាន់តំបន់ Trebes និងឆ្ពោះទៅ​កាន់ផ្សារទំនើប Super-U នៅម៉ោង ១១៖០០នាទីព្រឹកថ្ងៃដដែល។ ក្នុងការសម្រុកចូល​ផ្សារ​ទំនើប ខ្មាន់កាំភ្លើង​មានដើមកំណើត​ម៉ូរ៉ូកូនេះ បានយកស្ត្រីម្នាក់ធ្វើចំណាប់​ខ្មាំង ប៉ុន្តែជា​ចុងក្រោយ​ខ្មាន់​កាំភ្លើងនេះ ត្រូវបានប៉ូលិសបាញ់ចំក្បាលផ្តាច់​ជិវិតតែម្តង ខណៈដែលខ្មាន់​កាំភ្លើងរូបនេះ បានបាញ់សម្លាប់​មនុស្ស ០២នាក់ហើយ​ក្នុងផ្សារ។

ក្រោយពីការ​វាយប្រហារក្រុម ISIS បានចេញមុខ​អះអាងថា ខ្លួនជាអ្នកនៅពីក្រោយ​រឿងនេះ ហើយប្រធានាធិបតី​បារាំង លោក ម៉ាក្រុង ក៏បានបញ្ជា​ឲ្យប៉ូលិស បើកការ​ស៊ើបអង្កេត​លម្អិតផងដែរ ដើម្បីស្វែង​រកឬសគល់ និងអ្នក​ពាក់ព័ន្ធ។ ដោយឡែកមនុស្ស​ស្លាប់​សរុប​មានចំនួន ៤នាក់ គឺខ្មាន់កាំភ្លើងម្នាក់ និងប្រជាជនស្លូតត្រង់ ៣នាក់ ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *