អតីតយុទ្ធជនតៃវ៉ាន់ប៉ះទង្គិចជាមួយប៉ូលីសក្នុងការតវ៉ារឿងប្រាក់សោធននិវត្តន៍

អតីតយុទ្ធជនយោធាតៃវ៉ាន់ កាលពីថ្ងៃទី២៥ ខែមេសាបានប៉ះទង្គិចជាមួយកម្លាំងប៉ូលីស នៅពេលដែលពួកគេព្យាយាមលុកលុយអគាររដ្ឋសភា ក្នុងអំឡុងពេលតវ៉ាជាបន្តបន្ទាប់ចុងក្រោយបំផុតដើម្បីប្រឆាំងគម្រោងកាត់បន្ថយប្រាក់សោធននិវត្តន៍ ។

មនុស្សរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅច្រក ចេញ-ចូលសំខាន់របស់អគារនីតិប្បញ្ញត្តិតៃវ៉ាន់ ហើយអ្នកខ្លះបានបោះគ្រាប់បែកផ្សែង និងដបទឹកសុទ្ធទៅលើប៉ូលីសដែលការពារអគារនេះ នៅកណ្តាលទីក្រុងតៃប៉ិ។

រូបភាពនៅផ្សព្វផ្សាយតាមបណ្តាញទូរទស្សន៍បានបង្ហាញថា ក្រុមបាតុករបានព្យាយាមដោយឥតបានការ ដើម្បីបោះក្ដារមឈូសឈើទទេចូលទៅក្នុងបរិវេណនៃអគាររដ្ឋសភា។

លោក Wu Chih-chang ប្រធានសម្ព័ន្ធ Blue Sky Action ដែលបានរៀបចំការតវ៉ានោះបាននិយាយថា: “តើរដ្ឋាភិបាលអាចកាត់ផ្តាច់ដោយរបៀបណា (ប្រាក់សោធនរបស់យើង) ដោយគ្មានការយល់ព្រមរបស់យើង? រដ្ឋាភិបាលគឺអន់ណាស់ គ្មានតម្លាភាព និងអយុត្តិធម៌!”

យោងតាមប៉ូលិសបានឲ្យដឹងថា ក្រុមអ្នកតវ៉ាប្រហែល៦៣ នាក់ត្រូវបាននាំខ្លួនចេញ បន្ទាប់ពីពួកគេបានឡើងតាមទ្វាររបងអគាររដ្ឋ ។ អ្នកផ្សេងទៀតបានព្យាយាមទាញទម្លាក់ទ្វារដោយប្រើខ្សែ និងច្រវាក់។

ប៉ូលិសបាននិយាយថា របាំងខ្លះនៅខាងក្រៅបរិវេណអគាររដ្ឋសភាត្រូវបានបំផ្លាញដោយក្រុមបាតុករ ខណៈដែលមន្រ្តីសន្តិសុខ៣២នាក់ និងអ្នកកាសែត១១នាក់បានរងរបួស ។

សេចក្តីថ្លែងការណ៍របស់ស្នងការប៉ូលិសក្រុងតៃប៉ិ​បានឲ្យដឹងថា «យើងថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពហិង្សាដ៏ធ្ងន់ធ្ងររបស់ក្រុមប្រឆាំង និងក្រុមសោធន ហើយយើងប្តេជ្ញាចិត្តស៊ើបអង្កេត (អំពើហិង្សា) …នេះ យើងសូមជំរុញសាធារណជនឱ្យប្រើប្រាស់មធ្យោបាយសន្តិភាព និងសមហេតុផលដើម្បីបង្ហាញពីទស្សនៈរបស់ពួកគេ និងមិនបំពានច្បាប់ទម្លាប់ ” ។

សហព័ន្ធបណ្តាញផ្សព្វផ្សាយតៃវ៉ាន់ក៏បានថ្កោលទោសចំពោះអំពើហិង្សានេះផងដែរ។ សេចក្តីថ្លែងការណ៍មួយរបស់សហព័ន្ធបានឲ្យដឹងថា “អ្នកកាសែតជាច្រើននាក់បានរងរបួស ហើយគ្រឿងបរិក្ខាររបស់ពួកគេត្រូវបានបំផ្លាញ … ក្រុមអ្នកតវ៉ាបានប្រើអំពើហិង្សាដោយចេតនា និងបានធ្វើឱ្យមានរងរបួសស្នាម” ។

ក្រុមបាតុករមួយចំនួនបានប្តេជ្ញាក្រាញ់ននៀលរហូតដល់យប់ ខណៈដែលរដ្ឋសភាគ្រោងពិនិត្យពិភាក្សាលើសេចក្តីព្រាងកំណែទម្រង់សោធន សម្រាប់អតីតយុទ្ធជនយោធា នៅព្រហស្បតិ៍ ។

សំណើកាត់បន្ថយប្រាក់សោធនសម្រាប់អតីតយុទ្ធជន គឺជាផ្នែកមួយនៃការកាត់បន្ថយដ៏ធំដុំរបស់តៃវ៉ាន់ បង្កឱ្យមានបាតុកម្មតាមដងផ្លូវធំៗ ព្រមទាំងការប៉ះទង្គិចគ្នានៅខាងក្នុងសភាក្នុងចំណោមសមាជិកសភាថែមទៀតផង ។

កាលពីខែកុម្ភៈ ការធ្វើបាតុកម្មប្រឆាំងតវ៉ារបស់ក្រុមអតីតយុទ្ធជនបានបញ្ចប់ទៅវិញ ដោយអំពើសោកនាដកម្ម ពេលដែលអតីតវរសេនីយឯកម្នាក់ បានដួល ខណៈកំពុងឡើងជញ្ជាំងហើយក្រោយមកបានស្លាប់នៅក្នុងមន្ទីរពេទ្យ។

កាលពីសប្តាហ៍មុន អ្នកតាក់តែងច្បាប់បានជះកំហឹងដោយសម្តីធ្ងន់ៗដាក់គ្នានៅក្នុងសភា ខណៈដែលសេចក្តីព្រាងច្បាប់ ដែលស្នើឡើងដោយគណៈរដ្ឋមន្ត្រីនោះកំពុងត្រូវបានពិភាក្សាពិចារណាជាលើកដំបូង ។ ខាងគណបក្សប្រឆាំង Kuomintang ទាមទារឱ្យលោកស្រីប្រធានាធិបតី Tsai Ing-wen សុំទោសចំពោះអតីតយុទ្ធជន ។

ប្រតិកម្មប្រឆាំងនឹងការកាត់បន្ថយប្រាក់សោធននេះគឺជាបញ្ហាប្រឈមដ៏ចម្បងមួយរបស់លោកស្រី Tsai ដែលត្រូវបានគេមើលឃើញថា ធ្លាក់ចុះប្រជាប្រិយភាពចាប់តាំងពីការបោះឆ្នោតកាលពី២ឆ្នាំមុន ។

លោកស្រីបានថ្កោលទោសការប៉ះទង្គិចគ្នាកាលពីថ្ងៃពុធ ប៉ុន្តែបានប្តេជ្ញាថា នឹងមិនផ្លាស់ប្តូរគោលជំហរនោះទេ។ សេចក្ដីថ្លែងការណ៍មួយពីខុទ្ទកាល័យរបស់លោកស្រីប្រធានាធិបតីបានឲ្យដឹងថា “រដ្ឋាភិបាលនឹងមិនចុះញមចំពោះអំពើហិង្សានេះទេ ហើយនឹងបន្តការងាររហូតដល់បញ្ចប់កំណែទម្រង់ ។

អ្នកតាក់តែងច្បាប់បានអនុម័តសេចក្តីព្រាងកំណែទម្រង់សោធននិវត្តន៍ដាច់ដោយឡែក កាលពីខែមិថុនា ឆ្នាំមុន ដែលបានតម្រង់គោលដៅលើមន្រ្តីរាជការស៊ីវិល ខណៈដែលរដ្ឋាភិបាលបានព្រមានថា ខ្លួនមិនអាចមានលទ្ធភាពដោះស្រាយកិច្ចសន្យាអនុគ្រោះរបស់ខ្លួននោះឡើយ ។

លោកស្រី Tsai បានទទួលស្គាល់នៅក្នុងបទសម្ភាសតាមទូរទស្សន៍មួយកាលពីដើមខែនេះថា ការធ្វើកំណែទម្រង់បានធ្វើឱ្យមនុស្សជាច្រើននាក់ខកចិត្ត ប៉ុន្តែវាបានឈរនៅលើផែនការមួយធ្វើឱ្យប្រព័ន្ធសោធននិវត្តន៍មាននិរន្តរភាព ។

គម្រោងប្រាក់សោធននិវត្តន៍របស់កោះតៃវ៉ាន់មានលក្ខណៈខុសៗគ្នាសម្រាប់មុខរបរផ្សេងគ្នា ហើយអ្នកចូលនិវត្តន៍ក្នុងវិស័យសាធារណៈ តែងតែទទួលបានកញ្ចប់ថវិកាច្រើនជាងកម្មករមកពីវិស័យផ្សេងទៀត។

រដ្ឋាភិបាលបានព្រមានថា មូលនិធិសោធននិវត្តន៍ជាច្រើនអាចនឹងក្ស័យធននៅដើមឆ្នាំ 2020 ប្រសិនបើប្រព័ន្ធនេះមិនត្រូវបានកែទម្រង់ ៕ សុរ្ម័ន

Leave a Reply

Your email address will not be published. Required fields are marked *