ភ្នំភ្លើងហ្គាតេម៉ាឡា៖ ជិត២០០នាក់នៅបាត់ខ្លួន និង៧៥នាក់បាត់បង់ជីវិត

ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ី​បានផ្សាយកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ថា ជនរងគ្រោះយ៉ាងតិច​១៩២នាក់ កំពុងស្ថិតនៅបាត់ខ្លួន ខណៈដែល៧៥នាក់បានបាត់បង់ជីវិតដោយសារតែការផ្ទុះភ្នំភ្លើងមួយ ឈ្មោះ Fuego ស្ថិតនៅក្នុងប្រទេស ហ្គាតេម៉ាឡា (Guatemala) តាំងពីថ្ងៃអាទិត្យមកនោះ ។

ភូមិឋានទាំងមូលត្រូវគ្របដណ្តប់ដោយផេះ និងភក់ភ្នំភ្លើងតែម្តង ។ សកម្មភាពរបស់ក្រុមជួយសង្គ្រោះកាលពីថ្ងៃអង្គារនេះបានត្រូវរំខាន់ដោយការផ្ទុះភ្នំភ្លើងនេះសារជាថ្មី លាយឡំដោយឧស្ម័នកាបូនិក និងជាតិដែករលាយចូលគ្នាបាញ់សាយភាយទៅភាគខាងត្បូងនៃភ្នំភ្លើងFuego នេះតែម្តង ។

ទីភ្នាក់ងារព័ត៌មានដដែលបានបន្តថា ការផ្ទុះភ្នំភ្លើងមួយដងនេះបានបង្កឲ្យមានពលរដ្ឋយ៉ាងតិច៣ពាន់នាក់​ត្រូវភៀសខ្លួនទៅរកទីកន្លែងមានសុវត្ថិភាព ។ ហេតុការណ៍នេះបង្កឲ្យមនុស្សប្រមាណ១លាន៧សែននាក់រងរបួសប៉ះពាល់ ។

ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ ទី៦ ខែមិថុនា នេះ នៅពេលដែលភ្នំភ្លើងបានចាប់ផ្តើមផ្ទុះឡើងសារជាថ្មីម្តងទៀត ។ ក្រុមអ្នកវិទ្យាភ្នំភ្លើងបានអះអាងថា ការផ្ទុះនេះមានកម្លាំងខ្លាំង បាញ់ផែះទៅលើលំហរអាកាសរហូតដល់ដល់ចម្ងាយ១០គីឡូម៉ែត្រឯណោះ ។ ប៉ុន្តែទោះបីយ៉ាងណា មន្ត្រីជំនាញអះអាងថា នៅពេលអនាគត គ្មានការផ្ទុះបែបនេះទៀតទេ ។

លោក Eddy Sanchez ប្រធានវិទ្យាស្ថានជាតិរញ្ជួយដីប្រទេសហ្គាតេម៉ាឡេ បានព្យាករណ៍ថា នឹងគ្មានការផ្ទុះឡើងបែបនេះទៀតទេនៅថ្ងៃប៉ុន្មានថ្ងៃខាងមុខ ។

ប្រជាពលរដ្ឋរងគ្រោះដោយហេតុការណ៍ខាងលើនេះម្នាក់ឈ្មោះ Boris Rodriguez និយាយថា មិនទាន់មាននរណាម្នាក់ហ៊ានវិលត្រឡប់ចូលទៅកាន់លំនៅឋានរបស់ខ្លួននៅឡើយទេរហូតមកដល់ពេលនេះ ។ គាត់អះអាងថា បានបាត់បង់មនុស្សជាទីស្រឡាញ់លើសពីម្នាក់ តែរយៈពេលមួយយប់ថ្ងៃអាទិត្យប៉ុណ្ណោះនៅក្នុងជីវិត ។ ប្រពន្ធ ប្អូនប្រុស ប្អូនថ្លៃ និងកូនៗរបស់គាត់ បានបាត់បង់ជីវិតដោយសារតែការផ្ទុះភ្នំភ្លើងនេះ ។

មិនថាតែក្រុមគ្រួសាររបស់លោក Boris នោះទេដែលរងគ្រោះ ប៉ុន្តែគ្រួសារដទៃទៀត ក៏មានការបាត់បង់សមាជិកគ្រួសារដែលកំពុងពេញស្រឡាញ់ផងដែរ ។ ភូមិទាំងមូលគ្រប់ដណ្តប់ដោយផែះ និងកម្អែរភ្នំភ្លើង។ ភូមិ El Rodeo ដែលនៅក្បែរខាងក៏រងគ្រោះខ្លាំងណាស់ដែរ ។

រហូតមកទល់ពេលនេះ បើតាមទីភ្នាក់ងារព័ត៌មាន AFP មន្ត្រីជួយសង្គ្រោះប្រទេសនេះប្រកាសថា មនុស្សជិត២០០នាក់កំពុងស្ថិតនៅបាត់ខ្លួន ។ មុនពេលភ្នំភ្លើងនេះផ្ទុះឡើងកាលពីថ្ងៃអាទិត្យ គឺគ្មានសេចក្តីប្រកាសឲ្យជម្លៀសប្រជាពលរដ្ឋចេញនោះឡើយ ។

សកម្មភាពផ្ទុះភ្នំភ្លើងកើតឡើងលឿនរហ័សពេក ប្រជាពលរដ្ឋមិនអាចភៀសខ្លួនភ្លាមៗទាន់ពេលបានឡើយ បើទោះបីអាជ្ញាធរធ្លាប់បានបណ្តុះបណ្តាលពីវិធីសង្គ្រោះបន្ទាន់យ៉ាងណាក៏ដោយ ។

ឧស្ម័នក្តៅនៃភ្នំភ្លើងនេះបានហូរហៀរចូលកាន់ភូមិដ្ឋានប្រជាពលរដ្ឋដែលនៅទីជម្រាលយ៉ាងឆាប់រហ័ស ជាពិសេសស្ថិតនៅភូមិ El Rodeo និង San Miguel Los Lotes ។ អ្នកស្រាវជ្រាវភ្នំភ្លើង Janine Krippner ថ្លែងថា ប្រជាពលរដ្ឋមិនគួរមើលស្រាលហានិភ័យពីលំហូរ និងរលកភក់ដែលឈ្មោះថា Lahars នៃភ្នំភ្លើងនេះឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *