សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីខ្ពង់ខ្ពស់ពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល»

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍សំខាន់ៗ ថា

សមិទ្ធផលដែលកាកបាទក្រហមកម្ពុជាសម្រេចបាន គឺបានមកពីការរួមសាមគ្គីនៃកម្លាំងមហាជន។ហូបផ្លែឈើត្រូវនឹកដល់អ្នកដាំ។ ក្នុងន័យនេះ សម្តេចចង់រំលឹកដល់ព្រះរាជបូជនីយកិច្ចរបស់ អតីតព្រះមហាក្សត្រខ្មែរ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានបង្កើតកាកបាទក្រហមកម្ពុជា និងបានប្រឹងប្រែងលះបង់អស់ព្រះកាយពល ដើម្បីបុព្វហេតុមនុស្សធម៌។

*សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វាជាមោទនភាពសម្រាប់កូនខ្មែរ ដែលបានបន្តរក្សាមរតករបស់អតីតព្រះមហាក្សត្រខ្មែរ។ សម្តេច ក៏បានកោតសរសើរចំពោះចលនាមហាជនកាន់តែច្រើនឡើង ដែលបានចូលរួមក្នុងសកម្មភាពកាកបាទក្រហមកម្ពុជា។

ការដាក់ចេញប្រធានបទ «កាកបាទក្រហមកម្ពុជាមាននៅគ្រប់ទីកន្លែង មានសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល» គឺជាប្រធានបទមួយដ៏ត្រឹមត្រូវ ព្រោះថា ជនរងគ្រោះមិនមែនមានតែនៅទីក្រុង ឬទីជនបទនោះទេ តែមាននៅគ្រប់ទីកន្លែងទាំងអស់ ដែលទាមទារឲ្យមានការជួយពីកាកបាទក្រហម។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា កាកបាទក្រហមកម្ពុជាគ្រប់រូប បន្ទាប់ពីថវិកាសប្បុរសសម្រាប់កាកបាទក្រហមពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើង ដែលការកើនឡើងនេះដោយសារតែការ មានជំនឿចិត្តចំពោះកាកបាទក្រហមកម្ពុជា ប្រើប្រាស់ថវិកាមានប្រសិទ្ធភាព និងចំគោលដៅ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្ញប់ស្ញែងផងដែរចំពោះសប្បុរសជននានា រួមអ្នកទាំងវិនិយោគមកពីក្រៅប្រទេសផងដែរ ដែលបានបរិច្ចាគថវិការបស់ខ្លួន ជួយទ្រទ្រង់ដល់សកម្មភាព កាកបាទក្រហមកម្ពុជា។ សម្តេចតេជោ បានយល់ឃើញថា ការសម្រេចបរិច្ចាគនេះ ក៏ដោយសារតែអ្នកមានទ្រព្យធនធាននេះធ្លាប់ឆ្លងកាត់ការលំបាកគ្រាប្រទេសជួបវិបត្តិភ្លើងសង្គ្រាម។

ក្នុងឱកាសនោះ កាកបាទក្រហមកម្ពុជា បានទទួលចំនួយពីសប្បុរសជននានា ជិត ១៩លានដុល្លារផងដែរ ៕  ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *