ស្ត្រីសាវឌីអារ៉ាប៊ីទទួលបានលិខិតបើកបររថយន្តក្រោយរង់ចាំជាច្រើនទសវត្សរ៍

ព្រះមហាក្សត្រសាវឌីអារ៉ាប៊ីបានចាប់ផ្តើមអនុវត្តនូវការកែទម្រង់ថ្មី ក្នុងនោះ ផ្តល់លិខិតបើកបរដល់ស្ត្រី១០នាក់ដំបូងជាគំរូ ដើម្បីត្រៀមលក្ខណៈបើកបររថយន្តនៅថ្ងៃទី២៤ ខែមិថុនា ជាថ្ងៃដែលច្បាប់ហាមប្រាមស្ត្រីបើកបរត្រូវលុបចោលនៅទូទាំងប្រទេស។

ដូច្នេះស្ត្រី១០នាក់ដំបូងគេដែលមានបណ្ណបើកបររថយន្ត នឹងត្រូវបើកបង្ហាញជាសាធារណៈនៅថ្ងៃទី២៤ ខែមិថុនាខាងមុខ។ មន្ត្រីសាវឌីអារ៉ាប៊ី បានបញ្ជាក់ថា នឹងមានស្ត្រីប្រមាណជាង ២.០០០នាក់ នឹងទទួលបានបណ្ណបើកបររថយន្តស្របច្បាប់នៅប៉ុន្មានសប្តាហ៍ខាងមុខ ក្នុងពេលដែលមានស្ត្រីជាច្រើនកំពុងតែរៀនបើកបររថយន្ត។ ការដែលស្ត្រីបើកបរគឺជារឿងធម្មតាសម្រាប់ប្រទេសជាច្រើននៅលើពិភពលោក លើកលែងតែ សាវឌីអារ៉ាប៊ីប៉ុណ្ណោះ ហើយពេលនេះ បានអនុញ្ញាតឲ្យបើកបរហើយ។

ក្រុមសកម្មជនសាវឌីអារ៉ាប៊ីជាច្រើនឆ្នាំកន្លងមកបានអំពាវនាវ ឲ្យលុបចោលច្បាប់ហាមស្ត្រីបើកបរ ដែលជាផលលំបាកនៅក្នុងការធ្វើដំណើរទៅផ្សារ ឬក៏ដឹកកូនទៅរៀនជាដើម។ កាលពីខែកញ្ញា ឆ្នាំ២០១៧ រដ្ឋាភិបាលបានប្រកាសពីគម្រោងលុបចោលច្បាប់ហាមប្រាមខាងលើ ដែលជាការចាប់ផ្តើមនៃប្រវត្តិសាស្ត្រ ថ្មីសម្រាប់ស្ត្រីនៅក្នុងប្រទេសនេះ។

កាលពីឆ្នាំ២០១៧ រជ្ជទាយាទ សាលម៉ាន់ ដែលជាបុគ្គលមានឥទ្ធិពលបំផុតនៅសាវឌីអារ៉ាប៊ីបានឡើងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០៣០ ដោយក្នុងនោះបានជំរុញឲ្យស្ត្រីចូលរួមធ្វើការងារជាដើម ហើយការអនុញ្ញាតឲ្យស្ត្រីបើកបរ ក៏ជាផ្នែកមួយនៅក្នុងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ។

កាលពីសប្តាហ៍កន្លងមក រដ្ឋាភិបាលសាវឌីអារ៉ាប៊ីបានដោះលែងសកម្មជន៨នាក់ឲ្យមានសេរីភាព។ សកម្មជនទាំងនោះ គឺជាស្ត្រីដែលបានទាមទារសិទ្ធិបើកបរនៅក្នុងប្រទេសនេះ។

ក្រុមអ្នកវិនិយោគរំពឹងថា ជាមួយនឹងច្បាប់អនុញ្ញាតឲ្យស្ត្រីបើកបរ នោះនឹងមានរថយន្តរាប់សិបពាន់គ្រឿងលក់ដាច់នៅក្នុងរយៈពេលខ្លីក្រោយថ្ងៃទី២៤ ខែមិថុនា នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *